ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃនេះបានឱ្យដឹងថាក្នុងរយៈពេលជិត ៦ ខែ ក្នុងឆ្នាំនេះអ្នកវិជ្ជមានជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) មានជិត ១ ពាន់ករណីហើយ ដែលជំងឺនេះបានបន្តរីករាលដាលដល់ ២៣ ខេត្ត-ក្រុង ខណៈក្រសួងអំពាវឱ្យអនុវត្តវិធានការទាំងអស់គ្នានិងរៀនរស់តាមបែបគន្លងថ្មី។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលចុះថ្ងៃទី ២២ ខែសីហានេះ បានឱ្យដឹងថា យោងតាមលទ្ធនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ៩៩៩ នាក់ ។
អ្នកវិជ្ជមានទាំងនោះរួមមាន ទាំងលើអ្នកដំណើរតាមជើងហោះហើរ ពលករមកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសាជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ៩៩៩ នាក់ (ស្រី្ត ៤៩០ នាក់) ហើយបានប៉ះពាល់ដល់ ២៣ រាជធានី-ខេត្ត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ។
ក្រសួងបានគូសបញ្ជាក់ថា ៖«យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត »។
ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭក និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា “រៀនរស់នៅធម្មតាជាមួយរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូរី១៩”សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅកម្ពុជា ជាយថាហេតុណាមួយ ៕


