សហរដ្ឋអាមេរិក និងអូស្ត្រាលី បាននិយាយ កាលពីថ្ងៃអង្គារទី៦ ខែធ្នូ ថា ខ្លួននឹងស្វាគមន៍ឱ្យមានការចូលរួមពីទា ហានជប៉ុន ក្នុងការឆ្លាស់ទ័ពត្រីភាគី ដោយប្ដេជ្ញាបង្កើតទ័ពជួរមុខរួមគ្នាមួយ ដើម្បីទប់ទល់នឹងការជឿនលឿនខាងយោធាដ៏ឆាប់រហ័សរបស់ប្រទេសចិន។
រដ្ឋមន្ត្រីការពារជាតិ និងក្រសួងការបរទេសអូស្ត្រាលី បានលើកឡើងថា ខ្លួនបានយល់ព្រមបង្កើនល្បឿននៃអន្តរកម្មយោធាជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីនេះ នៅទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានប្រាប់អ្នកសារព័ត៌មានថា៖ «វាពិតជាសំខាន់ណាស់ ដែលយើងធ្វើកិច្ចការនេះតាមទស្សនៈនៃការផ្តល់តុល្យភាព និងការចូលរួមពីប្រទេសដទៃទៀត ក្នុងតំបន់របស់យើង ហើយយើងទន្ទឹងរង់ចាំមើល ដើម្បីអាចឱ្យមានការចូលរួមកាន់តែច្រើនពីជប៉ុន» ។ លោក Marles បានថ្លែងបន្តថា៖ «យើងអាចទៅជប៉ុន នៅចុងសប្តាហ៍នេះ ហើយនឹងអញ្ជើញជប៉ុនឱ្យចូលរួម ក្នុងសមយុទ្ធបន្ថែមទៀតជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងថា សម្ព័ន្ធមិត្តនឹងស្វែងរកការចូលរួមរបស់ជប៉ុន ក្នុងប្រតិបត្តិការរួមគ្នា នៅអូស្ត្រាលី ដែលសហរដ្ឋអាមេរិក បានធ្វើការឆ្លាស់កងម៉ារីន តាំងពីឆ្នាំ២០១១ នៅទីក្រុង Darwin ដែលជាទីក្រុងយុទ្ធសាស្ត្រភាគខាងជើងអូស្ត្រាលី ដែលរងការវាយប្រហារពីជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទី២។ លោក Austin បានបន្តថា សហរដ្ឋអាមេរិក និងអូស្ត្រាលី បានព្រមព្រៀងគ្នា ក្នុងការបង្កើនការឆ្លាស់កងកម្លាំងទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងទាហាន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
លោក Austin បានបន្ថែមទៀតថា៖ «យើងបានយល់ព្រម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រីភាគី និងអញ្ជើញជប៉ុនឱ្យធ្វើសមាហរណកម្មទៅក្នុងគំនិតផ្តួចផ្តើមនៃកងកម្លាំងរបស់យើងនៅអូស្ត្រាលី»។
គួរគូសបញ្ជាក់ថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញារបស់សហរដ្ឋអាមេរិក បានស្វែងរកកិច្ចសហប្រតិ បត្តិការការទូតកាន់តែច្រើនឡើងជាមួយអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែទំនាក់ទំនងផ្នែកការពារជាតិមានភាពរសើបជាងមុន ដោយសារតែគោលនយោបាយយោធារបស់ក្រុងតូក្យូ ក្រោយបរាជ័យក្នុងសង្គ្រាមលោកលើកទី២។ យ៉ាងណាមិញ កាលពីខែតុលាជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនងសន្តិសុខរបស់ពួកគេ ដោយអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពាររបស់ជប៉ុនហ្វឹកហាត់ នៅប្រទេសអូស្ត្រាលី និងធ្វើការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយគ្នាកាន់តែច្រើន។
កន្លងមក សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានប្រឹងប្រែងសហការជាមួយគ្នា ក្នុងការទប់ទល់នឹងការរីកសាយ ភាយកាន់តែខ្លាំងនៃឥទ្ធិពលរបស់ចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនភីង។ ប្រទេសទាំង៣ ក៏បានធ្វើការជាមួយគ្នាផងដែរ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈសម្ព័ន្ធមិត្តសន្តិសុខទាំង៤ «Quad» ដែលមានឥណ្ឌាមួយទៀតជាសមាជិក ដែលហាក់មានការស្ទាក់ស្ទើរ ក្នុងការចូលរួមទប់ទល់នឹងចិន៕
វីដេអូ៖


