រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់រុស្ស៊ី ចាប់តាំងពីប្រទេសនេះ ចូលឈ្លានពានអ៊ុយក្រែនថា នឹងបន្តទិញប្រេងពីក្រុងម៉ូស្គូ។ ជំហានបែបនេះនឹងប្រឆាំងចំពោះកិច្ចប្រឹងប្រែងរបស់លោកខាងលិច ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះ ដោយការដាក់ទណ្ឌកម្ម។
លោក Jaishankar បានជួបសមភាគីរុស្ស៊ីលោក Sergey Lavrov នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ អមដោយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកលើកសិកម្ម ប្រេង និងឧស្ម័នធម្មជាតិ កំពង់ផែ និងការដឹកជញ្ជូន ហិរញ្ញវត្ថុ សារធាតុគីមី និងជី ហើយនិងពាណិជ្ជកម្ម ដែលលោក Jaishankar និយាយថា បង្ហាញពីសារសំខាន់នៃទំនាក់ទំនងជាមួយរុស្ស៊ី។
លោក Jaishankar បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា៖ «រុស្ស៊ីជាដៃគូ ដែលមានស្ថិរភាព និងប្រសិទ្ធភាពយ៉ាងយូរអង្វែង។ ការវាយតម្លៃជាក់ស្ដែងនៃទំនាក់ទំនងរបស់យើង ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នឹងបញ្ជាក់ថា វាពិតជាបានបម្រើប្រទេសរបស់យើងទាំង ២ បានយ៉ាងល្អ»។ លោកបានបន្ថែមថា ក្នុងនាមឥណ្ឌាជាអ្នកប្រើប្រាស់ប្រេង និងឧស្ម័នធំជាងគេទី៣ របស់ពិភពលោក វាជាកាតព្វកិច្ចមូលដ្ឋានឥណ្ឌា និងរុស្ស៊ី ក្នុងការធានាថា អតិថិជនឥណ្ឌាមានលទ្ធភាពប្រើប្រាស់ប្រេង នៅលើទីផ្សារអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណេះ លោក Jaishankar បានលើកឡើងទៀត៖ «យើងបានឃើញថា ទំនាក់ទំនងឥណ្ឌា និងរុស្ស៊ី បានធ្វើការដើម្បីប្រយោជន៍។ ប្រសិនបើវាដំណើរការដើម្បីផលប្រយោជន៍របស់ខ្ញុំ ខ្ញុំចង់បន្តទៅមុខទៀត»។
គួរបញ្ជាក់ថា ឥណ្ឌាមិនបានថ្កោលទោស ឬដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន ដូចសម្ព័ន្ធមិត្តលោកខាងលិចនោះទេ។ ផ្ទុយទៅវិញ ឥណ្ឌាបានបង្កើនការទិញប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ី ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាអតិថិជនដ៏ធំបំផុតទី២ បន្ទាប់ពីចិនលើការនាំចូលប្រេងពីរុស្ស៊ី។
បន្ថែមពីលើលោក Jaishankar សមភាគីលោក Lavrov បានសរសើរជំហររបស់មិត្តឥណ្ឌា ដែលពឹងផ្អែកយ៉ាងមហាសាលលើសព្វាវុធរុស្ស៊ី និងបានចោទប្រកាន់ប្រទេសលោកខាងលិចថា បានព្យាយាមបង្រួបបង្រួមតួនាទីរបស់ខ្លួន នៅក្នុងកិច្ចការពិភពលោក ហើយរារាំងទំនាក់ទំនងអន្តរជាតិបែបលទ្ធិប្រជាធិបតេយ្យ។ យោងតាមលោក Lavrov រុស្ស៊ី និងឥណ្ឌាក៏ចង់សហការកាន់តែជិតស្និទ្ធ ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងការរុករកផ្នែកអវកាសផងដែរ។
គួររំឭកថា ការប្រកាសរបស់Jaishankar កាលពីថ្ងៃអង្គារ បានធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ទៅកាន់ទីក្រុង New Delhi នៅចុងសប្តាហ៍នេះ ដែលក្នុងទស្សនកិច្ចនោះលោកស្រី Yellen រំពឹងថា នឹងពិភាក្សាអំពីផែនការរបស់ក្រុមប្រទេសទាំង ៧ (G7) ដើម្បីកំណត់តម្លៃប្រេងរុស្ស៊ីជាមួយមន្ត្រីឥណ្ឌា ដែលជាផ្នែកមួយនៃទណ្ឌកម្ម៕
វីដេអូ៖


