ក្រុងប៉ារីស៖ អ្នកគាំទ្រក្រុមអ្នកមាននៅបារាំង Paris Saint-Germain(PSG) បាននាំគ្នាមកជួបជុំ ដើម្បីរង់ចាំការមកដល់របស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានធ្វើការលាទាំងរំជួលចិត្តក្រុមយក្សនៅអេស្ប៉ាញ Barcelona កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
អ្នកហែហមដ៏ស្មោះត្រង់របស់ក្រុម PSG បានមករួមគ្នា នៅខាងក្រៅកីឡដ្ឋាន Parc des Princes និងនៅឯព្រលានយន្តហោះ ដែលនៅភាគខាងជើងរដ្ឋធានីនៃប្រទេសបារាំង កាលពីថ្ងៃចន្ទ ខណៈដែលក្រុមហ៊ុនម្ចាស់ក្លិប កំពុងត្រៀមបន្ថែមឈ្មោះកីឡាករវ័យ ៣៤ ឆ្នាំ ទៅក្នុងក្រុមមួយ ដែលមានរួចហើយនូវស៊ុបភើស្តារ Neymar និង Kylian Mbappe។
ក្រុងប៉ារីស ត្រូវបានរំពឹងថា ជាគោលដៅបន្ទាប់របស់កីឡាករ Messi ក្រោយសម្រេចចាកចេញទាំងទឹកភ្នែកពីក្រុម ដែលគេធ្វើជាតំណាងមករហូតរយៈពេល ១៧ ឆ្នាំ នៃការងារអាជីពដ៏រុងរឿងរបស់គេ។
តែយ៉ាងណាក្ដី កាលពីថ្ងៃចន្ទ អ្នកយកព័ត៌មានពី AFP TV បានប្រទះឃើញម្ចាស់ជយលាភីពាន Ballon d”Or ៦ សម័យរូបនេះ នៅតែស្ថិតនៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅជិតក្រុងបាសេឡូណា ក្បែរៗក្រុមគ្រួសាររបស់គេ ព្រមទាំងមិត្ត និងអតីតមិត្តរួមក្រុម Luis Suarez។
ក្រោយមក បណ្ដាញសារព័ត៌មាន នៅបារាំង ធ្វើសេចក្ដីរាយការណ៍ថា Messi ធ្វើដំណើរទៅកោះ Ibiza ដើម្បីធ្វើការចរចាជាមួយក្រុម ដែលមានមូលដ្ឋាននៅក្រុងប៉ារីស។
បន្ទាប់ពីមានការប្រកាស កាលពីសប្ដាហ៍មុន ដោយក្រុម Barca ថា ខ្លួនមិនអាចលៃលករក្សាទុកកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ គ្រប់រដូវកាលរបស់ខ្លួនបាននោះឡើយ ក្រុម PSG បានលេចមុនជាក្រុម ដែលមានសិទ្ធិខ្ពស់ជាងគេ ក្នុងការដណ្ដើមបានហត្ថលេខារបស់ Messi។
ក្រុម PSG បានមើលឃើញថា Messi គឺជាចំណែកដែលបាត់ ក្នុងល្បែងតម្រៀបរូបភាពរបស់ខ្លួន ខណៈដែលពួកគេ កំពុងតាមយកពានក្របខ័ណ្ឌ Champions League ជាពានរង្វាន់មួយ ដែលពួកគេចង់បានជាងអ្វីទាំងអស់។
នៅក្រៅទីលានឯណោះវិញ ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការផ្ទេររបស់កីឡាករមាឌល្អិតរូបនេះ បានធ្វើឱ្យមានអ្នកតាមគណនីបណ្ដាញសង្គមរបស់ក្លិប PSG កើនរហូតដល់ ១,២ លានបន្ថែមទៀត គិតតាំងពីថ្ងៃសុក្រមក។
«ខ្ញុំរីករាយ ប្រសិនបើគាត់ (Messi) មកដល់ក្រុងប៉ារីស។ គាត់ជាកីឡាករដ៏ល្អបំផុតក្នុងលោក ខ្ញុំរំភើប និងរីករាយ ពេលគិតថា មានគាត់នៅក្នុងក្រុម»។ នេះជាសម្ដីរបស់កីឡាករចំណូលថ្មីរបស់ក្រុម PSG គឺអ្នកចាំទី Gianluigi Donnarumma ដែលនិយាយប្រាប់ទូរទស្សន៍ Sky Sports Italia កាលពីថ្ងៃចន្ទ៕ AFP/V


