ភ្នំពេញៈ គណៈកម្មការនាយករបស់គណបក្សសង្គ្រោះជាតិដែលមានសមាជិកចំនួន ១២៥ នាក់កាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងគោលនយោបាយមួយដែលមានគោលបំណងតម្រង់ទិសឆ្ពោះទៅរកការបោះឆ្នោតក្នុងរយៈពេល ២ ឆ្នាំទៀតប៉ុន្តែមន្រ្តីគណបក្សមិនទាន់បាននិយាយលម្អិតអំពីធាតុនៃគោលនយោបាយនេះទេខណៈដែលការបោះឆ្នោតសម្រេចថាគួរឲ្យលោក សម រង្ស៊ី ប្រធានគណបក្សចូលស្រុក ឬមិនចូលក៏មិនទាន់បានសម្រេចដែរ។
គណបក្សសង្គ្រោះជាតិបានទទួលរងការរិះគន់នាឆ្នាំនេះពីមជ្ឈដ្ឋានមួយចំនួនរួមទាំងមន្រ្តីផ្ទាល់ពីររូបរបស់ខ្លួនចំពោះការបរាជ័យមិនបានចេញគោលនយោបាយលម្អិតអំពីរបៀបដោះស្រាយបញ្ហារបស់ប្រទេសចាប់តាំងពីខ្លួនឈ្នះបាន ៥៥ អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ប៉ុន្តែបានព្យាយាមទប់ស្កាត់ការរិះគន់នេះ។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីខែសីហា បានចែកចាយគោលនយោបាយព្រាងចំនួន ៦៧ ទំព័រដែលត្រូវបានជួយអភិវឌ្ឍដោយវិទ្យាស្ថាន Konrad Adenauer របស់អាល្លឺម៉ង់ហើយអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងថាកិច្ចប្រជុំកាលពីម្សិលមិញបានអនុម័តនូវឯកសារដដែលដែលត្រូវបានកែសម្រួលបន្តិចបន្តួច។
លោក សុវណ្ណ បានព្រាងគោលនយោបាយនេះតាំងប្រហែលពីឆ្នាំ ២០១៥ ហើយយើងបានរៀបចំសិក្ខាសាលាចំនួន ៦ »។«នៅសិក្ខាសាលានេះយើងមានការគាំទ្រ និងការចូលរួមពី…អ្នកជំនាញរបស់អាល្លឺម៉ង់»។
លោក សុវណ្ណ បានថ្លែងថាសេចក្តីព្រាងច្បាប់នេះផ្តល់លើវិស័យចំនួន ៧ គឺកែលម្អជីវភាពរបស់ប្រជាជន គោរពសិទ្ធិមនុស្ស ការធ្វើទំនើបកម្មរដ្ឋ ការអភិវឌ្ឍដោយមានសមភាព ការការពារបូរណភាពទឹកដី និងការកែលម្អទំនាក់ទំនងវិស័យការពារជាតិ និងទំនាក់ទំនងបរទេស។
លោកមិនបានបញ្ជាក់លម្អិតជាងនេះទេហើយបានថ្លែងថាឯកសារនេះមិនទាន់រួចរាល់សម្រាប់ការចែកចាយជាសាធារណៈទេ។
ទោះយ៉ាងណាក្តីឯកសារព្រាងដែលចែកចាយដោយលោក សម រង្ស៊ី កាលពីខែសីហាបានរៀបរាប់អំពីវិស័យអាទិភាពទីមួយគឺការបង្កើតការងារ និងបានលើកឡើងផងដែរថារដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិគ្រោងដាក់ចេញនូវប្រព័ន្ធគាំពារសុខភាពដែលមិនគិតថ្លៃសម្រាប់អ្នកក្រីក្រ។
ឯកសារនេះក៏បានលើកឡើងផងដែរថាគណបក្សសង្គ្រោះជាតិនឹងកំណត់អត្រាការប្រាក់សម្រាប់កម្ចីមីក្រូហិរញ្ញវត្ថុត្រឹមតែ ១ ភាគរយក្នុងមួយខែដើម្បីបញ្ឈប់បញ្ហាកំណើនបំណុលដែលកំពុងកើនឡើងនៅតាមជនបទហើយនឹងព្យាយាមចែកប្រាក់ដែលទទួលបានពីវិទ្យាស្ថានអន្តរជាតិនានាផ្ទាល់ទៅឲ្យប្រទេសផងដែរ។
ឯកសារព្រាងថ្មីរបស់គណបក្សសង្គ្រោះជាតិឥឡូវនេះបែរទៅរកគោលនយោបាយជាក់ស្តែងដោយគណបក្សខណៈវាកំពុងខិតទៅជិតការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ខែមិថុនា និងការបោះឆ្នោតជាតិឆ្នាំ ២០១៨។
កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈដែលបានជំរុញឲ្យមានគោលនយោបាយច្រើនជាងមុននៅក្នុងគណបក្សបានថ្លែងថា៖ «ឯកសារនេះកំណត់ថា តើយើងជានរណាហើយអ្វីជំរុញយើង៖ អត្តសញ្ញាណ និងតម្លៃរបស់យើង។ វាដើរតួជាត្រីវិស័យមួយនៅពេលយើងសរសេរគោលនយោបាយអំពីបញ្ហាជាក់លាក់»។
កញ្ញាបានបន្ថែមថា៖ «តំណាងរាស្រ្ត និងមន្រ្តីរបស់គណបក្សសង្គ្រោះជាតិនឹងតម្រង់ទិសដៅទៅរកបញ្ហាជាក់លាក់ជាមួយការលើកឡើងនូវដំណោះស្រាយដើម្បីឲ្យអ្នកបោះឆ្នោតមានគំនិតអំពីថាតើរដ្ឋាភិបាលគណបក្សសង្គ្រោះជាតិនឹងមើលទៅមានលក្ខណៈដូចម្តេច»។
កញ្ញាបានកំណត់អត្តសញ្ញាណវិស័យអប់រំ ការគាំពារសុខភាព កសិកម្ម និងអំពើពុករលួយជាចំណុចចម្បងសម្រាប់គោលនយោបាយអនាគត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលដែលជាអង្គការឃ្លាំមើលការបោះឆ្នោតបានថ្លែងថាលោករីករាយដែលគណបក្សសង្គ្រោះជាតិឈានទៅរកការបង្កើតគោលនយោបាយហើយថ្លែងថាវានៅមានពេលច្រើនដើម្បីបង្កើតជំហរលើបញ្ហាជាតិ។
លោកបានថ្លែងថា៖ «សម្រាប់ការបោះឆ្នោតជាតិគោលនយោបាយរបស់គណបក្សគឺជាផ្នែកសំខាន់មួយនៃយុទ្ធនាការ។ ប៉ុន្តែសម្រាប់ការបោះឆ្នោតឃុំសង្កាត់។ វាគឺអាស្រ័យទៅលើបេក្ខជន។ ប្រជាជនមើលតើតែនរណានឹងក្លាយជាចៅសង្កាត់របស់ខ្ញុំ?»។ «ឃុំសង្កាត់ផ្សេងគ្នាមានបញ្ហាផ្សេងគ្នា។ ដូច្នេះគណបក្សនៅកម្រិតមូលដ្ឋានគួរមានការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងគោលនយោបាយដើម្បីឆ្លើយតបនឹងបញ្ហាមូលដ្ឋាន»។
នៅពេលចេញពីកិច្ចប្រជុំនេះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានគំរាមឲ្យមានការបោះឆ្នោតក្នុងអំឡុងកិច្ចប្រជុំនេះដើម្បីសម្រេចថា តើលោក សម រង្ស៊ី គួរត្រឡប់មកប្រទេសកម្ពុជាវិញឬអត់បានថ្លែងថាមិនមានការបោះឆ្នោតបែបនេះទេនៅក្នុងអំឡុងកិច្ចប្រជុំប៉ុន្តែព្រះអង្គបានមានបន្ទូលថាព្រះអង្គរីករាយដែលគោលនយោបាយនេះត្រូវបានពិភាក្សា។
ព្រះអង្គបន្តថា ការធ្វើឲ្យគោលនយោបាយនេះក្លាយជាគោលច្បាស់លាស់ និងងាយស្រួលយល់ដែលជាការងារមួយទៀត។
ព្រះអង្គម្ចាស់បានបន្តទៀតថា៖ «ឥឡូវនេះយើងមានឯកសារ ៧០ ទំព័រទាំងនេះហើយប្រែក្លាយវាទៅជាអ្វីមួយដែលងាយស្រួលយល់សម្រាប់ប្រជាជន»៕ PS


