ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញបានបើកសវនាការអតីតមេបញ្ជាការយោធា ខេត្តតាកែវម្នាក់ពាក់ព័ន្ធបទឆបោកទិញលក់ដី ១០០ ហិកតា កាលពីឆ្នាំ ២០១១ នៅខេត្តកំពត ហើយត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ១ ឆ្នាំ ៦ ខែ ហើយសំណុំរឿងនេះត្រូវប្រកាសនៅព្រឹកនេះ។
លោក ចាយ ចាន់តារាវណ្ណ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះបានថ្លែងចំពោះមុខជនជាប់ចោទថា សំណុំរឿងនេះជនជាប់ចោទក៏ប្តឹងទាស់ព្រះរាជអាជ្ញារងខេត្តកំពតក៏ប្តឹងទាស់ត្រង់ទណ្ឌកម្មទោសជនជាប់ចោទ។
តាមអង្គហេតុ ជនជាប់ចោទ ឈ្មោះ ជា សុខ ឫទ្ធី ភេទ ប្រុស អាយុ ៥៧ឆ្នាំ ជាអតីតមេបញ្ជាការយោធាឈរជើងនៅខេត្តតាកែវហើយបានប្រមូលទិញដីស្រែ ១០០ ហិកតាពីប្រជាពលរដ្ឋនៅភូមិជ័យសេនា ស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ ២០១១។ បន្ទាប់មក ជនជាប់ចោទបានលក់ដីនោះឲ្យទៅក្រុមហ៊ុន ស៊ុនហ៊ួ ដោយធ្វើកិច្ចសន្យាថា បើដីនោះមានបញ្ហាគាត់សងមួយជាប្រាំវិញ ដែលមានលោក ស៊ុនហ៊ួ ជាម្ចាស់ក្រុមហ៊ុន ក្នុងតម្លៃ ១០០ លានរៀល។ ដោយមានលិខិតកាន់កាប់ដីនិងមានការដឹងឮពីអភិបាលខេត្តកំពត និងខាងសុរិយោដីផង។ ប៉ុន្តែនៅពេលក្រុមហ៊ុនចូលឈូសឆាយដីរហូតដល់ ១៥២ ហិកតាក៏ត្រូវប្រជាពលរដ្ឋ ២០ គ្រួសារតវ៉ាមិនឲ្យឈូសឆាយហើយខាងអាជ្ញាធរខេត្តបញ្ជាឲ្យផ្អាកដើម្បីដោះស្រាយ។
ក្នុងអង្គហេតុបង្ហាញទៀតថា ដោយកុំឲ្យប្រជាពលរដ្ឋតវ៉ាទៀតខាងក្រុមហ៊ុនបានឲ្យលុយ ៦ ពាន់ដុល្លារទៅជនជាប់ចោទដើម្បីយកទៅដោះស្រាយជាមួយពលរដ្ឋ ប៉ុន្តែការតវ៉ានៅតែដដែល។
ដោយទប់ការតវ៉ាមិនបានជនជាប់ចោទបានសងលុយ ៣៥ ០០០ ដុលា្លរទៅឲ្យលោក ស៊ុន ហ៊ួ វិញ ប៉ុន្តែខាងលោក ស៊ុនហ៊ួ មិនព្រមយកលុយហើយឲ្យជនជាប់ចោទរកដីសងវិញក៏កើតជារឿងប្តឹងប្តល់។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តកំពតបើកសវនាការនិងប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៤ សម្រេចផ្តន្ទាទោស ជនជាប់ចោទដាក់គុក ១ ឆ្នាំ ៦ ខែ តែឲ្យអនុវត្តទោសតែ ៦ ខែ សល់ប៉ុន្មានត្រូវព្យួរ និងបង្គាប់ឲ្យជនជាប់ចោទសងសំណង ៦៨ លានរៀលទៅលោក ស៊ុន ហ៊ួ ។
ជនជាប់ចោទ ជា សុខឫទ្ធី បាននិយាយក្នុងសវនាការនៅមុខមេធាវីក្រុមហ៊ុនស៊ុនហ៊ួ ថា ប្រជាពលរដ្ឋតវ៉ាក៏ព្រោះតែលោក ស៊ុនហ៊ួ ទៅឈួសឆាយរំលោភយកដីប្រជាពលរដ្ឋជុំវិញដី ១០០ ហិកតានោះទើបមានបញ្ហា។ ឯលុយ ៦ ពាន់ដុល្លារដែលលោក ស៊ុនហ៊ួ ឲ្យ គាត់យកទៅរត់ការពាក់ព័ន្ធដីនេះ។
លោក ប៉ាន់ គឹមលាន តំណាងមហាអយ្យការសន្និដ្ឋានថា៖ «រឿងក្តីនេះពាក់ព័ន្ធមិនគោរពកិច្ចសន្យា ដូច្នេះសូមក្រុមប្រឹក្សាពិនិត្យពិចារណាតាមច្បាប់»។
លោក មេធាវីខាងក្រុមហ៊ុនសន្និដ្ឋានថា ជនជាប់ចោទបានយកដីប្រជាជនលក់ឲ្យកូនក្តីគាត់រហូតដល់ពេលនេះខាងក្រុមហ៊ុនមិនធ្វើអ្វីបានលើដីនោះទេ និងសូមឲ្យតុលាការដាក់ទោសជនជាប់ចោទធ្ងន់ជាងនេះ។
អ្នកស្រី បុតីវ៉ាន់ មេធាវីជនជាប់ចោទសន្និដ្ឋានថា៖ «រឿងនេះគ្មានឆបោកអីទេព្រោះមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ ដីនោះលោកអភិបាលខេត្តកំពតគ្រាន់តែចារលើលិខិតថាបានជ្រាបមិនបានទទួលស្គាល់ទេ ហើយលោកស៊ុនហ៊ួបានឈូសឆាយដីដល់ទៅ ១៣៦ ហិកតាប៉ះពាល់ដីពលរដ្ឋ។ ដូច្នេះ សូមតុលាការដោះលែងគាត់»។
ក្រោយពីចំណាយពេលជម្រះជាង ២ ម៉ោងលោក ចាយ ចាន់តារាវណ្ណ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះថ្លែងថា ដីកាសំណុំរឿងនេះត្រូវប្រកាសនៅថ្ងៃសុក្រ ទី ៨ នេះ៕


