ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខ នៅមិនទាន់អាចវាស់វែងដី ចែកជូនប្រជាពលរដ្ឋចំនួន១៦៣ គ្រួសារ ទៅតាមការសម្រេចរបស់តុលាការនៅឡើយទេ ខណៈដែលមានមនុស្សពីរក្រុមកំពុងតែដណ្តើមគ្នាធ្វើជាតំណាង ដោយមានបញ្ជីឈ្មោះប្រជាពលរដ្ឋផ្សេងគ្នា។
លោក លី សាវេត អភិបាលខណ្ឌសែនសុខបានថ្លែងថា អាជ្ញាធរ បានអញ្ជើញអ្នកស្រី ជា សារ៉ុម រស់នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី អ្នកស្រី ហួយ តារាវី និងអ្នកស្រី ព្រីង សុជាតិ រស់នៅក្នុងភូមិរោងចក្រនេះដែរ ដែលសុទ្ធតែបានអះអាងថា ជាតំណាងពលរដ្ឋ១៦៣ គ្រួសារឲ្យនាំពលរដ្ឋ១៦៣ គ្រួសារ មកបង្ហាញមុខ នៅសាលាខណ្ឌ នៅថ្ងៃសុក្រ ដើម្បីឲ្យអាជ្ញាធរពិនិត្យមើលឈ្មោះពិតប្រាកដរបស់ពួកគាត់ ដូចមាននៅក្នុងបញ្ជី សម្រេចរបស់តុលាការកំពូល កាលពីឆ្នាំ ២០១១ និងដើម្បីឲ្យអាជ្ញាធរ អាចចាប់ផ្ដើមចែកដីដល់ពួកគាត់ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោក លី សាវេត បានបញ្ជាក់ថា ភាគីទាំងពីរ ដែលសុទ្ធតែអះអាងថា ជាតំណាងប្រជាពលរដ្ឋ ពួកគេមានបញ្ជីឈ្មោះអ្នកភូមិ ដាច់ឡែកពីគ្នា ដោយអះអាងថា ពួកគេជាជនរងគ្រោះ និងមានឈ្មោះ នៅក្នុងការសម្រេចរបស់តុលាការកំពូល។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖«ដើម្បីរកការពិតនៅក្នុងរឿងនេះ យើងបានអញ្ជើញឲ្យភាគីទាំងពីរ នាំពលរដ្ឋខ្លួន មកបង្ហាញមុខ នៅសាលាខណ្ឌសែនសុខ ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យយើងអាចពិនិត្យមើល និងធ្វើការប្រៀបធៀបឈ្មោះពួកគេ និងរាយការណ៍ទៅលោកអភិបាលក្រុង ដើម្បីធ្វើការសម្រេច»។
បើតាមលោកសាវេត កាលពីថ្ងៃចន្ទ ភាគីអ្នកស្រី ជា សារ៉ុម បាននាំពលរដ្ឋ៨២ គ្រួសារ ក្នុងចំណោម១៦៣ គ្រួសារ ទៅបង្ហាញមុខ នៅសាលាខណ្ឌរួចហើយ ហើយគាត់បានសន្យាថា នឹងនាំពលរដ្ឋនៅសល់ទាំងប៉ុន្មាន មកបង្ហាញមុខអាជ្ញាធរ នៅថ្ងៃសុក្រខាងមុខនេះ។ លោក លី សាវេត កំពុងរង់ចាំជួបនឹងក្រុមរបស់អ្នកស្រី ហួយ តារាវី និងអ្នកស្រី ព្រីង សុជាតិ ដើម្បីមើលបញ្ជីឈ្មោះពលរដ្ឋចំនួន១៦៣ នាក់។
លោក លី សាវេត បានថ្លែងថា៖«អាជ្ញាធរមិនចង់បាន ឬក៏យកដីធ្លីពីអ្នកភូមិទាំងនេះទេ តែយើងគ្រាន់តែចង់ជួយពួកគេឲ្យទទួលបានជម្រក ឬដីស្របច្បាប់»
អ្នកស្រី ជា សារ៉ុម អាយុ ៥៦ ឆ្នាំ បានឲ្យដឹងថា អ្នកស្រីបានដាក់ជូនបញ្ជីឈ្មោះពលរដ្ឋ១៦៣ គ្រួសារ និងឯកសារពាក់ព័ន្ធ ទៅអាជ្ញាធរខណ្ឌ តាំងពីឆ្នាំ២០០៥ មក តែចាប់តាំងពីតុលាការកំពូល បានសម្រេចឲ្យពលរដ្ឋឈ្នះក្ដី រហូតមកដល់ពេលនេះ អាជ្ញាធរ មិនទាន់បានចែកដីឲ្យពលរដ្ឋទាំង ១៦៣ គ្រួសារនេះនៅឡើយទេ។ អ្នកស្រីនិយាយពីថ្ងៃម្សិលមិញថា៖ «ខ្ញុំបានដាក់ជូននូវ«បញ្ជីឈ្មោះចាស់»នៃពលរដ្ឋទាំង១៦៣ គ្រួសាររបស់ខ្ញុំទៅលោកអភិបាលខណ្ឌម្ដងទៀតរួចហើយ ហើយក៏បាននាំពលរដ្ឋ៨២គ្រួសារទៅជួបលោកអភិបាលខណ្ឌ កាលពីថ្ងៃចន្ទផងដែរ»។ បើតាមអ្នកស្រី ជា សារ៉ុម នៅឆ្នាំ២០០៥ ពលរដ្ឋ ១៦៣ គ្រួសារ មានជម្លោះដីធ្លី ជាមួយអ្នកស្រី កែវ នៀម ហើយបានដាក់ពាក្យប្ដឹងទៅតុលាការទាំង៣ថ្នាក់។ តុលាការទាំង៣ ថ្នាក់ បានសម្រេចឲ្យអ្នកភូមិ ១៦៣ គ្រួសារឈ្នះក្ដី។ តុលាការកំពូល បានចេញសេចក្ដីសម្រេចចុះថ្ងៃទី ៧ មីនា ប្រគល់ដីទំហំ៩៩៩២ ម៉ែត្រការ៉េមកឲ្យពលរដ្ឋ១៦៣ គ្រួសារ។
អ្នកស្រីបន្ថែមថា កាលពីថ្ងៃទី៣ កក្កដា២០១២ តុលាការបានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីចុះវាស់វែងដី តាមការសម្រេចរបស់តុលាការកំពូលឲ្យពលរដ្ឋ១៦៣គ្រួសារ។
ចំណែក អ្នកស្រី ព្រីង សុជាតិ ដែលបានអះអាងថា ជាតំណាងថ្មីរបស់ពលរដ្ឋ បានថ្លែងថា ពលរដ្ឋ១៦៣គ្រួសារ បានបញ្ឈប់អ្នកស្រី ជា សារ៉ុម ពីតំណាងរបស់ពួកគាត់ហើយ។ មូលហេតុដែលពួកគាត់ បានសម្រេចបញ្ឈប់អ្នកស្រី សារ៉ុម ពីតំណាង ដោយសារតាំងពីតុលាការកំពូលបានសម្រេចឲ្យអ្នកភូមិទាំង១៦៣ នាក់ ឈ្នះក្ដីមក គាត់មិនបានទទួលស្គាល់អ្នកភូមិជាជនរងគ្រោះពិតប្រាកដទេ បែរជាចោទអ្នកភូមិថា ជាក្រុមអនាធិបតេយ្យទៀតផង។ អ្នកស្រី ជា សារ៉ុម ចង់គ្រប់គ្រង និងកាន់កាប់ដីនេះតែម្នាក់ឯង។ អ្នកស្រី សុជាតិ បន្តថា៖ «បញ្ជីឈ្មោះពលរដ្ឋទាំង១៦៣គ្រួសារដែលអ្នកស្រី សារ៉ុម បានរៀបចំនោះជាបញ្ជីឈ្មោះ និងឯកសារក្លែងក្លាយ»។
ទោះយ៉ាងណាក្ដី អ្នកស្រី ជា សារ៉ុម បានឆ្លើយតបចំពោះការចោទប្រកាន់របស់ក្រុមអ្នកស្រី ព្រីង សុជាតិ វិញថា បញ្ជីឈ្មោះពលរដ្ឋទាំង១៦៣ គ្រួសារ ដែលអ្នកស្រី ព្រីង សុជាតិ និងអ្នកស្រី ហួយ តារាវី បានរៀបចំនេះ គឺទើបតែធ្វើនៅឆ្នាំ ២០១២ នេះប៉ុណ្ណោះ ហើយបញ្ជី និងឯកសារទាំងនោះ ត្រូវបានរៀបចំឡើងដោយអភិបាលរងខណ្ឌ សែនសុខ លោក ម៉ូវ ម៉ានិត ដើម្បីយកដីទៅលក់ឲ្យក្រុមហ៊ុនគីមហាប់។
លោក ម៉ូវ ម៉ានិត មិនអាចទាក់ទងសុំការអធិប្បាយបានទេពីថ្ងៃម្សិលមិញ៕ PN

