ក្រុងប៉ារីស: បាល់បោះ បានក្លាយជាកីឡាចុងក្រោយបំផុតដែលចង់បានវិញ្ញាសាបន្ថែមមួយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូឆ្នាំ២០២០ ស្របពេលដែលក្រុមម្ចាស់ផ្ទះកំពុងតែខិតខំព្យាយាមធ្វើឲ្យក្រុមកីឡាបាល់បោះជម្រើសជាតិរបស់ខ្លួនមានវត្តមានក្នុងយុទ្ធនាការអូឡាំពិកមួយនេះ។
លោក Horacio Muratore ប្រធានសហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA) បានប្រាប់ AFP ថា ការកែទម្រង់ថ្មីរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានធ្វើឲ្យកីឡាបាល់បោះតាមដងវិថី ដែលជាការប្រកួតរវាងកីឡាករបីនាក់ទល់នឹងបីនាក់ ក្លាយជាបេក្ខភាពដ៏ចម្បងមួយសម្រាប់ឆ្នាំ២០២០។
កីឡាបោះបាល់ Squash (ស្រដៀងវាយកូនបាល់) និងកីឡាដូចជាការ៉ាតេដូ កំពុងតែធ្វើការព្យាយាមបញ្ចុះបញ្ចូលយ៉ាងអន្ទះសាក្នុងការប្រជែងដណ្តើមយកកៅអីមួយក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ។
ការផ្លាស់ប្តូររបស់ IOC ក្នុងការកំណត់លើចំនួនវិញ្ញាសាដែលឈ្នះមេដាយកុំឲ្យច្រើនជាងប្រភេទកីឡា បានផ្តល់នូវក្តីសង្ឃឹមច្រើនជាងដល់មេដឹកនាំរបស់សហព័ន្ធដូចជាលោក Muratore ជាដើម។ ទីក្រុងម្ចាស់ផ្ទះក៏អាចជ្រើសរើសយកប្រភេទកីឡាមួយដែលខ្លួនចូលចិត្តផងដែរ។
លោក Muratore បានឲ្យដឹងថា ការកែទម្រង់៤០ចំណុចក្នុងអូឡាំពិក គឺជាការ «ទទួលជោគជ័យមួយ» សម្រាប់លោក Thomas Bach ប្រធាន IOC និង «ពិតជាសំខាន់ណាស់» សម្រាប់កីឡាបាល់បោះ ខណៈដែលលោកសង្កត់ធ្ងន់ទៅលើវត្តមានរបស់កីឡាបាល់បោះប្រកួតបីនាក់ទល់នឹងបីនេះក្នុងអូឡាំពិក។ កីឡាបាល់បោះខ្នាតតូចមួយនេះ ដែលត្រូវលេងក្នុងល្បឿនលឿននៅលើទីលានតូចជាងទីលានធម្មតាពាក់កណ្តាល បង្ហាញវត្តមានរួចជាស្រេចក្នុងការប្រកួតអូឡាំពិកយុវជន ហើយក៏នឹងក្លាយជាប្រភេទកីឡាក្នុងព្រឹត្តិការណ៍អឺរ៉ុបជាលើកទី១ក្នុងទីក្រុង Baku នាខែមិថុនា ផងដែរ។
លោក Muratore បាននិយាយថា៖ «ការកែទម្រង់នេះបើកចំហទ្វារដល់យើងសម្រាប់ការប្រកួតបីនាក់ ទល់នឹងបីនាក់។ នេះជាជំហានឆ្ពោះទៅមុខមួយដែលផ្តល់ឲ្យនូវក្តីសង្ឃឹមដ៏ធំមួយថា ក្នុងអូឡាំពិកឆ្នាំ២០២០ គណៈកម្មការរៀបចំការប្រកួត នឹងបញ្ចូលការប្រកួតកីឡាបាល់បោះនេះជាវិញ្ញាសាបន្ថែមមួយ»។
ប្រធាន FIBA បានបញ្ជាក់ប្រាប់បន្តថា៖ «នេះនឹងក្លាយជាជំហានឆ្ពោះទៅមុខមួយ ប្រសិនបើវាត្រូវបានគេទទួលយក ពីព្រោះវាជាគោលបំណងរបស់យើងក្នុងការពង្រឹងការប្រកួតបីនាក់ទល់នឹងបីនាក់នេះទូទាំងពិភពលោក និងជាផ្នែកមួយនៃអូឡាំពិក»។
Muratore បានបន្ថែមទៀតថា៖ «ក្នុងអូឡាំពិកយុវជនលើកចុងក្រោយក្នុងទីក្រុងណានជីង ប្រទេសជាច្រើនដែលអ្នកមិនធ្លាប់ឮពីភាពល្បីល្បាញពីការប្រកួត៥នាក់ ទល់នឹង៥នាក់ ដូចជាអង់ដូរ៉ា អ៊ីរ៉ាក់ កាតា ហ្គាម និងប្រទេសតូចៗជាច្រើន បច្ចុប្បន្ន កំពុងតែបង្កើតភាពល្បីល្បាញលើឆាកអន្តរជាតិទៅលើការប្រកួតបីនាក់ទល់នឹងបីនាក់»។
កាតាបានឈ្នះពានផ្នែកបុរសក្នុងវិញ្ញាកីឡាបាល់បោះបីនាក់ទល់នឹងបីនាកនាព្រឹត្តិការណ៍ World Championships នៅឆ្នាំនេះ ខណៈដែលក្រុមប្រទេសជើងខ្លាំង សហរដ្ឋអាមេរិក បានឈ្នះពានក្នុងវិញ្ញាសាផ្នែកនារី។
ខណៈដែលកីឡាករឆ្នើមៗដូចជា Kobe Bryant និង Lebron James ធ្វើការគ្រប់គ្រងក្នុងការប្រកួតកីឡាបាល់បោះលើទីលានធម្មតា កីឡាករ Dusan Domovic ”Raging Bull” Bulut និង Dejan Majstorovic របស់ស៊ែប៊ី គ្រប់គ្រងក្នុងការប្រកួតបីនាក់ទល់នឹងបីនាក់។
FIBA ប្រឈមមុខនឹងការប្រជែងមួយទៀតក្នុងប្រទេសជប៉ុន ក្រោយពីបានដាក់ពិន័យព្យួរដល់ប្រទេសនេះពីបទមិនអាចច្របាច់បញ្ចូលគ្នារវាងលីកកីឡាបាល់បោះរបស់ពួកគេ។ ក្រុមកីឡាបាល់បោះជម្រើសជាតិជប៉ុន អាចនឹងអវត្តមានក្នុងអូឡាំពិកទីក្រុង Rio ប្រសិនបើពួកគេមិនអាចកែទម្រង់ឲ្យទាន់ពេលវេលាទេតនោះ៕ IS


