ក្រុងលីសបោន: កីឡាករ Sebastien Haller បានរក្សាកំណត់ត្រាស៊ុតបញ្ចូលទីដ៏គួរឱ្យកត់សម្គាល់ទៀត នៅក្របខ័ណ្ឌ Champions League រដូវកាលនេះ ដោយការរកឃើញនូវគោលដៅភ្លាមៗ បន្ទាប់ពីបានទម្លុះសំណាញ់ទីក្រុមរបស់ខ្លួន ខណៈដែលក្រុម Ajax ស្មើ ២-២ ជាមួយក្រុមម្ចាស់ផ្ទះ Benfica ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃពុធ។
គ្រាប់បាល់ដែលធ្វើឱ្យចូលទីខ្លួនឯងនៅនាទីទី២៦ របស់កីឡាករ Haller បានលុបចោលគ្រាប់បាល់នាំមុខរបស់កីឡាករ Dusan Tadic សម្រាប់ក្រុម-ម្ចាស់ជើងឯកលីគកំពូលហូឡង់ ពីការប្រកួត នៅឯកីឡដ្ឋាន Estadio da Luz នាទីក្រុងលីសបោន តែខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័ររូបនេះ បានជួយឱ្យក្រុម Ajax នាំមុខវិញជាថ្មីម្ដងទៀត នៅ ៣ នាទីក្រោយមក។
វាមិនគ្រប់គ្រាន់ទេសម្រាប់ក្រុម Ajax របស់លោក Erik ten Hag ដើម្បីឈ្នះការប្រកួតនេះ ខណៈកីឡាករអន្តរជាតិអ៊ុយក្រែន Roman Yaremchuk បានងើបចេញពីកៅអីកីឡាករបម្រុង នៅវគ្គទី២ ហើយមកស៊ុតបញ្ចូលទី ដើម្បីដណ្ដើមបាននូវលទ្ធផលស្មើសម្រាប់ក្រុម Benfica។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ឥឡូវនេះ កីឡាករ Haller រកបានចំនួន ១១ គ្រាប់ហើយ នៅ Champions League នា រដូវកាលនេះ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុតាមពូល ជាមួយនឹងការធ្វើបានតួលេខនេះទ្វេដង។
«យើងខកចិត្តតិចតួច។ យើងអាច និងគួរតែធ្វើបានប្រសើរជាងនេះ ហើយយើងមានការខកចិត្តតិចតួច ក្នុងការចាកចេញពីទីនេះ ដោយលទ្ធផលស្មើ ២-២»។ កីឡាករ Haller បានប្រាប់ទៅទូរទស្សន៍របស់បារាំង Canal Plus។
ចំពោះការធ្វើឱ្យចូលទីខ្លួន Haller បន្ថែមថា៖ «វាមិនមែនជាអារម្មណ៍ល្អបំផុតនោះឡើយជាពិសេស ខណៈដែលវាបានផ្ដល់ឱ្យពួកគេតាមស្មើ និងផ្ដល់នូវកម្លាំងចិត្តឱ្យពួកគេ។ វាប៉ះពាល់ធ្ងន់ដល់ផ្លូវចិត្តពួកយើង តែវាជាកិច្ចការរបស់យើង ក្នុងការបន្តការផ្ដោតអារម្មណ៍ ដោយមិនត្រូវបាក់ទឹកចិត្ត ក្នុងស្ថានភាពបែបនេះនោះឡើយ»។
ដោយមិនធ្លាប់លេង ក្នុងការប្រកួតប្រជែងរបស់អឺរ៉ុបនៅមុនរដូវកាលនេះ នោះកីឡាករ Haller ជាអ្នកដំបូងគេ ដែលរកគ្រាប់បាល់បានពីការបង្ហាញខ្លួនលើកដំបូងចំនួន ៧ ហ្គេម នៅ Champions League។
មានតែកីឡាករ Cristiano Ronaldo, Robert Lewandowski និង Ruud van Nistelrooy ប៉ុណ្ណោះ ដែលស៊ុតបញ្ចូលទីបានជាប់គ្នាច្រើនហ្គេមនៅអឺរ៉ុបនេះ ដោយកីឡាករ Ronaldo រកបាន ១១ហ្គេមជាប់ៗគ្នា ក្នុងចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០១៨៕ AFP/VN


