ភ្នំពេញៈ មន្រ្តីតុលាការបានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារម្សិលមិញ បានសម្រេចចោទប្រកាន់យុវជនឈាមរាវចំនួន ៣ នាក់ពីបទ «រួមភេទជាមួយអនីតិជន» បន្ទាប់ពីសង្ស័យថា បានលួងលោមនំានារីវ័យក្មេង ២ នាក់អាយុក្រោម ១៥ឆ្នាំ ទៅដេកនៅរួមភេទក្នុងផ្ទះសំណាក់នៅរាជធានីភ្នំពេញ ជិត ១ សប្តាហ៍ កាលពីអំឡុង ខែកុម្ភៈ កន្លងទៅ។
មន្រ្តីតុលាការសុំមិនបញ្ចេញឈ្មោះរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា យុវជនសង្ស័យទាំង ៣ នាក់ ទី១- ឈ្មោះ ហួន ច័ន្ទតារា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ ៥F ផ្លូវលេខ ១០១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ២- ឈ្មោះ អ៊ីង សុវណ្ណខេមរា ហៅ មាន អាយុ ១៧ឆ្នាំ មានមុខរបរជាងកាត់សក់ ស្នាក់នៅក្រោយមន្ទីរពេទ្យ ព្រះកុសុមៈ ស្ថិតក្នុង សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ទី៣- ឈ្មោះ សូវ ស្ទេវីន អាយុ ១៨ឆ្នាំ សា្នក់នៅផ្ទះលេខ ៣៩F ក្នុង បុរីសុខសាន្ត ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពួកគេត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ» តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។
តាមមន្ត្រីនៅតុលាការរូបនេះអះ អាងថា សំណុំរឿងនេះត្រូវខាងអយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីពិនិត្យសម្រេចតាមនីតិវិធីច្បាប់ហើយកាលពីម្សិលមិញ។
លោកវរសេនីយ៍ឯក ស៊ិន ស៊ីថា នាយការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា យុវជនសង្ស័យទាំង ៣ នាក់នេះត្រូវបានចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងការលួងលោមនារីរងគ្រោះចំនួន ២នាក់ ក្នុងនោះមានម្នាក់អាយុ ១៤ឆ្នាំ និងមា្នក់ទៀត អាយុ ១៣ឆ្នាំ ទៅរួមភេទអស់ ៤-៥ ថ្ងៃនៅក្នុងផ្ទះសំណាក់ ថ្ងៃល្អ នៅក្នុងរាជធានីភ្នំពេញកាលពី ខែកុម្ភៈ កន្លងទៅ។
លោកបន្តឲ្យដឹងថា ពួកគេត្រូវបានចាប់ខ្លួនបន្តបន្ទាប់នៅរាជធានីភ្នំពេញ កាលពីថ្ងៃ ទី១២ ខែឧសភា តាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ និងបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការស៊ើបអង្កេតអស់ពេលជាច្រើនខែរួចមក។ ចំណែកយុវជនម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរនោះបានរត់គេចខ្លួន។
ក្រុមគ្រួសារជនសង្ស័យទាំង ៣នាក់ និងមេធាវីការពារពួកគេមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះបានទេ កាលពីម្សិលមិញ៕

