ក្រសួងមហាផ្ទៃបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយរំលឹកដល់គណបក្សនយោបាយនានាថា ការទទួលវិភាគទានពីអង្គភាពបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយ។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីថ្ងៃទី២១ ខែមិថុនា ពីសារព័ត៌មានឥណ្ឌា The Sunday Guardian ដែលអះអាងថា មានស្ថាប័នរបស់សហរដ្ឋអាមេរិកមួយមានផែនការគាំទ្រគណបក្សប្រឆាំងនៅមុនការបោះឆ្នោតនាពេលខាងមុខ ជាពិសេសការរួមបញ្ចូលគ្នា។
សារព័ត៌មានដដែលបានយោងតាមសំណើសម្ងាត់មួយដែលខ្លួនទទួលបាន ហើយបានអះអាងថា មូលនិធិមានទឹកប្រាក់ ២ លានដុល្លារត្រូវបានគ្រោងទុកដើម្បីពង្រឹងចលនាប្រឆាំងនៅកម្ពុជា។ ប្រភពដដែលបន្តថា ផែនការនេះរួមមានការច្របាច់បញ្ចូលគ្នានៃគណបក្សចំនួន ៥ ឱ្យទៅជាអង្គការនយោបាយតែមួយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨។
សារព័ត៌មាននេះបានបញ្ជាក់ថា «គម្រោងសម្រាប់ការពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញ និងការប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា» ឬ Project for Democratic Revitalization and Electoral Competitiveness in Cambodia ទំនងជាត្រូវបានផ្តល់មូលនិធិដោយអង្គការមូលនិធិជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (NED)។
NED គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និងទទួលបានថវិកាពីសភាសហរដ្ឋអាមេរិក។ គោលដៅដែលបានប្រកាសរបស់អង្គការនេះ គឺការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក តាមរយៈការគាំទ្រដល់ក្រុមនយោបាយ ក្រុមធុរកិច្ច សហជីព និងទីផ្សារសេរី។
អត្ថបទសារព័ត៌មានឥណ្ឌាបានបញ្ជាក់ឈ្មោះគណបក្សនយោបាយចំនួន ៥ រួមមាន គណបក្សភ្លើងទៀន, គណបក្សឆន្ទៈខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត ដែលខ្លួនជឿថានឹងទទួលបានអត្ថប្រយោជន៍ពីមូលនិធិដែលត្រូវបានលើកឡើងនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃបានរំលឹកឡើងវិញថា ច្បាប់ស្តីពីគណបក្សនយោបាយបានចែងយ៉ាងច្បាស់ថា គណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទាន ទោះក្នុងរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានហិរញ្ញប្បទានពីប្រភពបរទេស។
ក្រសួងបានបញ្ជាក់ថា៖ «ក្នុងករណីមានការរំលោភបំពាន ច្បាប់អនុញ្ញាតឱ្យក្រសួងដាក់ទណ្ឌកម្មជាប្រាក់ ហើយក៏អាចប្តឹងទៅតុលាការកំពូលដើម្បីសុំរំលាយគណបក្សនយោបាយដែលពាក់ព័ន្ធនោះផងដែរ។ ច្បាប់ក៏បានចែងបន្ថែមទៀតថា គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមឱវាទ ឬក្រោមការបង្គាប់បញ្ជា ឬការត្រួតពិនិត្យរបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេសណាមួយឡើយ»។
ក្រសួងបន្តថា៖ «ក្នុងករណីមានការបំពាន តុលាការអាចផ្អាកសកម្មភាពរបស់គណបក្សនយោបាយដែលពាក់ព័ន្ធ ឬក្នុងករណីរំលោភបំពានធ្ងន់ធ្ងរ អាចបង្គាប់ឱ្យរំលាយចោលតែម្តង»។
ក្រសួងដដែលបានលើកទឹកចិត្តដល់គណបក្សនយោបាយទាំងអស់ឱ្យអនុវត្ត និងបន្តធ្វើសកម្មភាពរបស់ខ្លួនឱ្យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រសួងបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងបែបនេះ រួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការកសាងជាតិ និងការអភិវឌ្ឍជាតិ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងឯកភាពជាតិ»៕

