ក្រុងសាន់ចូសេ: លោក Jurgen Klinsmann គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានថ្លែងថា ការរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ របស់ក្រុមលោកក្រោមស្នាដៃក្រុមជម្រើសជាតិកូស្តារីកា គឺជាការរងបរាជ័យដ៏ខកចិត្តមួយក្រោមការដឹកនាំរបស់លោក កាលពីព្រឹកថ្ងៃពុធ (ម៉ោងនៅកម្ពុជា) ម្សិលមិញ ខណៈដែលលោកបានរងបរាជ័យក្នុងការប្រកួតជម្រុះ World Cup ចំនួន ២ លើកជាប់ៗគ្នា។
ក្រោយពីបានឃើញក្រុមកូស្តារីកា ធ្វើការគ្រប់គ្រងលើក្រុមរបស់លោកទាំងស្រុងនៅកីឡដ្ឋាន Estadio Nacional ក្នុងទីក្រុង San Jose លោក Klinsmann បានទទួលស្គាល់ថា៖ «វាពិតជាការរងបរាជ័យមួយដែលធ្វើឲ្យមានការឈឺចាប់ក្នុងរយៈពេល ៥ ឆ្នាំរបស់លោក»។
ខ្សែប្រយុទ្ធ Joel Campbell របស់ក្លិប Arsenal បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ក្នុងចន្លោះពេល ៣ នាទីក្នុងតង់ទី ២ ក្រោយពីកីឡាករ Johan Venegas និង Christian Bolanos បានជួយឲ្យក្រុមម្ចាស់ផ្ទះ ដែលបានឈានទៅប្រកួត World Cup ឆ្នាំ ២០១៤ វគ្គ ៨ ក្រុមចុងក្រោយ មានគ្រាប់បាល់នាំមុខ ២-០។
លទ្ធផលនេះ ដែលបានកើតឡើងក្រោយពីការចាញ់ក្រុមជម្រើសជាតិម៉ិកស៊ិក នៅលើទឹកដីខ្លួនឯង ២-១ ក្នុងទីក្រុង Columbus កាលពីថ្ងៃសុក្រមុន ធ្វើឲ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ឈរនៅបាតតារាង នៃយុទ្ធនាការជម្រុះប្រចាំតំបន់ CONCACAF សម្រាប់ការប្រកួត World Cup ឆ្នាំ ២០១៨៕
លទ្ធផលផ្សេងទៀត
ហុងឌូរ៉ាស់ 3-1 ទ្រីនីដាដ និងតូបាហ្គោ
ប៉ាណាម៉ា 0-0 ម៉ិកស៊ិក


