ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងរាយការណ៍ថា កូរ៉េខាងជើង មានសិទ្ធិបើកការវាយប្រហារសត្រូវជាមុន ដោយប្រើអាវុធនុយក្លេអ៊ែរ ដើម្បីជាការការពារខ្លួន ក្រោមច្បាប់ថ្មីរបស់ប្រទេស។
ច្បាប់ថ្មីនេះ ត្រូវបានអនុម័តឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយសភាកំពូលកូរ៉េខាងជើង ស្របពេលដែលអ្នកសង្កេតការណ៍និយាយថា ក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងរៀបចំការបាញ់សាកល្បងអាវុធប្រល័យលោកឡើងវិញ ក្រោយផ្អាកដំណើរការតាំងពីឆ្នាំ ២០១៧។
លោកប្រធានាធិបតី គីម ជុងអ៊ុន អះអាងថា ច្បាប់នេះ គូសបញ្ជាក់ពីការរារាំងកិច្ចពិភាក្សាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ និងការវិវត្តទៅមុខនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែល «មិនអាចដើរថយក្រោយបាន»។
លោកថ្លែងទៅកាន់សភា ក្នុងសម្ដីដ៏មាំថា៖ «សារៈសំខាន់បំផុតនៃការបង្កើតច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរ គឺការដាក់កំហិតយ៉ាងដាច់ណាត់បំផុត ដើម្បីកុំឱ្យមានការចរចាលើអាវុធនុយក្លេអ៊ែររបស់យើង បើទោះបីជាកូរ៉េខាងជើងត្រូវទទួលរងទណ្ឌកម្ម ១សតវត្សរ៍ក៏ដោយ»។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះ នឹងជំនួសឱ្យច្បាប់ស្ដីពីនុយក្លេអ៊ែរឆ្នាំ ២០១៣។ ច្បាប់ស្ដីពីនុយក្លេអ៊ែរឆ្នាំ ២០១៣ ដែលចែងថា កូរ៉េខាងជើងអាចប្រើអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់ការឈ្លានពាន ឬការវាយប្រហារពីរដ្ឋនុយក្លេអ៊ែរណាមួយ និងការវាយប្រហារសងសឹក។ ចំណែកច្បាប់ថ្មីនេះ បើកផ្លូវឱ្យកូរ៉េខាងជើង ធ្វើការវាយប្រហារនុយក្លេអ៊ែរទុកជាមុន បើកូរ៉េខាងជើងដឹងថា មានការវាយប្រហារដោយអាវុធប្រល័យលោកណាមួយ រៀបនឹងកើតឡើងមកលើខ្លួន។
គេមើលឃើញថា ច្បាប់ថ្មីនេះ មានលក្ខណៈស្រដៀងនឹងយុទ្ធសាស្រ្តសម្លាប់ជាខ្សែច្រវាក់ ឬ «Kill Chain» របស់កូរ៉េខាងត្បូង ដែលអនុញ្ញាតឱ្យក្រុង សេអ៊ូល អាចវាយប្រហារជាមុន លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើមានការសង្ស័យថា ក្រុងព្យុងយ៉ាង នឹងធ្វើការវាយប្រហារមកលើខ្លួន។
ច្បាប់ថ្មីដដែលរបស់កូរ៉េខាងជើង មានចែងផងដែរ អំពីការហាមឃាត់រាល់ការចែកព័ត៌មានទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយនឹងប្រទេសផ្សេងទៀត។ នៅចំពោះមុខច្បាប់ថ្មីនេះ អ្នកវិភាគនិយាយថា គោលបំណងរបស់លោក គីម ជុងអ៊ុន គឺធ្វើយ៉ាងណាឱ្យអន្តរជាតិទទួលយកកូរ៉េខាងជើងក្នុងឋានៈជារដ្ឋដែលមានអំណាចនុយក្លេអ៊ែរមួយដែរ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត៕
វីដេអូ៖


