ក្រុងសៅប៉ូឡូ: អត្តពលិករបស់ប្រទេសអេត្យូពីបានកត់ត្រាជ័យជម្នះចំនួនពីរកាលពីថ្ងៃពុធក្នុងការរត់ប្រណាំងនៅមុនថ្ងៃចូលឆ្នាំថ្មីក្នុងទីក្រុងសៅប៉ូឡូ ខណៈដែលកីឡាករ Dawit Admasu បានឈ្នះមេដាយមាសសម្រាប់ការប្រកួតលើវិញ្ញាសាបុរស ហើយម្ចាស់ជើងឯកឆ្នាំ២០០៨ Ymer Wude Ayalew បានឈ្នះមេដាយមាសលើវិញ្ញាសានារី។
អត្តពលិករបស់កេនយ៉ា បានទទួលជ័យជម្នះទាំងលើវិញ្ញាសាបុរស និងស្ត្រី ក្នុងការប្រកួតពីរឆ្នាំចុងក្រោយ ប៉ុន្តែ នៅពេលនេះ ភាពខ្លាំងរបស់ពួកគេបានបាត់បង់ក្នុងការរត់ប្រណាំងដ៏ធំបំផុតរបស់ទ្វីបអាមេរិកឡាទីនមួយនេះ។
កីឡាករ Admasu ដែលដណ្តើមបានចំណាត់ថ្នាក់នាំមុខគេរួចជាស្រេចក្នុងពេលចាប់ផ្តើមប្រណាំងនោះ បានទៅដល់ខ្សែបន្ទាត់ទីក្នុងល្បឿនយ៉ាងលឿនដើម្បីធ្វើឲ្យអត្តពលិកផ្សេងទៀតរត់ដេញតាមពីក្រោយគេយ៉ាងឆ្ងាយ។ Admasu បានបំពេញការរត់ប្រណាំងចម្ងាយ១៥គីឡូម៉ែត្រតាមរយៈការរត់កាត់ទីក្រុងដ៏មានប្រជាប្រិយភាពជាងគេបំផុតរបស់ប្រេស៊ីលក្នុងថិរវេលា៤៥នាទី និង៤វិនាទី ដើម្បីនាំមុខលើកីឡាករកេនយ៉ា ចំនួន១វិនាទី ខណៈដែលកីឡាករតង់ហ្សានី Fabiano Naasi បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងថិរវេលា៤៥នាទី និង១០វិនាទី។
កីឡាករ Edwin Kipsang Rotich របស់កេនយ៉ា បានទទួលជ័យជម្នះលើវិញ្ញាសាបុរសចំនួនពីរលើកចុងក្រោយ។
ស្របពេលជាមួយគ្នានោះ កីឡាការិនី Ayalew បានបញ្ចប់ការគ្រប់គ្រងរបស់កេនយ៉ាក្នុងវិញ្ញាសារត់ប្រណាំងនារីដើម្បីកត់ត្រាជ័យជម្នះជាលើកទី២របស់នាង។
Ayalew បានឈ្នះក្នុងថិរវេលា៥០នាទី និង៤៣វិនាទី ខណៈដែលកីឡាការិនី Netsanet Kebede ដែលជាមិត្តរួមជាតិរបស់នាង បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ជាលើកទី២ជាប់ៗគ្នា បន្ទាប់ពីដេញតាមពីក្រោយ៣វិនាទី។
កីឡាការិនីកេនយ៉ា Priscah Jeptoo ដែលបានឈ្នះកាលពីឆ្នាំ២០១១ បានឈរលេខ៣ ដោយដេញតាមពីក្រោយ៣៦វិនាទី។
ការទទួលបានលទ្ធផលដ៏ល្អបំផុតរបស់ប្រេស៊ីល បានកើតឡើងពីសំណាក់កីឡាករ Giovani dos Santos ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥លើវិញ្ញាសាផ្នែកបុរស ក្រោយពីទទួលបានចំណាត់ថ្នាក់លេខ៤កាលពីឆ្នាំ២០១២ និង២០១៣។
កីឡាការិនី Joziane da Silva Cardoso បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨លើវិញ្ញាសាផ្នែកនារី។ ប្រេស៊ីលបានឈ្នះការប្រណាំងលើកចុងក្រោយកាលពីឆ្នាំ២០១០ នៅពេលដែលកីឡាករ Marilson dos Santos ដែលកំពុងផ្តោតអារម្មណ៍ទៅលើការត្រៀមសម្រាប់អូឡាំពិកទីក្រុង Rio បានឈ្នះលើវិញ្ញាសាផ្នែកបុរស៕ IS

