ក្រុងឡុងដ៍: លោក Gareth Southgate បាននិយាយថា លោកបានបង្ហាញថា លោកអាចដឹកនាំ «ក្នុងការប្រកួតធំៗ» បាន ក្រោយពីបញ្ចប់ការប្រកួតចំនួន ៤ លើករបស់លោកក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងការទទួលបានលទ្ធផលស្មើ ២-២ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមអេស្ប៉ាញ។
ខណៈដែលត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្រោយពីការចាកចេញរបស់លោក Sam Allardyce លោក Southgate បានដឹកនាំឲ្យអង់គ្លេស ឈ្នះ ២ លើក និងស្មើ ២ លើកក្នុងការកាន់តំណែងដ៏ខ្លីរបស់លោក ក្រោយពីការប្រកួតនៅកីឡដ្ឋាន Wembley កាលពីថ្ងៃអង្គារ។
លោក Southgate បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបានបង្ហាញពីសមត្ថភាពខ្លួនថា ខ្ញុំអាចដឹកនាំក្នុងការប្រកួតធំៗបាន ហើយក្រោមជំនួយពីបុគ្គលិករបស់ខ្ញុំ ខ្ញុំអាចរៀបចំក្រុមមួយដើម្បីលេងក្នុងកម្រិតកំពូល និងផ្តល់ឲ្យពួកគេនូវភាពស្វិតស្វាញដ៏ពិតប្រាកដ»៕


