
ក្រុងទុយរីន: លោក Jorge Jesus គ្រូបង្វឹករបស់ Benfica បានអះអាងថា ការស្រេកឃ្លានរបស់ក្រុមម្ចាស់ជើងឯកព័រទុយហ្គាល់មួយនេះសម្រាប់ ភាពជោគជ័យនៅរដូវកាលនេះ នៅមិនទាន់បញ្ចប់ឡើយ ខណៈដែលពួកគេនឹងឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Sevilla នារាត្រីនេះ។
Benfica ដែលមានមូលដ្ឋាននៅទីក្រុង Lisbon បានឈ្នះពានរង្វាន់លីកក្របខ័ណ្ឌកំពូល និងពាន League Cup របស់ព័រទុយហ្គាល់រួចជាស្រេច ហើយនឹងត្រូវជួបជាមួយនឹងក្រុម Rio Ave ក្នុងការប្រកួតដណ្តើមពាន Portuguese Cup វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៨ ខែឧសភា។
លោក Jesus សង្ឃឹមថា ការឈ្នះពានរង្វាន់ទាំងនោះនឹងបំពេញចិត្តរបស់ Benfica សម្រាប់ការឈ្នះពានរង្វាន់បន្ថែមទៀត ក៏ដូចជាការធ្វើឲ្យពួកគេឈ្នះពានរង្វាន់បួនក្នុងរដូវកាលតែមួយ ។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Turin នារាត្រីនេះ ដែលចាប់ផ្តើមនៅម៉ោង១:៤៥ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ក្រុមជើងខ្លាំងទាំងពីរ សុទ្ធសឹងសង្ឃឹមថា អាចឈ្នះពានរង្វាន់ក្នុងការប្រកួតក្របខ័ណ្ឌលំដាប់ទី២របស់អឺរ៉ុប។
ក្រុមម្ចាស់ជើងឯកអឺរ៉ុបពីរសម័យកាល Benfica នៅតែសម្លឹងរកការឈ្នះពានរង្វាន់ប្រចាំអឺរ៉ុបជាលើកទី១របស់ពួកគេក្រោយពីទទួលតំណែងជាជើងឯករងពីរលើក ក្នុងនោះរាប់បញ្ចូលទាំងកាលពីឆ្នាំមុន ដែលនៅពេលនោះ Chelsea បានទទួលជ័យជម្នះ ២-១ ក្នុងទីក្រុង Amsterdam ខណៈដែល Sevilla អាចនឹងឈ្នះពានរង្វាន់ជាលើកទី៣របស់ពួកគេ ក្រោយពីឈ្នះពានរង្វាន់នេះពីរលើកជាប់ៗគ្នាក្នុងឆ្នាំ២០០៦ និង២០០៧។
លោក Jesus ត្រូវបានដកស្រង់សម្តីខណៈនិយាយនៅលើគេហទំព័រ goal.com ឲ្យដឹងថា៖ «យើងមានការពេញចិត្តតាមរយៈការទទួលជ័យជម្នះ និងការឈ្នះពានដែលយើងបានទទួលរួចជាស្រេច»។
គ្រូបង្វឹករូប នេះបានបញ្ជាក់បន្ថែមថា៖ «យើងកំពុងតែបង្កើតប្រវត្តិសាស្ត្រ ប៉ុន្តែ យើងនៅតែមានពានរង្វាន់ពីរដែលត្រូវដណ្តើម ហើយជាការរំពឹងទុក យើងនឹងឈ្នះពាននោះ។ កីឡាករ និងខ្ញុំចង់មានពានរង្វាន់ជាច្រើនក្នុងប្រវត្តិរូបសង្ខេបរបស់ យើង។ យើងខិតខំព្យាយាមជារៀងរាល់ថ្ងៃ ហើយពាន Europa League គឺជាគោលបំណងមួយដែលយើងចង់ឈ្នះ»។
Benfica អាចនឹងមានអារម្មណ៍ថា ជាការប្រកួតលើទឹកដីខ្លួនឯងក្នុងទីក្រុង Turin ខណៈដែលកាលពីរយៈពេលពីរសប្តាហ៍កន្លងទៅ ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅពេលជួប Juventus ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រលើទឹកដីខ្លួនឯង។
Sevilla បានកក់កៅអីរបស់ពួកគេសម្រាប់ការប្រកួតនៅ Turin ទាំងរំភើបដែលនៅពេលនោះខ្សែបម្រើអន្តរជាតិកាមេរូន Stephane Mbia បានរកគ្រាប់បាល់កាត់សេចក្តីនៅនាទី ទី៤នៃនាទីបន្ថែមក្នុងពេលពួកគេបរាជ័យ ៣-១ ក្នុងជើងទី២ នៅលើទឹកដីក្រុម Valencia។
វាមិនមែនជាលើកទី១ឡើយក្នុង យុទ្ធនាការនេះដែលក្រុមរបស់អេស្ប៉ាញបានធ្វើឲ្យមានការប្រែប្រួលនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ កីឡាករ Ivan Rakitic ដែលជាប្រធានក្រុម បាននិយាយថា Sevilla មានឥរិយាបថមិនចុះចាញ់រហូតដល់ដំណាក់កាលចុងក្រោយ។
Rakitic បានបញ្ជាក់ប្រាប់គេហទំព័រ UEFA.com ឲ្យដឹងថា៖ «វាមិនងាយស្រួលឡើយក្នុងការវាយបកនៅពេលជួបក្រុម Betis និងម្តងទៀតនៅពេលប្រកួតជាមួយ Porto ហើយម្តងទៀតនៅពេលជួបក្រុម Valencia នៅនាទីចុងក្រោយ»៕ IS


