
ឆ្នាំ ណាមិនតឹង បែរជាមកតឹងនៅឆ្នាំនេះ?»។ នេះជាការសរសេរលេបខាយរបស់អ្នកប្រើហ្វេសប៊ុកមួយចំនួន ស្ដីពីការរឹតបន្ដឹងការប្រឡងទុតិយភូមិឆ្នាំថ្មីនេះ។ កន្លងមក គេឃើញថា ការបែកធ្លាយ [វិញ្ញាសា ប្រឡង] ប្រ៊ីយ៉ុង ការលួចចម្លង និងការសូកប៉ាន់បានក្លាយជាទម្លាប់ដ៏សាមញ្ញសម្រាប់ការប្រឡង មធ្យមសិក្សាថ្នាក់ជាតិទៅហើយ ហើយពាក្យ«ប្រឡង»បាក់ឌុបត្រូវបានមតិមួយចំនួនប្រែមកជា ពាក្យ«ចម្លង»បាក់ឌុបទៅវិញ។
ហេតុដូចច្នេះហើយទើបថ្មីៗក្រសួង អប់រំ យុវជន និងកីឡា បានប្រកាសដាក់ចេញនូវនីតិវិធីក្នុងការប្រឡង និងបទប្បញ្ញត្ដិថ្មីដែលរហូតដល់ការដាក់ទោសទណ្ឌដល់សិស្សានុសិស្ស ដែលលួចចម្លង និងការសូកប៉ាន់ក្នុងអំឡុងពេលប្រឡងថែមទៀតផង។



កញ្ញា សន ឆវីវត្ដី ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងជាសិស្សពូកែអក្សរសាស្ដ្រខ្មែរប្រចាំរាជធានី ឲ្យដឹងថា ឆ្នាំនេះការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាមានការផ្លាស់ប្ដូរ ទម្រង់ស្ទើរតែ១៨០ដឺក្រេមែន។ ប៉ុន្ដែកញ្ញាយល់ឃើញថា វាក៏ជាឱកាសល្អសម្រាប់សិស្សពូកែ និងសិស្សឧស្សាហ៍រៀនសូត្រឲ្យទទួលបានភាពយុត្ដិធម៌ពីការប្រឡង នេះ និងគុណភាពអប់រំក៏ប្រសើរផងដែរ។
កញ្ញា ឆវីវត្ដី បានបន្ដថា៖ «តាមតែខ្ញុំដឹង ឆ្នាំនេះយើងប្រឡងតែ៧មុខវិជ្ជាទេ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ និងភាសាអង់គ្លេស [សម្រាប់អ្នកជ្រើសរើសវិទ្យាសាស្ដ្រពិត] ព្រមទាំងមុខវិជ្ជាមួយទៀតដែលក្រសួងនឹងផ្ដល់ឲ្យមុនពេលប្រឡង មួយខែ។ វិញ្ញាសាមួយចំនួននឹងត្រូវសរសេរលើក្ដារខៀនដើម្បីចៀសវាងការលួចបន្លំ ឬបែកធ្លាយ និងការសូកប៉ាន់ក្នុងថ្នាក់ជាដើម ហើយគ្រូ និងសិស្សប្រព្រឹត្ដល្មើសត្រូវជាប់ទោសទណ្ឌតាមច្បាប់»។
ទោះបីជា មានការរឹតបន្ដឹងក្នុងពេលប្រឡងយ៉ាងណាក៏ដោយ ក៏កញ្ញាបានអះអាងថា កញ្ញាមិនបារម្ភទេ ពីព្រោះកញ្ញាជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ហើយថា វាជាទង្វើលើកទឹកចិត្ដដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រជា ជាងរង់ចាំតែបើកចាក់។
ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូក កញ្ញា ម៉ែន សុធានិត បានគាំទ្រចំពោះការរឹតបន្ដឹងនេះដោយលើកឡើងថា វាអាចជួយឲ្យគុណភាពអប់រំរបស់កម្ពុជាមានការផ្លាស់ប្ដូរកាន់តែ ប្រសើរ។ កញ្ញាជឿជាក់ថា ក្រសួងពិតជាអាចធ្វើកំណែទម្រង់នេះបានសម្រេចដែលប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ពីព្រោះកញ្ញាសង្កេតឃើញថា ក្រោយពីមានការប្រកាសផ្លាស់ប្ដូរនេះ សិស្សភាគច្រើនបានប្ដូរឥរិយាបថរបស់ខ្លួន និងខិតខំសិក្សាជាងមុន។
កញ្ញា សុធានិត បានបន្ថែមថា៖ «ខ្ញុំអត់មានការព្រួយបារម្មអ្វីឡើយ ព្រោះខ្ញុំជឿជាក់លើសមត្ថភាពខ្លួនឯង តែអ្វីដែលខ្ញុំមិនទុកចិត្ដបំផុតគឺការសរសេរវិញ្ញាសានៅលើ ក្តារខៀន ដោយសារគ្រូដែលចូលមកត្រួតពិនិត្យមានឯកទេសខុសពីមុខវិជ្ជា ប្រឡង គាត់អាចសរសេរ ឬពន្យល់របៀបធ្វើលំហាត់ខុសពីរបៀបដើម»។
យ៉ាងណា មិញ កញ្ញាបានឲ្យដឹងថា៖ «មិត្តភក្ដិជាច្រើនរអ៊ូរទាំពីការធ្វើកំណែទម្រង់ថ្មីនេះ ដោយពួកគេក៏និយាយថា វាភ្លាមៗ និងតឹងតែងពេកសម្រាប់ជំនាន់របស់ពួកគេ ហើយខ្លះថា ពួកគេរៀនមិនទាន់ទេ និងមិនសូវជឿលើក្រសួងឡើយ។ ប៉ុន្ដែខ្ញុំសង្ឃឹមថា មិត្តទាំងអស់ដែលនឹងត្រូវប្រឡងជាមួយគ្នាអាចធ្វើបាន គ្រាន់តែខិតខំរៀនបន្តិច និងយកចិត្តទុកដាក់នៅពេលរៀនបន្តិចចាប់ពីពេលឥឡូវទៅ»។
ពាក់ព័ន្ធនឹងកំណែទម្រង់នេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានពន្យល់ត្រួសៗពីកំណែទម្រង់នៃការផ្លាស់ប្តូររបៀបប្រឡង ថ្នាក់ទី១២ឆ្នាំនេះថា៖ «ការប្ដូររបៀបប្រឡងនេះ យើងចង់បានស្តង់ដារមួយដែលអាចឆ្លើយតបនឹងតម្រូវការការងារនាពេល បច្ទុប្បន្ន និងដើម្បីទទួលបាននូវគុណភាពមួយដែលសិស្សនិស្សិតយើងក្រោយពេល បញ្ចប់ការសិក្សាអាចមានចំណេះ និងជំនាញយកទៅប្រើការបាន»។
លោក បានបញ្ជាក់ថា ការដាក់ទោសទណ្ឌចំពោះការល្មើសបទប្បញ្ញតិនានាក្នុងការប្រឡង ក្រសួងកំពុងតែរៀបចំផ្សព្វផ្សាយច្បាប់នោះដោយយោងតាមក្រមច្បាប់ ដែលបានចែងក្នុងបទប្បញ្ញតិរបស់ក្រសួង ព្រមទាំងការមើលទៅលើការចែងច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលុយ តែភាពលម្អិតនៃការដាក់ទោសទណ្ឌមិនទាន់បានបញ្ជាក់ឲ្យបាន ច្បាស់ទេនៅពេលនេះ។
រីឯ អ្នកស្រី អុក ឆាយយ៉ាវី អនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ឃើញថា វិធានការរឹតបន្ដឹងការប្រឡងនេះគ្មានឥទ្ធិពលដល់កំណែទម្រង់ គុណភាពអប់រំនៅកម្ពុជាឡើយ។ អ្នកស្រីបានពន្យល់ប្រាប់ពីមូលហេតុថា៖ «កំណែទម្រង់លើកនេះ ក្រសួងធ្វើឡើងដើម្បីតែព្យាយាមលាងកំហុសរបស់ខ្លួន និងគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ពីព្រោះវិធានការ និងយុទ្ធសាស្ដ្ររបស់ក្រសួងមានជារៀងរាល់ឆ្នាំ តែភាពមិនប្រក្រតីជុំវិញការប្រឡងនៅតែមានដដែល»។
អ្នកស្រីមិន គាំទ្រចំពោះការដាក់ទោសទណ្ឌដល់គ្រូ និងសិស្សនោះទេ ដោយបានលើកឡើងថា៖ «ការដាក់ទោសទណ្ឌលើការប្រព្រឹត្ដប្បញ្ញត្ដិ វាមានប្រសិទ្ធភាពលើអ្នកគ្មានអំណាច ទន់ខ្សោយ និងក្រីក្រប៉ុណ្ណោះ ហើយបើចង់ចាប់អ្នកប្រព្រឹត្ដអំពើពុករលួយមែន វាគួរតែធ្វើចំពោះមន្ដ្រីធំៗ និងអ្នកមានអំណាចវិញទើបត្រូវ»។
អ្នកស្រីបាន រៀបរាប់ពីវិធានការលុបបំបាត់អំពើមិនប្រក្រតីនាពេលប្រឡង និងពង្រឹងគុណភាពអប់រំនៅកម្ពុជាថា៖ «នៅពេលណាដែលគ្រូបង្រៀនមានតម្លៃក្នុងសង្គម ពួកគាត់មានតម្លៃក្នុងការអប់រំ តែបើឲ្យពួកគាត់រស់អត់តម្លៃ តើឲ្យតម្លៃលើវិស័យអប់រំយ៉ាងដូចម្ដេច?»។
អ្នកស្រីបានសំណូមពរថា៖ «ក្រសួងអប់រំគួរតែមានគោលការណ៍ច្បាស់លាស់លើផែនការ យុទ្ធសាស្ដ្ររបស់ខ្លួន និងផ្ដល់ព័ត៌មានដល់សមាគមគ្រូបង្រៀនឲ្យបានរហ័ស និងយកចិត្ដទុកដាក់ឲ្យបានខ្ពស់លើប្រាក់បៀវត្សរ៍របស់គ្រូបង្រៀនដែលសមស្របនឹងតម្លៃទំនិញលើទីផ្សារ»។
ឆ្លើយតបនឹងមតិ ខាងលើ លោករដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រឡងដ៏តឹងតែងរបៀបនេះនឹងធានាបាននូវតម្លាភាព និងគុណភាពអប់រំ។ លោកបានលើកឡើងថា៖ «ការប្រឡងនេះ មិនមែនក្រសួងធ្វើឡើងដើម្បីប្រយោជន៍ខ្លួនឯងនោះទេ គឺធ្វើដើម្បីសិស្សានុសិស្សទាំងអស់ឲ្យមានគុណភាព និងសមត្ថភាព ព្រមទាំងដើម្បីលុបបំបាត់ភាពមិនប្រក្រតីក្នុងពេលប្រឡងដែលកើតមាន កន្លងមក»។
លោកបន្ដថា៖ «ក្រសួងក៏ព្យាយាមស្វែងយល់ពីសិស្សវិញដែរ ទើបយើងកាត់នូវមុខវិជ្ជាមួយចំនួនដើម្បីផ្ដល់ឱកាស និងពេលវេលាគ្រប់គ្រាន់ដល់ពួកគេរៀបចំមេរៀន និងអនុវត្ដវាបានស្ទាត់មុនពេលប្រឡងថ្នាក់ជាតិ»។
ចុងក្រោយ លោក ហង់ ជួនណារ៉ុន បានផ្តាំផ្ញើថា៖ «ខ្ញុំសង្ឃឹមថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដោយរៀនសូត្រជាប្រចាំ គ្រប់គ្រងពេលវេលាសិក្សាឲ្យបានល្អ អានឲ្យច្រើន មើលឲ្យច្រើន និងត្រូវចេះជ្រើសរើសមុខវិជ្ជាដែលខ្លួនឯងចូលចិត្ត រួចរៀនវាឲ្យបានច្បាស់ទើបអាចចាប់យកចំណេះ និងជំនាញមួយពិតប្រាកដបាន»៕


