ក្រុងញូវដែលីៈ ក្រុងញូវដែលីបានថ្លែងកាលពីល្ងាចថ្ងៃអង្គារថា ក្រុមមេបញ្ជាការយោធាមកពីប្រទេសឥណ្ឌា និងចិន បានឯកភាពគ្នា ដើម្បី «ឈប់បញ្ជូនកងកម្លាំងបន្ថែមទៀត» ទៅកាន់ព្រំដែនជួរភ្នំហិម៉ាល័យ មានជម្លោះរបស់ពួកគេ ក្រោយពីកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងប្រទេសក្បែរខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង ២ នេះ។
ទំនាក់ទំនងរកាំរកូស រវាងប្រទេសមហាយក្សអាស៊ីទាំង ២ បានធ្លាក់ចុះបន្ថែមទៀត ក្រោយពីបានប៉ះទង្គិចខាងអាកប្បកិរិយាកាន់តែឃោរឃៅខ្លាំងឡើង នៅក្នុងតំបន់ឡាដាក់ហ៍សម្បូរទៅដោយភ្នំយ៉ាងច្រើន នៅជិតព្រំដែនកាលពីថ្ងៃទី ១៥ ខែមិថុនា ដែលនៅក្នុងនោះកងកម្លាំងឥណ្ឌា ២០ នាក់បានស្លាប់។
ក្រុមមេបញ្ជាការយោធាប្រទេសទាំង ២ បានរៀបចំកិច្ចពិភាក្សាជាច្រើនលើក ដោយមានគោលបំណងចង់បន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីផ្ទុះឧប្បត្តិហេតុកាលពីខែមិថុនា ដោយបើកកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃចន្ទកន្លងទៅ មានការរីកចម្រើនតិចតួច បានធ្វើឡើងរហូតមកទល់ពេលនេះ។
យោធាឥណ្ឌាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំង ២ បានឯកភាពគ្នា ឈប់ «បញ្ជូនកងកម្លាំងបន្ថែមទៀត ទៅកាន់ព្រំដែនជួរមុខដោយមិនឲ្យចល័តកម្លាំងថ្មើរជើងជាឯកតោភាគី និងបញ្ចៀសការចាត់វិធានការណាមួយ ដែលអាចនឹងធ្វើឲ្យស្ថានការណ៍ស្មុគស្មាញនៅទីនោះ»៕ SK

