អ្នកមានបញ្ហាក្នុងការចងចាំទេ? ភ្លេចកាលបរិច្ឆេទថ្ងៃកំណត់បង់ថ្លៃទឹក ភ្លើង ឬភ្លេចសោផ្ទះ? មានបញ្ហាជាមួយនឹងការចងចាំលេខទូរស័ព្ទ ភ្លេចឈ្មោះមិត្តភក្ដិដែលអ្នកទើបតែត្រូវមានគេណែនាំថ្មី?
ទាំងនេះមិនមែនមានន័យថា ខួរក្បាលរបស់អ្នកខ្សោយជាងគេនោះទេ។ តាមពិត ខួរក្បាលមនុស្សមានភាពអស្ចារ្យខ្លាំងណាស់។ មនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពចងចាំបានល្អដូចៗគ្នា។ អ្វីដែលសំខាន់នោះគឺការដឹងពីអាថ៌កំបាំងនៃការបញ្ចូលព័ត៌មានក្នុងអង្គចងចាំរបស់អ្នក និងវិធីសាស្ត្រដើម្បីរំឭកវាឡើងវិញ។ ការចងចាំមិនទាក់ទងនឹងកត្ដាតំណរពូជ (ហ្សែន) ឬដូចពាក្យគេថា ទាល់តែមនុស្សដែលមានខួរក្បាលល្អទើបចងចាំបានល្អទាំងអស់នោះទេ។ នរណាក៏អាចចងចាំបានល្អដែរឲ្យតែព្យាយាមតាំងចិត្តហ្វឹកហាត់វិធីសាស្ត្រងាយៗនៃការចងចាំ ទាំងនេះ។
យើងសូមណែនាំវិធីសាស្រ្តពីរដែលមានប្រសិទ្ធភាពដើម្បីពង្រឹងការចងចាំរបស់អ្នក៖
១. បង្កើនការចងចាំរបស់អ្នកតាមរយៈទិចនិកទីតាំងនៃការចងចាំ ឬ Method of Loci
វិធីសាស្រ្ត ទីតាំងនៃការចងចាំ loci «Method of loci» ឬ Mind Palace (Loci គឺមកពីភាសាឡាតាំង ដែលមានន័យថា ទីតាំង ឬទីកន្លែង)គឺជាវិធីសាស្ត្រនៃការបំប្លែងព័ត៌មានឲ្យទៅជាទម្រង់ផ្សេងមួយទៀតដែលខួរក្បាលយើងងាយស្រួលចងចាំ និងអាចដិតជាប់នៅក្នុងខួរក្បាលបានក្នុងរយៈពេលយូរ។ ជាទូទៅគេត្រូវបំប្លែងព័ត៌មានដែលត្រូវចងចាំឲ្យទៅជារូបភាពជាក់ស្តែងណាមួយក្នុងទីកន្លែងណាមួយដែលគេស្គាល់ច្បាស់ (ដូចជាបន្ទប់គេង ក្នុងផ្ទះ ក្នុងសាលារបស់អ្នកជាដើម)។
អ្នកជើងឯកនៃការចងចាំជាច្រើន បាននិយាយថា ពួកគេប្រើវិធីសាស្ត្រនេះដើម្បីរំឭកពីតួលេខ និងពីបញ្ជី តារាងពាក្យជាដើម។ គេអាចចងចាំលេខច្រើនខ្ទង់ ចាំនូវសន្លឹកបៀទាំងអស់ក្នុងមួយហ៊ូ។ ជាងនេះទៅទៀត វិធីនេះត្រូវបានប្រើសម្រាប់សិស្សប្រឡង ភ្នាក់ងារអ្នកលក់ក្នុងការធ្វើបទបង្ហាញឲ្យចងចាំចំណុចសំខាន់ៗនៅក្នុងសៀវភៅដែលយើងអាន និងសម្រាប់ការចងចាំជាច្រើនទៀត។ សម្រាប់អ្នកដែលមិនធ្លាប់ប្រើទិចនិកនេះប្រហែលជាមិនជឿពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាឡើយ។ អ្វីដែលល្អនោះ ទិចនិកនេះគឺងាយស្រួលរៀនខ្លាំងណាស់។
សិស្សមួយចំនួនប្រើទិចនិកនេះក្នុងការសិក្សាដោយប្រើក្រដាសពណ៌តូចៗជាច្រើនដែលមានការកត់ត្រាពាក្យគន្លឹះបិទជាប់នឹងជញ្ជាំងបន្ទប់របស់គេ។ ពេលទៅប្រឡង គេនឹងព្យាយាមនឹកឃើញនូវចំណុចទាំងឡាយដែលបានបិទជាប់នឹងជញ្ជាំងនោះ។ មានន័យថា គេប្រើទីកន្លែងពិតប្រាកដមួយដើម្បីបង្កើតទីតាំងចងចាំ(Mind Palace)។
ទិចនិកនៃការចងចាំនេះត្រូវបានបង្កើតឡើងជាង២០០០ឆ្នាំមកហើយ ដែលត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសម័យក្រិក និងរ៉ូម ដើម្បីធ្វើការចងចាំ និងដើម្បីឡើងថ្លែងសុន្ទរកថាដែលអាចនឹងមានរយៈពេលដល់ទៅ៤ម៉ោង ពីព្រោះសម័យនោះកាលណាអ្នកធ្វើសុន្ទរកថា គឺត្រូវធ្វើដោយមិនចាំបាច់មើលកំណត់ត្រាដើម្បីបង្ហាញពីភាពអស្ចារ្យនៃការនិយាយរបស់គេ ហើយពេលនោះពុំសូវមានក្រដាសសម្រាប់សរសេរផង។
តើពួកគេធ្វើដោយរបៀបណាក្នុងសម័យនោះ?
ក្នុងសម័យបុរាណ ប្រជាជនរ៉ូម៉ាំងបានប្រើទិចនិកនេះក្នុងការធ្វើសុន្ទរកថា។ ដំបូងគេត្រូវគិតដល់ចំណុចសំខាន់ៗដែលគេនឹងត្រូវនិយាយ បន្ទាប់មកគេ (តាមការគិតស្រមៃ) ជំនួសចំណុចសំខាន់ៗនៃសុន្ទរកថានោះទៅនឹងសម្ភារនីមួយៗ ដែលមាននៅទីតាំងធ្លាប់ស្គាល់ច្បាស់ [ឧទាហរណ៍ នៅក្នុងផ្ទះ ពីព្រោះអ្នកអាចគិតស្រមៃឃើញវត្ថុមួយចំនួនក្នុងផ្ទះរបស់អ្នកបានយ៉ាងងាយស្រួល]។ នៅពេលចង់រំឭកពីចំណុចសំខាន់ៗដែលគ្រោងនឹងនិយាយគឺគេត្រូវធ្វើការស្រមើស្រមៃនឹកឃើញដល់សម្ភារនានានៅកន្លែងនោះតាមលំដាប់លំដោយ។ វាហាក់ដូចជាគេកំពុងដើរចូលទៅក្នុងកន្លែងនោះអ៊ីចឹង។ ឧទាហរណ៍ ពេលគេគិតស្រមៃឃើញច្រកចូលផ្ទះរបស់គេ គេនឹងឃើញអ្វី? បន្ទាប់មកគេឃើញទ្វារ តើគេនឹកឃើញអ្វី? គេឃើញកាំជណ្តើរ តើគេនឹកឃើញអ្វី។ល។ វាអាស្រ័យលើការជំនួសព័ត៌មានទាំងនោះទៅនឹងវត្ថុក្នុងកន្លែងរបស់អ្នកទេ។
សាកល្បងវិធីតាមរយៈការបង្កើតជារឿង៖ ឧទាហរណ៍ អ្នកកំពុងតែព្យាយាមចងចាំនូវបញ្ជីមុខម្ហូបដែលអ្នកត្រូវទិញពេលទៅផ្សារ ព្រោះពេលខ្លះអ្នកអាចភ្លេច។ អ្នកមានបញ្ជីរាយមុខទំនិញដូចជាត្រី ស្ពៃក្តោប ទឹកដោះគោ ចេក កាហ្វេ ស្ករស និងអំបិល…។ ល។
ការបង្កើតជារឿង៖ ដំបូងអ្នកត្រូវបំប្លែងឈ្មោះមុខទំនិញទាំងអស់នោះទៅជាសម្ភារទាំងឡាយដែលមានក្នុងទីកន្លែងណាមួយដែលអ្នកស្គាល់ច្បាស់ (ឧទាហរណ៍ក្នុងផ្ទះរបស់អ្នក អ្នកអាចស្រមៃឃើញអ្វីខ្លះ? តុ ទ្វារ ទូរទស្សន៍ គ្រែ ផ្ទះបាយ)។ បន្ទាប់មកអ្នកអាចបង្កើតជារឿងមួយដោយការគិតស្រមៃថា ពេលអ្នកដើរចូលផ្ទះបើកទ្វារអ្នកឃើញត្រីមួយយ៉ាងធំ (ការប្រើគុណនាមនេះក៏អាចជួយទាក់ទាញឲ្យខួរក្បាលអ្នកចងចាំបានល្អ)នៅមាត់ទ្វារផ្ទះរបស់អ្នក។ ពេលដែលអ្នកក្រឡេកមើលទៅក្នុងផ្ទះ អ្នកឃើញស្ពៃក្តោបធំៗជាច្រើនដុះនៅលើតុ និងពាសពេញបន្ទប់ទទួលភ្ញៀវ។ ពេលដែលអ្នករត់ឡើងតាមកាំជណ្តើរ អ្នករអិលដួលដោយសារមានសម្បកចេកជាច្រើននៅពាសពេញកាំជណ្តើរ។ បន្ទាប់មកអ្នកភ័យពេក អ្នកក៏ពិសាកាហ្វេមួយកែវ ប៉ុន្តែកាហ្វេនោះប្រៃណាស់ដោយសារអ្នកច្រឡំកែវអំបិលជាស្ករស។ ក្រោយមកអ្នកបានពិសាទឹកដោះគោះដើម្បីបន្សាបជាតិប្រៃនោះ។
ធ្វើដូចនេះអ្នកនឹងចងចាំនូវទំនិញទាំងនោះបានយ៉ាងល្អ នៅពេលអ្នកព្យាយាមរំលឹកវាឡើងវិញ។
អ្នកអាចសាកល្បងវិធីទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយចាប់ផ្តើមពីចំណុចងាយស្រួល។ សាកល្បងរាល់ថ្ងៃអ្នកនឹងដឹងថា អ្នករីកចម្រើនប៉ុនណានោះ។ វិធីសាស្ត្រនេះទាមទារការហ្វឹកហាត់ ប្រសិនបើអ្នកអាចគ្រប់គ្រងវាបានអ្នកនឹងក្លាយជាមនុស្សអស្ចារ្យ។
លំហាត់សម្រាប់អ្នក៖ ចូរព្យាយាមចងចាំឈ្មោះប្រធានាធិបតី១០រូបចុងក្រោយ។ អ្នកអាចជំនួសឈ្មោះប្រធានាធិបតីទាំងនោះទៅនឹងវត្ថុណាមួយក្នុងផ្ទះរបស់អ្នក។ ពេលអ្នកឃើញវត្ថុទាំងនោះ អ្នកនឹងនឹកឃើញឈ្មោះប្រធានាធិបតីជាមិនខាន។
២. វិធីសាស្រ្ត Mind map
Mind map គឺជាវិធីសាស្រ្តមួយដែលគេប្រើដាយ៉ាក្រាមដើម្បីរៀបចំព័ត៌មាន។ ទិចនិកមួយនេះបង្កើតដោយលោក តូនី ប៊ូហ្សាន ក្នុងទសវត្សរ៍ទី៧០។ វិធីនេះគឺមានភាពងាយស្រួលទាំងការបញ្ចូលព័ត៌មានទៅក្នុងការអង្គចងចាំរបស់អ្នក និងការរំឭកព័ត៌មាននោះឡើងវិញផងដែរ។
វិធីសាស្រ្តនេះជារឿយៗត្រូវបានគេធ្វើឡើងដោយគូរជារូបភាពតំណាងឲ្យគំនិតគោលមួយនៅលើផ្ទាំងក្រដាស ហើយគេព្យាយាមបង្កើតគំនិតផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធ។ គេអាចបន្ថែមនូវពាក្យគន្លឺះ(Key words)ផងដែរ។
គេដាក់គំនិតសំខាន់នៅចំចំណុចកណ្តាល ហើយគំនិតផ្សេងទៀតគឺជាមែកធាងរបស់វា។ គេអាចគូសដោយដៃលើក្រដាស ការកត់ត្រានៅក្នុងថ្នាក់ ការប្រជុំ គម្រោង ឬអ្នកអាចដាក់ជារូបថតជាក់ស្តែងក៏បាន។
វិធីសាស្រ្តងាយស្រួល៦ដំណាក់កាលដើម្បីបង្កើត Mind map
១. បង្កើតគំនិតគោល សំខាន់មួយដែលអ្នកចង់ដោះស្រាយ(main idea)។ ដាក់គំនិតនោះនៅ ចំកណ្តាល។ បន្ទាប់មក អ្នកអាចដាក់រូបភាពតំណាងឲ្យគំនិតនោះ ពីព្រោះរូបភាពមានឥទ្ធិពលខ្លាំងណាស់ចំពោះការចងចាំ។ អ្នកអាចបញ្ចូលពាក្យខ្លះៗក៏បាន។
២. បង្កើតគំនិតដែលពាក់ព័ន្ធ ឬមែកធាងនៃគំនិតស្នូលរបស់អ្នកដែលជាសាខាចេញពីគំនិតស្នូល។ អ្នកគួរប្រើបន្ទាត់រាងកោងដើម្បីបង្កើតជាខ្នែងពីគំនិតនីមួយៗ។ បន្ទាត់កោងអាចជួយអ្នកបានក្នុងការចងចាំ ពីព្រោះវាមានរាងដូចសរសៃខួរក្បាលអ៊ីចឹង។ អ្នកអាចបង្កើតជាសាខាគំនិតជាច្រើន បែកខ្នែង ប៉ុន្តែខ្នែងនីមួយៗត្រូវមានរាងតូចទៅៗ។ ធ្វើដូចនេះធ្វើឲ្យអ្នកមានគំនិតច្នៃប្រឌិតកាន់តែខ្ពស់។
៣. ដាក់ពណ៌ទៅតាមពាក្យគន្លឹះនីមួយៗ។ ពណ៌ធ្វើឲ្យមានការរំភើបនៅក្នុងចិត្ត ដោយវាបង្កើតគំនិតបង្កើតថ្មីៗ ស្រដៀងគ្នានឹងរូបភាពដែរ។
៤. បញ្ចូលពាក្យ (Key word) ដើម្បីរៀបរាប់ពីគំនិតទាំងនោះ ប៉ុន្តែត្រូវដាក់ពាក្យសំខាន់ និងខ្លីប៉ុណ្ណោះ។
៥. ដាក់រូបភាពទៅតាមសាខាគំនិតរបស់អ្នក។ រូបភាពមានការទាក់ទាញ និងសំខាន់សម្រាប់ការចងចាំ។ ដាក់រូបភាពណាដែលទាក់ទងនឹងគំនិត ឬប្រើប្រាស់រូបភាពដែលបង្កើតដោយខ្លួនឯងផ្ទាល់ រឹតតែប្រសើរ។
៦. ព្យាយាមរកគំនិតណាដែលមានទំនាក់ទំនងគ្នាដើម្បីរកដំណោះស្រាយ។ ខួរក្បាលដំណើរការដោយភាពទាក់ទងគ្នា។ វាធ្វើឲ្យយើងចងចាំងាយស្រួល។ បន្ទាប់មកអ្នកអាចដាក់តាំងគំនិតរបស់អ្នកនៅលើជញ្ជាំងទុកបន្ថែមថ្ងៃក្រោយទៀត ប្រសិនបើអ្នកមានគំនិតថ្មី។
ទាំងអស់នេះគឺជាវិធីសាស្ត្រងាយស្រួលដែលអ្នកអាចអនុវត្តបានគ្រប់ពេល និងកាលៈទេសៈ។ មានតែការហ្វឹកហាត់ជាប្រចាំទេទើបធ្វើឲ្យខួរក្បាលអ្នកមានសុខភាពល្អ។ ការចងចាំបានល្អធ្វើឲ្យអ្នកជោគជ័យទាំងក្នុងអាជីព និងការងារ៕


