ពូល A
Arsenal v Paris SG
ក្រុម Arsenal នឹងសម្លឹងរកការបញ្ចប់ដោយការឈរពីលើក្រុមម្ចាស់ជើងឯកបារាំង PSG ដែលពួកគេដណ្តើមបានលទ្ធផលស្មើ ១-១ ក្នុងទីក្រុងប៉ារីស កាលពីខែកញ្ញា ខណៈក្រុមទាំងពីរសុទ្ធសឹងត្រូវប្រជែងចំណាត់ថ្នាក់លេខ ១ ក្នុងពូល A បើទោះបីពួកគេបានឈ្នះកៅអីរួចជាស្រេចដើម្បីទៅវគ្គបន្តក៏ដោយ។
PSG បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនៅរាត្រីនេះ តាមរយៈការកត់ត្រាជ័យជម្នះជាលើកទីជាប់ៗគ្នា ក្រោយពីផ្តួល Nantes ២-០ ខណៈ Arsenal បានទទួលលទ្ធផលស្មើ ១-១ ជាមួយ Man United។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Javier Pastore នឹងត្រូវអវត្តមានដោយសារតែរបួស។
Ludogorets v Basel
Ludogorets របស់ប៊ុលហ្គារី និង Basel បានជួបការខកចិត្តដូចគ្នាក្នុងពូល A នេះ ខណៈក្រុមទាំងពីរដណ្តើមបានត្រឹមតែ ១ ពិន្ទុគត់មកទល់ពេលនេះ។ កៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League គឺជារង្វាន់លួងចិត្តតែមួយដែលក្រុមទាំងពីរត្រូវដណ្តើមយកតាមរយៈការបញ្ចប់ដោយឈរលេខ។ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងពេលជួបគ្នាកាលពីខែកញ្ញា នៅស្វ៊ីស។
ពូល B
Napoli v Dynamo Kiev
Napoli គ្រាន់តែឈរនៅលើកំពូលតារាងពូលជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែ ពួកគេស្ថិតក្នុងការប្រជែងជាមួយនឹងក្រុម Benfica និង Besiktas សម្រាប់កៅអីតែពីរក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
ពួកគេបានយកឈ្នះក្រុម Dynamo Kiev ក្នុងប្រទេសអ៊ុយក្រែន ក្នុងការប្រកួតកាលពីជុំមុន និងត្រូវការ ៣ ពិន្ទុជាចាំបាច់។ Napoli នឹងឈានទៅកាន់ការប្រកួតនេះក្រោយពីផ្តួល Udinese ១-០ កាលពីចុងសប្តាហ៍មុនក្នុងក្របខ័ណ្ឌ Serie A។
Besiktas v Benfica
ក្រុម Benfica ដែលពិន្ទុស្មើជាមួយ Napoli នឹងធ្វើដំណើរទៅកាន់ក្រុមមិនស្គាល់ចាញ់របស់តួកគី Besiktas ដែលកំពុងដេញតាមពីក្រោយពួកគេ ១ ពិន្ទុ។
ការទទួលជ័យជម្នះ នឹងធ្វើឲ្យក្រុម Benfica ឈានទៅប្រកួតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែ ពួកគេមិនអាចបង្កើតភាពអស្ចារ្យនៅពេលជួបក្រុម Besiktas កាលពីជុំមុនឡើយ ដោយត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើប៉ុណ្ណោះក្នុងទីក្រុង Lisbon។
ពូល C Celtic v Barcelona
តំណែងលេខ ១ ក្នុងពូល C នៅតែស្ថិតក្នុងលក្ខណៈបើកចំហក្នុងការដណ្តើមយក ខណៈដែល Barcelona ដែលកំពុងនាំមុខ ២ ពិន្ទុពីលើក្រុម Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Celtic របស់ស្កុតឡេន ក្រោយពីបានផ្តួលក្រុមនេះ ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Camp Nou កាលពីខែវិច្ឆិកា។ ការទទួលជ័យជម្នះមួយសម្រាប់ Barcelona នឹងធ្វើឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ ឈានទៅប្រកួតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ បើទោះបីលទ្ធផលស្មើក៏គ្រប់គ្រាន់ផងដែរ ប្រសិនបើ Man City ធ្វើមិនបានល្អ។ Lionel Messi អាចនឹងចូលលេង ក្រោយពីមានជំងឺកាលពីចុងសប្តាហ៍មុន។
Borussia Moenchengladbach v Manchester
ការទទួលជ័យជម្នះរបស់ក្រុម Man City ក្រោមជំនួយពីខ្សែបម្រើ Yaya Toure នៅលើទឹកដីក្រុម Crystal Palace បានជួយឲ្យពួកគេដេញតាមពីក្រោយក្រុមកំពុងនាំមុខ Chelsea ត្រឹមតែ ១ ពិន្ទុគត់ ក្នុងក្របខ័ណ្ឌ Premier League។ ការដណ្តើមបានជ័យជម្នះនៅលើទឹកដីអាល្លឺម៉ង់ នឹងធ្វើឲ្យក្រុម Man City របស់លោក Pep Guardiola ឈានទៅប្រកួតក្នុងជុំបន្ទាប់។ Man City បានផ្តួលក្រុម Moenchengladbach ៤-០ ក្នុងពេលក្រុមទាំងពីរជួបគ្នានៅអង់គ្លេស កាលពីខែកញ្ញា។
ពូល D
Rostov v Bayern Munich
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Bayern របស់អាល្លឺម៉ង់ នឹងធ្វើដំណើរទៅជួបក្រុម Rostov របស់រុស្ស៊ី ក្នុងការប្រកួតពូល D របស់ពួកគេ ដោយស្រេកឃ្លានក្នុងការព្យាបាលរបួស ក្រោយពីធ្លាក់ចេញពីកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga។
ការរងបរាជ័យ ១-០ ក្រោមស្នាដៃក្រុម Dortmund កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យក្រុម RB Leipzig ឡើងឈរលេខ ១ នៅលើកំពូលតារាងរបស់ក្របខ័ណ្ឌអាល្លឺម៉ង់។
Bayern បានឈ្នះកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយរួចជាស្រេច ប៉ុន្តែ ត្រូវការឈ្នះនៅលើទឹកដីក្រុម Rostov ដើម្បីរក្សាការដេញតាមក្រោយក្រុម Atletico Madrid មុននឹងក្រុមទាំងពីរជួបគ្នានៅថ្ងៃទី ៦ ខែធ្នូ ក្នុងការប្រកួតកាត់សេចក្តីរកក្រុមត្រូវឈរលេខ។ ក្រុមបាតតារាង Rostov និង PSV ដណ្តើមបានតែមួយពិន្ទុគត់ពីការប្រកួតក្នុងពូល ៤ លើក។
Atletico Madrid v PSV Eindhoven
Atletico បានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេច ហើយអាចនឹងដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល ប៉ុន្តែ ពួកគេកំពុងតែស្ថិតក្នុងភាពត្រដាបត្រដួសក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។
ក្នុងនាមជាក្រុមម្ចាស់ជើងឯករងពីរសម័យកាលក្នុងក្របខ័ណ្ឌ Champions League រយៈពេល ៣ ឆ្នាំចុងក្រោយនេះ ក្រុម Atletico នឹងត្រូវឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ ១ ក្នុងពូល ប្រសិនបើពួកគឈ្នះ ហើយក្រុម Bayern ទទួលបានលទ្ធផលមិនល្អ។
ក្រុម PSV បានទទួលលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Willem II កាលពីចុងសប្តាហ៍មុន ក្នុងការប្រកួតក្របខ័ណ្ឌកំពូលរបស់ហូឡង់។
ការជួបគ្នារវាង Rostov និង Bayern នឹងចាប់ផ្តើមនៅម៉ោង ១២ អាធ្រាត្រ ហើយការប្រកួតរវាង Besiktas និង Benfica នឹងប្រព្រឹត្តទៅនៅម៉ោង ១២:៤៥ អាធ្រាត្រ ខណៈការប្រកួតផ្សេងទៀតនឹងចាប់ផ្តើមនៅម៉ោង ២:៤៥ ទៀបភ្លឺ៕


