ក្រុងអាប៊ូដាប៊ី: ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនមានកំណត់ត្រាដ៏ល្អរួចជាស្រេចក្នុងយុទ្ធនាការ Asian Cup កីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិកាតា ទើបតែមានអារម្មណ៍ថា ឈ្មោះរបស់ពួកគេកំពុងស្ថិតនៅលើពាន ក្រោយពីបានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ខ្លួន។
ខណៈដែលត្រូវលេងក្រោមសម្ពាធនៃភាពតានតឹងផ្នែកនយោបាយ កីឡាកររបស់ក្រុមជម្រើសជាតិកាតាបានរងនូវការគប់ដោយដបទឹកបរិសុទ្ធ និងស្បែកជើងពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលខឹងសម្បាក្នុងពេលយកឈ្នះលើក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួមក្នុងលទ្ធផល ៤-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងទីក្រុងអាប៊ូដាប៊ី។ ក្រោយពីបានឆ្លងផុតបទពិសោធដ៏ឈឺចាប់នោះក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២ មួយនេះជឿជាក់ថាពួកគេមិនមានអ្វីត្រូវខ្លាចពីក្រុមជប៉ុនឡើយ។
ខ្សែប្រយុទ្ធ Almoez Ali ដែលបានតាមស្មើកំណត់ត្រារបស់កីឡាករ Ali Daei នៃការរកបាន ៨ គ្រាប់ក្នុងយុទ្ធនាការ Asian Cup តែមួយនៅពេលជួបជាមួយនឹងក្រុមម្ចាស់ផ្ទះកាលពីថ្ងៃអង្គារបានឲ្យដឹងថា៖ «យើងបានដឹងរួចជាស្រេចពីសុបិនមួយដែលប្រទេសទាំងមូលមាន។ យើងនឹងត្រូវតែអត់ធ្មត់ក្នុងវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែយើងប្រសិនបើអត់ធ្មត់ យើងមានឱកាសមួយក្នុងការក្លាយជាម្ចាស់ជើងឯក»។
ក្រុមជម្រើសជាតិជប៉ុនដែលបានឈ្នះពានចុងក្រោយក្នុងចំណោមពាន Asian Cup ទាំង ៤ លើករបស់ពួកគេកាលពីឆ្នាំ ២០១១ នោះបានទម្លាក់ក្រុមខ្លាំងអ៊ីរ៉ង់តាមរយៈការយកឈ្នះ ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័ត្រកាលពីថ្ងៃចន្ទ និងហាក់កំពុងឈានដល់កម្រិតលេងកំពូលរបស់ខ្លួនក្នុងពេលវេលាដ៏ត្រឹមត្រូវ។ ក្រោយពីហាក់បានបង្ហាញពីភាពត្រដាបត្រដួសក្នុងការប្រកួត ៥ លើកដំបូងរបស់ខ្លួនក្រុមមានរហស្សនាមថា Blue Samurai មួយនេះនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅរាត្រីនេះក្នុងរដ្ឋធានីរបស់អេមីរ៉ាតអារ៉ាប់រួមដោយការមិនស្គាល់ចាញ់សោះក្នុងចំណោមការប្រកួត ១១ លើកចាប់តាំងពីលោក Hajime Moriyasu បានចូលកាន់តំណែងជាគ្រូបង្វឹកក្រោយពីយុទ្ធនាការ World Cup កាលពីឆ្នាំមុន។
ការរកបានគ្រាប់បាល់ ២ គ្រាប់ក្នុងតង់ទី ២ របស់ខ្សែប្រយុទ្ធ Yuya Osako បានទម្លាក់ក្រុមអ៊ីរ៉ង់តែម្តង ហើយក្រុមកែទម្រង់លេងរបស់លោក Moriyasu ត្រូវបានរំពឹងទុកថាអាចជម្នះរាល់ការប្រកួតទាំងអស់។
ប្រធានក្រុមនៃក្រុមជប៉ុន Maya Yoshida ដែលជាសមាជិកឈ្នះពានកាលពី ៨ ឆ្នាំមុនបានឲ្យដឹងថា៖ «យើងបាននិយាយពីការធ្វើដំណើរទៅប្រកួតនៅមុនពេលយើងបានចេញពីទីនេះ។ យើងនឹងប្រជែងឲ្យអស់ពីសមត្ថភាពទាំងអស់គ្នា»។ ជប៉ុនមិនធ្លាប់ចាញ់ក្នុងព្រឹត្តិការណ៍ Asian Cup វគ្គផ្តាច់ព្រ័ត្រសោះ ស្របពេលដែលតំបន់ការពាររបស់ក្រុមកាតាបានរក្សាការមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនចំនួន ៦ ប្រកួតជាប់ៗគ្នា។ បើទោះបីបានបង្ហាញពីទម្រង់លេងយ៉ាងល្អក៏ដោយ ប៉ុន្តែ កាតា មិនទាន់បានជួបក្រុមមួយដែលមានភាពខ្លាំងដូចជាជប៉ុនឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណាការឈានទៅវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេបានកើតឡើងក្នុងកម្រិតដ៏គួរឲ្យកត់សម្គាល់ បើទោះបីមានការបំពានដែលក្រុមកាតា ទទួលបានពីសំណាក់អ្នកគាំទ្រម្ចាស់ផ្ទះដោយសារតែការបិទច្រកចេញចូលតាមព្រំដែនរបស់ប្រទេសដ៏តូចមួយនេះក៏ដោយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង ៩ យប់៕ IS


