ក្រុងប៉ារីស: ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid, Juventus, Borussia Dortmund និង Leicester City សុទ្ធសឹងសម្លឹងរកការកក់កៅអីរបស់ពួកគេក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ខណៈនៅសល់ការប្រកួត ២ លើកទៀត។
ពូល E
Monaco v CSKA Moscow
Monaco របស់បារាំង កំពុងតែឈរលេខ ១ ក្នុងពូល និងនៅតែមិនស្គាល់ចាញ់សោះ ហេតុនេះ ការដណ្តើមបាន ១ ពិន្ទុក្នុងផ្ទះខ្លួនឯងពេលជួបក្រុមម្ចាស់ជើងឯករុស្ស៊ី CSKA នឹងស្ទើរតែគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការទៅវគ្គ ១៦ ក្រុម។
Monaco បានបញ្ចប់ក្នុងលទ្ធផលស្មើនៅទីក្រុងម៉ូស្គូ កាលពី ២ សប្តាហ៍មុន។
CSKA អាចនឹងខិតកាន់តែកៀកក្នុងការធ្លាក់ចេញ ប្រសិនបើពួកគេចាញ់ ហើយពួកគេក៏កំពុងតែធ្លាក់ចុះទម្រង់លេងផងដែរ។
ពួកគេបានកត់ត្រាជ័យជម្នះតែមួយលើកគត់ក្នុងចំណោមការប្រកួត ៨ លើកចុងក្រោយរបស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់ និងបានរងបរាជ័យ ៨ លើកក្នុងការប្រកួតក្រៅដីនៃវគ្គចែកពូលចំនួន ៩ លើកចុងក្រោយរបស់ពួកគេនៃក្របខ័ណ្ឌ Champions League។
Tottenham v Leverkusen
ក្រុម Tottenham របស់លោក Mauricio Pochettino នឹងសម្លឹងរកការបញ្ចប់ការមិនស្គាល់ចាញ់សោះត្រឹម ៥ ប្រកួតជាប់ៗគ្នា នៅពេលដែលពួកគេជួបក្រុម Leverkusen ក្នុងការប្រកួតដ៏សំខាន់មួយនៅកីឡដ្ឋាន Wembley។
Spurs បានបញ្ចប់ក្នុងលទ្ធផលស្មើ ៤ លើក និងចាញ់ ១ លើកក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីផ្តួល Man City កាលពី ១ ខែមុន។
ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីអាល្លឺម៉ង់ កាលពី ២ សប្តាហ៍មុន ហើយ Tottenham ត្រូវការយ៉ាងហោចណាស់លទ្ធផលស្មើម្តងទៀត ដើម្បីរក្សាក្តីសង្ឃឹមនៃការទៅវគ្គ ១៦ ក្រុមចុងក្រោយឲ្យស្ថិតក្នុងដៃរបស់ពួកគេ។
Leverkusen បានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងរាល់ការប្រកួតវគ្គចែកពូលទាំង ៣ លើក ហើយពួកគេនឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីដណ្តើមបានជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Wolfsburg កាលពីចុងសប្តាហ៍ថ្មីៗនេះ។
ពូល F
Dortmund v Sporting
Dortmund របស់អាល្លឺម៉ង់ បានចាប់ផ្តើមយ៉ាងល្អក្នុងពូល F ហើយនិងត្រូវឈ្នះកៅអីរបស់ពួកគេក្នុងវគ្គ ១៦ ក្រុម ប្រសិនបើពួកគេផ្តួលក្រុម Sporting នៅកីឡដ្ឋាន Signal Iduna Park។
ក្រុម Dortmund បានទទួលជ័យជម្នះ ២-១ នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងប្រទេសព័រទុយហ្គាល់ កាលពីពេលថ្មីៗនេះ និងចាញ់តែមួយលើកគត់ក្នុងចំណោមការប្រកួត ១១ លើកចុងក្រោយរបស់ពួកគេ។ ប៉ុន្តែ ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Schalke ក្នុងការប្រកួតកាលពីចុងសប្តាហ៍ថ្មីៗនេះ។
Sporting ត្រូវតែដណ្តើមឲ្យបានលទ្ធផលជាវិជ្ជមានដើម្បីរក្សាឱកាសនៃការទៅវគ្គបន្ត ប៉ុន្តែ ពួកគេបានទទួលលទ្ធផលស្មើ ១ លើក និងបានរងបរាជ័យដល់ទៅ ១១ លើកក្នុងចំណោមការប្រកួតទាំង ១២ លើកចុងក្រោយរបស់ពួកគេនៅលើទឹកដីអាល្លឺម៉ង់។

Legia Warsaw v Real
ក្រោយពីមានឧប្បត្តិហេតុផ្សេងៗក្នុងពេលចាញ់ក្រុម Dortmund ៦-០ ក្នុងផ្ទះខ្លួនឯង ក្រុម Legia នឹងត្រូវជួបជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯក នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនាក្នុងរដ្ឋធានីរបស់ប៉ូឡូញ។
ក្រុម Legia ចាញ់ ៥-១ នៅលើកទឹកដីក្រុម Real កាលពី ២ សប្តាហ៍មុន និងមិនទាន់ទទួលបាន ១ ពិន្ទុនៅឡើយទេក្នុងពូលនេះ ហើយការបរាជ័យមួយផ្សេងទៀត នឹងធ្វើឲ្យពួកគេធ្លាក់ចេញ។
Real នឹងឈានទៅវគ្គបន្ត ប្រសិនបើឈ្នះ ស្របពេល Dortmund ឈ្នះដូចគ្នា។ ក្រុមរបស់លោក Zinedine Zidane បានកម្តៅសាច់ដុំតាមរយៈការផ្តួលក្រុម Alaves ៤-១ និងមិនស្គាល់ចាញ់សោះពីការប្រកួត ១៥ លើកនៅរដូវកាលនេះ។
ពូល G
Copenhagen v Leicester
ក្រុម Leicester អាចនឹងឈានទៅវគ្គ ១៦ ក្រុមនៃក្របខ័ណ្ឌ Champions League ប្រសិនបើម្ចាស់ជើងឯកអង់គ្លេសមួយនេះ ទទួលបានលទ្ធផលនៅលើទឹកដីក្រុម Copenhagen ដែលមានតែ ៤ ពិន្ទុគត់មកទល់ពេលនេះ។ ក្នុងនាមជាក្រុមតែមួយដែលដណ្តើមបាន ៩ ពិន្ទុពេញពីការប្រកួត ៣ លើក Leicester កំពុងតែផ្តោតលើការប្រកួតក្របខ័ណ្ឌអឺរ៉ុប។
ការទទួលជ័យជម្នះនៅដាណឺម៉ាក នឹងជួយឲ្យពួកគេនៅវគ្គ ១៦ ក្រុម ហើយពួកគេបានកម្តៅសាច់ដុំតាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Tottenham កាលពីចុងសប្តាហ៍មុន។
Copenhagen ដែលមិនស្គាល់ចាញ់សោះចំនួន ២៣ ប្រកួត មុននឹងចាញ់ ១-០ ក្រោមស្នាដៃក្រុម Leicester កាលពី ២ សប្តាហ៍មុននោះ នឹងឈានទៅកាន់ការប្រកួតនេះ ដោយការមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីករបស់ខ្លួន។
Porto v Club Brugge
ម្ចាស់ជើងឯកឆ្នាំ ២០០៤ Porto នឹងត្រូវប្រជែងជាមួយនឹងក្រុម Copenhagen ដើម្បីឈ្នះកៅអីទៅវគ្គបន្ត ខណៈក្រុមទាំងពីរមានបួនពិន្ទុដូចគ្នា។
ក្រោយពីឈ្នះ ២-១ នៅបែលហ្ស៊ិក ក្រុមម្ចាស់ផ្ទះត្រូវការឈ្នះម្តងទៀតពីការប្រកួតនេះ។ Porto ទើបតែបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Vitoria Setubal ក្នុងក្របខ័ណ្ឌលីកព័រទុយហ្គាល់ កាលពីចុងសប្តាហ៍មុន។
ដោយឡែក Brugge មិនស្គាល់ឈ្នះសោះពីការប្រកួតក្រៅដី ៧ លើករបស់ខ្លួនក្នុងយុទ្ធនាការនេះ។
ពូល H
Sevilla v Dinamo Zagreb
Sevilla ម្ចាស់ជើងឯក Europa League កំពុងស្មើពិន្ទុជាមួយនឹងក្រុម Juventus នៅលើកំពូលតារាង ហើយពួកគេនឹងត្រូវប៉ះក្រុមក្រូអាស៊ី Dinamo Zagreb ដែលបានរងបរាជ័យ ៣-០ និង ៤-០ ក្រោមស្នាដៃក្រុម Lyon និង Juventus មុននឹងចាញ់ក្រុម Sevilla ១-០ កាលពី ២ សប្តាហ៍មុន។
Sevilla បានរកគ្រាប់បាល់បញ្ចូលទីតែ ២ គ្រាប់គត់ក្នុងយុទ្ធនាការនេះដើម្បីទទួលបាន ៧ ពិន្ទុ ក្រោយពីបញ្ចប់ក្នុងលទ្ធផលស្មើជាមួយ Juventus។ និងឈ្នះ Lyon ១-០។ Dinamo មិនធ្លាប់ឡើងផុតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ហើយនិងត្រូវធ្លាក់ចេញ បើចាញ់។
Juventus v Lyon
ម្ចាស់ជើងឯករងឆ្នាំ ២០១៥ Juventus នឹងឈ្នះកៅអីទៅវគ្គបន្ត ប្រសិនបើយកឈ្នះលើក្រុមបារាំង Lyon។
Juventus មិនស្គាល់ចាញ់សោះក្នុងការប្រកួតលើតឹកដីខ្លួនឯងចំនួន ១៨ លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌអឺរ៉ុប និងទើបតែបានផ្តួលក្រុម Napoli ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីចុងសប្តាហ៍មុន។
ក្រុមម្ចាស់ផ្ទះ បានកត់ត្រាជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Lyon កាលពី ២ សប្តាហ៍មុន។
ខ្សែប្រយុទ្ធ Alexandre Lacazette បានវិលទៅរកភាពមុតស្រួចវិញ តាមរយៈការជួយឲ្យក្រុម Lyon ទទួលជ័យជម្នះ ២-១ នៅលើទឹកដី Toulouse កាលពីចុងសប្តាហ៍មុន។
រាល់ការប្រកួតទាំងអស់នឹងចាប់ផ្តើមនៅវេលាម៉ោង ២:៤៥ ទៀបភ្លឺ៕


