រៀងរាល់ថ្ងៃបុណ្យណូអែលការជូននូវវត្ថុអនុស្សាវរីយ៍ឬនំសូកូឡាឲ្យគ្នាទៅវិញទៅមក បានក្លាយទៅជាទម្លាប់ទៅហើយ។ ដូច្នេះ សម្រាប់ដំណាច់ឆ្នាំនេះ នំសូកូឡាមួយប្រអប់អាចជាអំណោយដ៏វិសេសមួយដើម្បីបញ្ជាក់ពីសមានចិត្ដក៏ដូចជាការគិតគូរអំពីសុខភាពផងដែរ។
សប្ដាហ៍នេះ LIFT សូមពាំនាំអារម្មណ៍លោកអ្នកទៅកាន់ហាងនំសូកូឡាដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ២៤០(ខាងកើតព្រះបរមរាជវាំង) ថាតើមានអ្វីថ្មីពិសេសសម្រាប់ឆ្នាំនេះ?
គ្រាន់តែក្រឡេកមើលមួយភ្លែតលោកអ្នកប្រាកដជាគិតថា វាគឺជាផែនទីនៃព្រះរាជាណាចក្រកម្ពុជាប៉ុន្តែលោកអ្នកហាក់ដូចជាភ្ញាក់ផ្អើលបន្តិច នៅពេលដែលអ្នកដឹងថា រូបផែនទីនេះត្រូវបានផ្គុំឡើងពីបន្ទះនំសូកូឡាចំនួន១០ដុំធំៗ ដែលផលិតឡើងយ៉ាងយកចិត្តទុកដាក់ប្រកបដោយអនាម័យ និងធ្វើការវេចខ្ចប់ដាក់ក្នុងប្រអប់ដែលធ្វើអំពីសូត្រខ្មែរយ៉ាងប្រណីតក្នុងទំហំ ២៣សម x ១៨សម។
អ្នកស្រី Griet Lorré ជាម្ចាស់ហាងនំសូកូឡា បានឲ្យដឹងថា៖ «១០ដុំធំៗនេះ មានរសជាតិ១០ប្រភេទខុសៗគ្នា ហើយក៏តំណាងឲ្យវត្ថុធាតុដើមផ្សេងៗដែលមានប្រភពមកពីខេត្តនីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង»។
រសជាតិនំសូកូឡាទាំង១០ប្រភេទនោះមានដូចជា ក្រូចមកពីខេត្តបាត់ដំបង កាហ្វេពីខេត្តស្ទឹងត្រែង ម្រេចពីខេត្តកំពត ស្ករត្នោតពីខេត្តកំពង់ស្ពឺ ជីរនាងវងពីខេត្តព្រៃវែង ស្វាយពីខេត្តកំពង់ចាម ទឹកឃ្មុំពីខេត្តមណ្ឌលគិរី សណ្តែកដីពីខេត្តព្រះវិហារ ដូង និងគ្រាប់ស្វាយចន្ទីមកពីខេត្តតាកែវជាដើម។
អ្នកស្រី បានបន្ដថាកូនប្រុសរបស់អ្នកស្រីដែលកំពុងសិក្សានិងរស់នៅប្រទេសបែលហ្ស៊ិកឈ្មោះ Maarten Geerinck គឺជាអ្នកផ្ដួចផ្ដើមនិងរចនាម៉ូដនំសូកូឡាផែនទីនោះ។
សម្រាប់សូកូឡាមួយប្រអប់នេះ អ្នកស្រីបានលើកឡើងថា៖ «លោកអ្នកអាចកុម្ម៉ង់ទុកមុនបាន ព្រោះថាប្រអប់នឹងត្រូវបានរចនារួចរាល់ក្នុងថ្ងៃ២៤ខាងមុខនេះ ដើម្បីអបអរបុណ្យណូអែលហើយតម្លៃត្រឹមតែ២២ដុល្លារប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ហាងនំសូកូឡា នៅមានផលិតផលជាច្រើនប្រភេទទៀតសម្រាប់បុណ្យណូអែលនេះ ហើយក៏គ្រោងនឹងបើកហាងថ្មីមួយទៀតនៅដើមឆ្នាំ២០១៣ខាងមុខនេះដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦៣ ម្តុំបឹងកេងកង។
ប្រសិនបើអ្នកចាប់អារម្មណ៍ចំពោះនំសូកូឡានេះ សូមចូលទៅកាន់គេហទំព័រហាងនំសូកូឡា www.chocolate-cambodia.com ឬទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០១២ ៨៧២ ៨៤០៕

