កណ្តាលៈ នគរបាលក្រុងតាខ្មៅកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជូនជនសង្ស័យជាចោរប្លន់ដោយយកកាំបិតអារកសម្លាប់អ្នករត់ម៉ូតូឌុបម្នាក់ទៅសាលាដំបូងខេត្តកណ្តាល។
លោកប៊ុត ស៊ឹមបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនសង្ស័យដែលធ្វើសកម្មភាពអារកសម្លាប់អ្នករត់ម៉ូតូឌុបនោះ ឈ្មោះថុល ប៊ុនធឿនអាយុ១៨ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះក្នុងអំពើឃាតកម្មនោះឈ្មោះ ឆន់ ប៉ុន ហៅ ស អាយុ ២៩ ឆ្នាំ ជាប្រជាការពារ ភូមិដើមមៀនឆ្លៀតរត់ម៉ូតូឌុបនៅពេលទំនេរ។
លោកបានឲ្យដឹងទៀតថា៖«យើងសម្រេចបញ្ជូនជនសង្ស័យម្នាក់នេះទៅតុលាការ ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ព្រោះជនសង្ស័យបានប្រព្រឹត្តជាក់ស្តែង»។
លោកបានបន្ដថាហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែធ្នូ នៅចំណុចផ្លូវលេខ ២១១ក្នុងភូមិព្រៃរាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ក្បែរបន្ទាយយោធាខេត្តកណ្តាល។
ជនសង្ស័យសារភាពនៅប៉ុស្តិ៍ប៉ូលិសថា មុនកើតហេតុ រូបគេបានឈររង់ចាំម៉ូតូឌុប មានកាំបិតសៀតនៅក្នុងខោជាស្រេច ក្នុងគោលបំណងហៅម៉ូតូឌុបយកទៅប្លន់ ដើម្បីយកទៅលក់បានលុយទិញខោអាវថ្មី។
លោកបានឲ្យដឹងទៀតថាបន្ទាប់ពីឡើងម៉ូតូ ទៅដល់ចំណុចកើតហេតុជនសង្ស័យបានដកកាំបិតអារកជនរងគ្រោះ បណ្តាលឲ្យដាច់បំពង់ក ជនរងគ្រោះបានរត់ចេញពីម៉ូតូនិងស្រែកហៅឲ្យគេជួយ ក៏ដួលដាច់ខ្យល់ស្លាប់តែម្តង រីឯជនសង្ស័យវិញ ក៏រត់ចូលទៅក្នុងបឹងឈូកបាត់។
បន្ទាប់ឡើងដើរលើថ្នល់វិញ ដោយដោះអាវនិងដោះស្បែកជើងលុះដើរមកដល់ មជ្ឈមណ្ឌលកុមារអារុណរះទួលក្រសាំង ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រកាខ្ពស់ ឃាត់ខ្លួនតែម្តង៕

