
ក្រុង តូក្យូៈ ក្រុមហ៊ុន Nintendo ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនវីដេអូហ្គេមធំជាងគេរបស់ពិភពលោក បានបញ្ចប់ការទិញភាគហ៊ុនត្រឡប់មកវិញចំនួន ១១៤ ពាន់លានយ៉េន (១,១ ពាន់លានដុល្លារ) កាលពីថ្ងៃម្សិលមិញ ខណៈដែលសមាជិកគ្រួសារ Yamauchi ដែលជាស្ថាបនិករបស់ក្រុមហ៊ុននេះបានលក់ភាគហ៊ុនមួយចំនួនដែលខ្លួនកំពុងកាន់កាប់។
ក្រុមហ៊ុនមួយនេះបានទិញយកភាគហ៊ុនចំនួន ៩,៥ លានហ៊ុនមកវិញ ឬស្មើនឹងប្រមាណ ៧,៤ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលដាក់លក់ក្នុងទីផ្សារក្នុងតម្លៃ ១២ ០២៥ យ៉េនក្នុងមួយហ៊ុននៅម៉ោងបិទផ្សារហ៊ុនកាលពីថ្ងៃចន្ទ នេះបើតាមគេហទំព័ររបស់ផ្សារហ៊ុនក្រុង តូក្យូ។
ក្រុមហ៊ុនផលិតវីដេអូហ្គេមមួយនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា ទាយាទរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុននេះគឺលោក Hiroshi Yamauchi ដែលបានកាន់កាប់ភាគហ៊ុនចំនួនប្រមាណ ១០ ភាគរយនៃភាគហ៊ុនសរុបមុនពេលលោកទទួលមរណភាពកាលពីខែ កញ្ញា បានលក់ភាគហ៊ុនមួយចំនួនរបស់ខ្លួន។
ក្រុមហ៊ុន Nintendo បានប្រកាសទិញយកភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ ខណៈលោក Satoru Iwata ប្រធានក្រុមហ៊ុននេះព្យាយាមផលិតផលិតផលថ្មី បន្ទាប់ពីម៉ាស៊ីន Wii U មិនអាចទាក់ទាញអតិថិជនបាន។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង ក្យូតូ ប្រទេស ជប៉ុន មួយនេះ បានធ្វើឲ្យទីផ្សាររំជើបរំជួលកាលពីខែ មករា នៅពេលក្រុមហ៊ុននេះបានព្យាករពីការខាតបង់ប្រចាំឆ្នាំដ៏គួរឲ្យភ្ញាក់ផ្អើល ទម្លាក់ការព្យាករពីការលក់ម៉ាស៊ីនហ្គេម និងផ្នែករឹង និងបានប្រកាសថា ក្រុមហ៊ុនខ្លួនកំពុងពិចារណាលើគំរូអាជីវកម្មថ្មីមួយ៕ B.P


