រោងចក្រផលិតបារីចំនួន២ទីតាំងផ្សេងគ្នា នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន ចុះបង្ក្រាប និងបិទកាលពីពេលថ្មីៗនេះ។ នេះបើយោងតាម លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់គណៈកម្មាធិការទី៣ របស់រដ្ឋសភា ដែលបានចុះមកសិក្សាស្វែងយល់ពីវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តតាកែវ កាលព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។
លោក វ៉ី សំណាង បានបញ្ជាក់ថា ការចុះមកបិទរោងចក្រផលិតបារី ២ទីតាំង នៅក្នុងខេត្តតាកែវនេះ បន្ទាប់ពីមានការស្រាវជ្រាវពីសំណាក់សមត្ថកិច្ចចិន និងសមត្ថកិច្ចកម្ពុជា ដោយរកឃើញថា «រោងចក្រនេះផលិតបារីខុសច្បាប់ ជាបារីអេឡិចត្រូនិចដែលកម្ពុជា បានហាមប្រាមមិនឱ្យមានការប្រើប្រាស់»។
កន្លងមកអាជ្ញាធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ហាមប្រាម កុំឱ្យពលរដ្ឋ ជាពិសេសយុវជនយុវវ័យប្រើប្រាស់ បារីអេឡិចត្រូនិក ព្រោះមានផលប៉ះពាល់ ធ្ងន់ធ្ងរបំផុត ដល់សុខភាព នឹងអាចឈានទៅដល់ការបាត់បង់អាយុជីវិតថែមទៀតផង ប្រសិនបើបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។
ម្យ៉ាងទៀត បារីអេឡិចត្រូនិច ក៏ត្រូវបានច្បាប់ ហាមឃាត់មិនឱ្យចែកចាយលក់ ព្រោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដែលប៉ះពាល់បំផុតដល់សង្គមជាតិថែមទៀត៕

