រតនគិរីៈ ជនជាតិដើមភាគតិច ឡាវ ប្រមាណ ២៥០ នាក់ ស្រុកវ៉ឺនសៃ បាននាំគ្នាដុតបំផ្លាញរោងស្នាក់នៅនិងការដ្ឋានក្រុមហ៊ុន ឥណ្ឌា កាលពីថ្ងៃចន្ទដើម្បីបញ្ឈប់សកម្មភាពក្រុមហ៊ុននេះ មិនឲ្យបោះបង្គោលរំលោភយកដីស្រែចម្ការនិងដីព្រៃបម្រុងទុករបស់ពួកគាត់។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការ អាដហុក ខេត្តរតនគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋ ភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ចំនួន ២៥០ នាក់បានលើកគ្នាទៅកាន់ការដ្ឋានក្រុមហ៊ុនកៅស៊ូ ឥណ្ឌា ឈ្មោះ SK កាលពីថ្ងៃចន្ទហើយបានដុតរោងស្នាក់នៅអស់បីបន្ទាប់ក្រុមហ៊ុនបានបន្តបោះបង្គោលលើដីស្រែចម្ការ និងព្រៃពួកគាត់កំពុងអាស្រ័យផល។
លោកថា៖ «ពលរដ្ឋខ្លាចបាត់បង់ដីទើបខំឲ្យអាជ្ញាធរជួយដោះស្រាយ តែគ្មានអ្នកណាអើពើទើបគាត់ប្រើប្រាស់ជម្រើសចុងក្រោយដោយដុតខ្ទមបែបនោះ»។
លោកថា មានពលរដ្ឋរាប់រយគ្រួសារផ្សេងទៀត ឃុំហាត់ប៉ក់ នោះបាននិងកំពុងមានទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន SK ចាប់តាំងពីដើម ឆ្នាំ២០១៤ នេះមក គឺបន្ទាប់ពីក្រុមហ៊ុននេះបានបោះបង្គោលហ៊ុមព័ទ្ធយកដែលពលរដ្ឋបានកាន់កាប់ធ្វើស្រែចម្ការរាប់ឆ្នាំមកហើយ។
លោក ទឿ នូថង អធិការ ស្រុកវ៉ឺនសៃ បានអះអាងថា ការដុតនោះបានធ្វើឲ្យរោងស្នាក់នៅនិងការដ្ឋានទំហំ ១២ ម៉ែត្រគុណ ២០ ម៉ែត្រចំនួនបីហើយធ្វើឲ្យខូចខាតសម្ភារចំនួន ១៥ ប្រភេទ។
លោកអធិការបានថ្លែងថា៖ «ក្រុមគេបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរតែយើងក៏បានពន្យល់ប្រាប់គេពីរឿងនេះដែរ»។
លោក ទឿ នូថង បានឲ្យដឹងថា ក្រុមហ៊ុន ឥណ្ឌា នេះបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៨០០០ ហិកតាសម្រាប់អភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម ប៉ុន្តែត្រូវបានកាត់ផងប៉ះពាល់ឲ្យពលរដ្ឋអស់មួយចំនួនដែរ។ លោកថា៖ «ដីព្រៃនោះមិនទាន់កាត់បន្ថែមឲ្យក្រុមហ៊ុនទេ តែពលរដ្ឋច្រឡំថា កាត់ឲ្យហើយ ទើបខឹងសម្បាហើយដុតរោងក្រុមហ៊ុនបែបនេះ»។ លោកថា គ្មានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួននោះទេបន្ទាប់ពីហេតុការណ៍ដុតនោះ ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារម្សិលមិញអាជ្ញាធរបានជួបជាមួយពលរដ្ឋជាង ៣០០ នាក់ហើយបានពន្យល់ប្រាប់ពួកគាត់កុំឲ្យប្រព្រឹត្តខុសឆ្គងតទៅទៀត៕

