
មជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់ស្ត្រីបានឲ្យដឹងថា កាលពីឆ្នាំ២០០៨ ស្ត្រីប្រហែល៤ម៉ឺនអ្នកបានធ្វើការវះកាត់ យកកន្សោមដោះសិប្បនិមិ្មតចេញពីខ្លួនពួកគេ ក្រោយពីបានពង្រីកសុដន់បានប្រហែលជា១០ទៅ១៥ឆ្នាំមក។
មូលហេតុ ដែលស្ត្រីទាំងនោះសម្រេចវះកាត់យកកន្សោមដោះសិប្បនិម្មិតចេញរួមមាន ការចង់កែតម្រូវទំហំសុដន់ជាថ្មី ការរងនូវផលវិបាកក្រោយការវះកាត់ពង្រីកសុដន់ និងហេតុផលសាមញ្ញបំផុតគឺពួកគាត់លែងចង់រក្សាកន្សោមដោះសិប្បនិមិ្មតស្ថិតនៅក្នុងខ្លួនតទៅទៀត។
បញ្ហាកើតឡើងក្រោយពេលដែល កន្សោមដោះសិប្បនិមិ្មតត្រូវបានដកចេញគឺ ប្រហោងនៃទីតាំងកន្សោមដោះនោះទាមទារការបំពេញដោយអ្វីមួយ ផ្សេងទៀត ដើម្បីកុំឲ្យសុដន់មានការធ្លាក់ចុះ ឬក៏មានការប្រែប្រួលខ្លាំងពេក។
ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការពង្រីកដើមទ្រូងដោយបណ្តុះកោសិកាខ្លាញ់ (Fat Grafting) ដែលប្រើប្រាស់នូវប្រភេទកោសិកាខ្លាញ់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ សម្រាប់បំពេញនៅក្នុងទ្រូងនោះគឺជាវិធីសាស្ត្រមួយដ៏សមស្រប សម្រាប់ស្ត្រីដែលចង់ដកកន្សោមដោះសិប្បនិមិ្មតរបស់គាត់ចេញពីរាងកាយ។
ការវះកាត់ថ្មីមួយ (ហៅកាត់ថា SIEF) ដែលធ្វើការបង្ហាញដោយក្រុមសមាគមនៃអ្នកវះកាត់កែសម្ផស្ស អាមេរិកាំង ជាការប្រើប្រាស់នូវកោសិកាខ្លាញ់នៅទីតាំងណាមួយនៃរាងកាយសម្រាប់ យកបំពេញនៅកន្លែងមួយផ្សេងនោះ វាពុំមែនជារឿងថ្មីនោះទេ។ ប៉ុន្តែការប្រើប្រាស់កោសិកាខ្លាញ់របៀបនេះដើម្បីបណ្តុះកោសិកានៅលើ ដើមទ្រូង វាគឺជារឿងដ៏ថ្មីមួយ។
កន្លងមកកោសិកាខ្លាញ់ទាំងនេះ គឺត្រូវបានគេបណ្តុះនៅលើទីតាំងផ្សេងៗលើមុខជាដើម ប៉ុន្តែទំហំរបស់វាគឺមានបរិមាណតិចតួច។ គេក៏អាចបណ្ដុះវាដើម្បីពង្រីកទំហំលើកំប៉េះគូទផងដែរ។
យ៉ាងណាមិញ ដើមឡើយវេជ្ជបណ្ឌិតទាំងឡាយ ពុំហ៊ានធ្វើការបណ្តុះកោសិកាខ្លាញ់ឡើយ ដោយពួកគេគិតថាកោសិកាខ្លាញ់នោះមិនអាចរស់បាន ឬក៏អាចធ្វើឲ្យមានការច្រឡំជាមួយនឹងកោសិកាមហារីកដុះដាលក្នុង ដើមទ្រូង ខណៈពេលដែលយើងធ្វើការស្រាវជ្រាវតាមរូបភាពវេជ្ជសាស្ត្រ។ ប៉ុន្តែតែសព្វថ្ងៃនេះ វិធីសាស្ត្រជាច្រើនដែលអាចញែកបែងចែកយ៉ាងច្បាស់រវាងកោសិកាខ្លាញ់ និងកោសិកាមហារីក។ ដូច្នេះជម្រើសថ្មីមួយសម្រាប់ស្ត្រី ដែលធ្លាប់វះកាត់ពង្រីកសុដន់ដោយប្រើកន្សោមដោះសិប្បនិមិ្មតនោះ ហើយចង់យកវាចេញវិញនោះ គឺអាចជំនួសបានដោយការបណ្តុះកោសិកាខ្លាញ់នៅលើទ្រូងដើម្បីរក្សា ទំហំរបស់វា។
ប៉ុន្តែចំណុចមួយដ៏សំខាន់ដែលយើងត្រូវដឹងនោះ គឺថាថ្វីដ្បិតតែកោសិកាខ្លាញ់ទាំងនេះអាចជាជម្រើសមួយដ៏ល្អសម្រាប់ ជំនួសកន្សោមដោះសិប្បនិមិ្មត ក៏ប៉ុន្តែវាជាការវះកាត់មួយដ៏ពិបាកពីព្រោះថាវាត្រូវការកោសិកាខ្លាញ់ ជាច្រើនរយមិល្លីលីត្រសម្រាប់ដំណើរការបណ្ដុះរបស់វា ហើយវាក៏ទាមទារការវះកាត់ច្រើនដង ដោយហេតុថា ប្រមាណពី២០ទៅ៣០ភាគរយនៃកោសិកាខ្លាញ់ដែលបញ្ចូលក្នុងទីតាំងថ្មី នឹងត្រូវបានស្រូបទៅរាងកាយយើងផ្ទាល់វិញ។ ស្ត្រីទាំងឡាយគួរតែធ្វើការពិចារណាឲ្យច្បាស់ក្នុងករណីដែលចង់ ធ្វើការវះកាត់របៀបនេះ ព្រោះវាទាមទារនូវបរិមាណកោសិកាខ្លាញ់ច្រើនគ្រប់គ្រាន់ទើបអាច ទទួលលទ្ធផលបានល្អ។
សរុបមកកោសិកាខ្លាញ់ និងក្រពេញដោះសិប្បនិមិ្មតសុទ្ធតែមានផលប្រយោជន៍ និងផលវិបាកដូចគ្នា។ ក្រពេញដោះសិប្បនិមិ្មតគឺអាចផ្តល់នូវរូបរាង និងទំហំចាំបាច់ដល់ស្តីគ្រប់រូប។ ដោយឡែកកោសិកាខ្លាញ់អាចផ្តល់នូវលទ្ធផលដែលមានលក្ខណៈធម្មជាតិ ព្រោះរាងកាយរបស់យើងមិនចាំបាច់ប៉ះពាល់នឹងសារធាតុក្រៅខ្លួន។
នៅ ថ្ងៃអនាគតអ្នកស្រាវជ្រាវបានប្រមើលមើលថា ការពង្រីកសុដន់ទំនងជាអាចប្រើប្រាស់នូវប្រភេទក្រពេញដោះសិប្បនិមិ្មតផង និងរួមផ្សំជាមួយការប្រើប្រាស់កោសិកាខ្លាញ់ផងដែរ។
ទោះជាយ៉ាងណាក្ដី ស្ត្រីម្នាក់ៗមានលក្ខណៈមិនដូចគ្នាទេពីធម្មជាតិដែលទាមទារវិធីសាស្ត្រ ខុសៗគ្នា។ ដូច្នេះស្ត្រីគួរតែស្វែងរកការពិភាក្សាជាមួយអ្នកជំនាញឲ្យបានដិតដល់មុននឹងសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រណាមួយ។
អត្ថបទអំពីបញ្ហាសម្ផស្សខាងលើនេះចូលរួមចែករំលែកដោយមជ្ឈមណ្ឌល Pearl Medical Center ដែលអាចទាក់ទងតាមទូរស័ព្ទ លេខ០៨៨៣៣៧៧៧៧៧ និងវេបសាយ www.pearlmedicalcenter.net៕


