ព្រះសីហនុៈ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់និងនៅជាប់ខ្លួនមានកញ្ឆាក្រៀមចំនួន ៧ កញ្ចប់ ស្មើទម្ងន់មួយខាំកាលពីថ្ងៃទី ៥ ខែឧសភា ត្រូវសាលាដំបូងខេត្តព្រះសីហនុឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃទី ៦ ឧសភា។
លោក ជុំ សុគន្ធា អធិការរងក្រុងព្រះសីហនុប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនជាមួយកញ្ឆាក្រៀម ៧ កញ្ចប់នោះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុបានចោទនិងឃុំខ្លួនហើយ។
លោកប្រាប់បន្តថា ជនសង្ស័យ ឈ្មោះ វ៉ាន់ សាយ័ន អាយុ ៣៨ ឆ្នាំត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុមទី៦ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខណៈជនសង្ស័យកាន់កញ្ឆាដើរលក់តាមឆ្នេរឲ្យជនបរទេសជក់។
ជនសង្ស័យប្រាប់សមត្ថកិច្ចថា កញ្ឆាក្រៀមនោះរូបគេបានទិញបន្តពីមនុស្សម្នាក់ក្នុងតម្លៃ ៦០ ដុល្លារក្នុងបំណងលក់ឲ្យជនបរទេសដែលមកកម្សាន្តនៅតាមឆ្នេរសមុទ្រដើម្បីយកចំណេញបន្ដិចបន្ដួចតែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
សូមរំឭកផងដែរថា ទាក់ទិននឹងករណីកញ្ឆានេះដែរ សមត្ថកិច្ចនគរបាលស្រុក ភ្នំក្រវាញ កាលពីសប្តាហ៍មុន បានបង្ក្រាប ចម្ការកញ្ឆាដ៏ធំមួយកន្លែង ស្ថិតនៅក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានកាប់និងដុតបំផ្លាញចោលនូវដើមកញ្ឆាចំនួនជិត ១០ ០០០ ដើម៕


