ភ្នំពេញ: បន្ទាប់ពីឡើងយន្តហោះទៅដែនកោះអូស្ត្រាលីដើម្បីទម្លាក់សម្ពាយទុក្ខជាច្រើនឆ្នាំក្នុងជីវិតអាពាហ៍ពិពាហ៍នោះ ទីបំផុតអ្នកនាង យ៉ាន លីនដា បានសរសេរនូវពាក្យពេចន៍រំលេចអារម្មណ៍ឈឺផ្សាក្នុងនាមជាភរិយាអត់ទ្រាំហិង្សាស្វាមីរហូតដល់ចំណុចឆ្អែតចិត្តរើសផ្លូវបំបែក។
ទោះយ៉ាងណាក្ដី ឆ្លើយតបនឹងសាររបួសបេះដូងធ្ងន់ធ្ងររបស់ភរិយា លោក យ៉ែម សំអូន នៅតែទទូចថា ភរិយារបស់លោកថ្លែងបែបនេះព្រោះតែអារម្មណ៍ខឹងសម្បាមួយភ្លើងដែលបញ្ឆេះឡើងដោយពាក្យចចាមអារ៉ាម ហើយលោកក៏អះអាងដដែលថា ចំណងស្នេហ៍មួយទសវត្សរ៍កន្លះនេះនឹងវិលមករកក្ដីសុខជុំគ្នាវិញ។
រូបថតបែកធ្លាយបង្ហាញស្នាមរបួសលើកាយរបស់អ្នកនាង យ៉ាន លីនដា ដែលគេល្បីថាជាស្នាដៃកម្រោលរបស់ស្វាមីប្រើហិង្សាវ៉ៃដំរូបនាង បានធ្វើឲ្យមហាជនស្ទើរតែមិនជឿ ព្រោះតែកន្លងមកអ្នកណាៗក៏ចាត់ទុក យ៉ាន លីនដា និង លោក យ៉ែម សំអូន ថាជាតារាប្ដីប្រពន្ធគំរូដែរ។ អ្វីដែលរឹតតែស្មានមិនដល់នោះគឺមានប្រភពអ្នកសិល្បៈទម្លាយទៀតថា អំពើហិង្សានេះបានកើតឡើងក្នុងបន្ទប់ម៉ាស្សានៅភ្នំពេញ បន្ទាប់ពីអ្នកនាង យ៉ាន លីនដា តាមទាន់ស្វាមីនាំបុរសដែលនាងសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហ៍ភេទដូចគ្នា។
ខណៈដំណឹងស្នេហ៍ផិតក្បត់ជាមួយដៃគូភេទដូចគ្នាត្រូវបានលោក យ៉ែម សំអូន បដិសេធដាច់អហង្ការហើយលោកអះអាងថា របួសស្នាមលើប្រាណភរិយាគឺជាឧបទ្ទវហេតុចៃដន្យនោះ ឥឡូវស្រាប់តែអ្នកនាង យ៉ាន លីនដា បានបង្ហោះសារដ៏វែងអន្លាយគាស់កកាយទុក្ខសោកដែលបិទបាំងដោយស្នាមញញឹមក្លែងក្លាយរាប់ឆ្នាំឲ្យសាធារណជនដឹង។

ក្នុងសារដ៏វែងបង្ហោះកាលពីថ្មីៗនេះ អ្នកនាងបានចាប់ផ្ដើមជាមួយនឹងប្រយោគ៖ «ជម្រាបសួរពុកម៉ែ បងប្អូន ជនរួមជាតិជាទីគោរព។ ក្នុងនាមនាងខ្ញុំ ជាកូនខ្មែរ ជាស្ត្រីខ្មែរ ជាសិល្បការិនីខ្មែរមួយរូប នាងខ្ញុំស្គាល់ច្បាស់ពីតម្លៃនៃជាតិសាសន៍របស់ខ្លួនស្គាល់ពីតម្លៃរបស់ស្ត្រី ស្គាល់ពីតម្លៃខ្លួនឯង និងស្គាល់ពីតួនាទីរបស់ខ្ញុំក្នុងនាមជាប្រពន្ធ ជាម្តាយ។ ជាការពិតណាស់ ចង្កៀងក្នុងផ្ទះអ្នកណា គឺច្បាស់ជាភ្លឺក្នុងផ្ទះអ្នកនោះ។ ខ្ញុំជាស្រីម្នាក់ ក៏ព្រោះតែភាពទន់ខ្សោយ ទើបកន្លងមក នាងខ្ញុំទ្រាំ ទន្ទេញតែពាក្យមួយម៉ាត់គត់ជាប់នឹងចិត្ត ខួរក្បាលរបស់ខ្ញុំគឺ ទ្រាំ»។
អ្វីដែលឆ្លុះបញ្ចាំងពីការរងទុក្ខផ្លូវកាយត្រូវស្វាមីវាយដំនោះគឺ ពិធីការិនីខ្មែររូបស្រស់មានសញ្ជាតិអូស្ត្រាលីរូបនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់នាងទៀតថា៖ «ការសម្រេចចិត្តរបស់ខ្ញុំពេលនេះ ព្រោះខ្ញុំចង់ចាកចេញពីរូបភាពក្លែងក្លាយ ចេញពីគំនាប ចេញពីសម្ពាធ ចេញពីរង្វង់កំណត់ជីវិត ចេញពីស្នាមញញឹមសិប្បនិម្មិត ខ្ញុំឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តយូរល្មមគ្រប់គ្រាន់ហើយ ក៏មិនមែនលើកទីមួយដែរ ក្ដីស្រឡាញ់ ដែលលើកដៃមកវាយធ្វើបាបខ្ញុំបែបនេះ តើនៅមានប៉ុន្មានដងទៀត នៅសេសសល់ក្ដីស្រឡាញ់ចុងក្រោយទាំងប៉ុន្មានគឺសម្រាប់កូនរបស់ខ្ញុំទាំងអស់។ ខ្ញុំមានមោទនភាពណាស់ដែលខ្លួនឯងបានបំពេញតួនាទីជាម្ដាយ ព្រោះខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំគឺជាម្ដាយដ៏ល្អរបស់កូនខ្ញុំជារៀងរហូត ចុះអ្នក?»។
ក្រោយពីការបង្ហោះសារដ៏ជូរចត់របស់អ្នកនាង យ៉ាន លីនដា នេះហើយ ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមសុំការបកស្រាយជាថ្មីពី លោក យ៉ែម សំអូន ប៉ុន្តែលោកនៅតែរក្សាជំហរដដែលថា អ្វីដែលភរិយាលោកធ្វើ និងសរសេរគឺកើតចេញពីអារម្មណ៍ខឹងមួយគ្រាខ្លី ហើយលោកនឹងអាចប៉ះប៉ូវចំណងស្នេហ៍ប្រេះស្រាំវិញបាន។
ជំនួបតាមទូរស័ព្ទម្ដងនេះ លោកថ្លែងយ៉ាងខ្លីថា៖ «ខ្ញុំមិនមានអ្វីត្រូវបកស្រាយច្រើនទេ ហើយអ្វីដែលប្រពន្ធខ្ញុំធ្វើនេះ គឺកើតចេញពីអារម្មណ៍ខឹងខ្លាំងព្រោះតែដំណឹងចចាមអារ៉សមដ៏ហួសហេតុរហូតនាងទ្រាំមិនបាន។ តែខ្ញុំនៅតែរំពឹងយ៉ាងមុតមាំថា យើងនឹងមានការជួបគ្នាយ៉ាងល្អ បន្ទាប់រឿងនេះបានកន្លងមួយរយៈទៅ»៕


