
បើនិយាយពីសិល្បៈរបាំសហសម័យអ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយពីកញ្ញា ប៊ែល។ តាមពិត ប៊ែល គឺជាឈ្មោះហៅក្រៅរបស់កញ្ញា ជុំវណ្ណ សូដាជីវី ជាសិល្បការិនីដែលមានបទពិសោធផ្នែករបាំសហសម័យដ៏ល្បីមួយរូប ជាយូរឆ្នាំមកហើយ។
ដោយសារសិល្បៈរបាំសហសម័យគឺជាសិល្បៈបែបបស្ចិមប្រទេស ទើបពេលដំបូងកញ្ញាចាប់ផ្តើមសម្តែងប្រជាជនហាក់ដូចជាងឿងឆ្ងល់ច្រើន ហើយរបាំនេះមិនសូវមានប្រជាប្រិយភាពប៉ុន្មានទេ ភាគច្រើនគេឃើញមានតែជនជាតិបរទេសមកទស្សនាប៉ុណ្ណោះ។
សព្វថ្ងៃដោយសង្កេតឃើញថា របាំប្រភេទនេះទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ពីមហាជនខ្មែរពិសេសនាពេលថ្មីៗនេះ LIFT បានជួបជាមួយ ប៊ែល ដើម្បីជជែកអំពីអាជីពជាអ្នករាំរបាំសហសម័យនេះនិងយល់ដឹងបន្ថែមពីចំណាប់អារម្មណ៍ចំពោះរបាំបែបថ្មីនេះ។
ហេតុអ្វីបានជាកញ្ញាជ្រើសរើសអាជីពជាអ្នករាំរបាំសហសម័យ?
ពេលខ្ញុំនៅក្មេងខ្ញុំចូលចិត្តរៀនច្រើនណាស់តំាងពីចង្វាក់ហ៊ីបហបនិងរបាំបុរាណជាដើម។ ពេលមួយក្នុងឆ្នាំ ២០០១ ខ្ញុំបានឮអំពីរបាំសហសម័យ ខ្ញុំក៏ចង់ដឹងចង់ស្គាល់ពីវា ហើយសាកល្បងចូលរួមនឹងរបាំសហសម័យនេះគឺនៅពេលនោះហើយដែលខ្ញុំបានចាប់ចិត្តទៅណាមិនរួច។ ខ្ញុំស្រឡាញ់របាំនេះណាស់ដោយសារតែវាបានធ្វើឲ្យខ្ញុំមានចិត្តក្លាហានហ៊ានបង្ហាញពីខ្លួនឯងហើយខ្ញុំចង់ឲ្យគេស្គាល់ខ្មែរកាន់តែច្រើន។ បើរបាំសហសម័យទទួលភាពជោគជ័យកាន់តែច្រើនមនុស្សម្នាក៏នឹងយល់ដឹងបន្ថែមពីរបាំខ្មែរផងដែរពីព្រោះខ្ញុំនិងក្រុមរបស់ខ្ញុំបានយករបាំបុរាណខ្មែរជាគ្រឹះនៃរបាំសហសម័យនេះ។
តើត្រង់ណាជាចំណុចពិសេសរបស់របំាសហសម័យដែលកញ្ញាចូលចិត្ត?
របាំសហសម័យអនុញ្ញាតឲ្យអ្នករាំ រាំឆ្លុះបញ្ចាំងពីអារម្មណ៍ខ្លួនឯង ដែលខុសពីរបាំខ្ញុំរៀនកាលពីនៅក្មេងគឺអ្នករាំតែងរាំតម្រូវទៅតាមសាច់រឿងនិងក្បួនខ្នាតមានស្រាប់។ ម្យ៉ាងវិញទៀត ចំពោះរូបខ្ញុំ របាំសហសម័យមានលក្ខណៈប្លែកតាំងពីដំបូងហើយវាអាចឲ្យអ្នកទស្សនាយល់ឃើញខុសៗគ្នាទៅតាមការគិតរបស់មនុស្សម្នាក់ៗ។ អ្នកទស្សនាអាចយល់ពីបាតុភូតដែលកើតមានឡើងក្នុងជីវិតនិងចេះគិត ពីទង្វើរបស់ខ្លួន ពីព្រោះរបាំសហសម័យភាគច្រើនលើកយកពីការពិតក្នុងជីវិតមករាំ។
តើរបាំសហសម័យមានចំណុចខុសប្លែកពីរបាំខ្មែរបុរាណត្រង់ណា?
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនិងក្រុមខ្ញុំដែលមានគ្នា ១៥នាក់ បានជ្រើសយករបាំខ្មែរបុរាណជាគ្រឹះនៃរបាំសហសម័យ។ តាមអ្វីដែលខ្ញុំបានឃើញនិងរៀនកាលពីខ្ញុំនៅបរទេសរបាំសហសម័យរបស់បស្ចិមប្រទេសតែងតែយករបាំបាឡេ (Ballet) ជាដើមមកធ្វើជាគ្រឹះនៃរបាំសហសម័យរបស់គេ។ របាំសហសម័យរបស់ខ្ញុំបើមើលពីការជីបដៃនិងឈួងដៃសុទ្ធតែជាទម្រង់របស់ខ្មែរ។ ចំពោះរបាំខ្មែរបុរាណ អ្នករាំត្រូវរាំទៅតាមក្បួនខ្នាតដែលមានស្រាប់ប៉ុន្ដែចំពោះ របាំសហសម័យ អ្នករាំអាចបង្កើតក្បាច់ថ្មីដោយយកមូលដ្ឋានចេញពីក្បាច់ចាស់។ ម្យ៉ាងវិញទៀត ចំពោះក្បាច់បុរាណអ្នករាំត្រូវរាំឲ្យទន់ភ្លន់និងយឺតៗមួយៗ ដែលខុសពីសហសម័យអ្នករាំអាចរាំក្នុងល្បឿនលឿនជាងរបាំបុរាណ។ របាំសហសម័យ អ្នករាំតែងតែនិយាយពីខ្លួនគេ បង្ហាញពីខ្លួនគេពីអារម្មណ៍គំនិតក្នុងខ្លួនទៅកាន់ទស្សនិកជនតែក្នុងរបាំខ្មែរបុរាណ អ្នករាំត្រូវរាំទៅតាមសាច់រឿងដែលមានស្រាប់ដូចជា រឿងរាមកេរ្តិ៍ជាដើម។
តើកញ្ញាមានគម្រោង ឬផែនការអ្វីខ្លះទៅអនាគត?
ខ្ញុំមានគំនិតចង់បង្កើតថ្នាក់បង្រៀនរបាំសហសម័យ និងរបាំខ្មែរបុរាណ តែខ្ញុំនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ។ ខ្ញុំមិនទាន់ចាស់ទុំក្នុងផ្នែកនេះនៅឡើយទេបើទោះបីជាខ្ញុំ ចូលប្រឡូកក្នុងរបាំនេះតាំងពីខ្ញុំនៅតូចក៏ដោយ។ ខ្ញុំចង់ឲ្យមនុស្សស្គាល់កាន់តែច្រើនពីរបាំសហសម័យ ប៉ុន្តែខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងក្នុងរឿងនេះពីព្រោះខ្ញុំស្ថិតក្នុងចំណោមមនុស្សទីមួយដែលកំពុងតែធ្វើរឿងនេះ។ ដូចនេះខ្ញុំត្រូវតែយល់ឲ្យច្បាស់ពីរបាំនេះនិងមើលឲ្យបានវែងឆ្ងាយពីផលវិបាកដែលអាចកើតឡើង។ បើយើងគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីពន្យល់ទស្សនិកជនឲ្យយល់ពីអ្វីទៅជារបាំសហសម័យ ហើយក្បាច់រំានីមួយៗមានន័យនិងខ្លឹមសារយ៉ាងដូចម្តេចនោះទេ។
តើអ្វីទៅជាចំណុចពិបាកចំពោះកញ្ញាក្នុងការរាំរបាំសហសម័យ?
តាមអ្វីដែលខ្ញុំយល់ការបង្កើតក្បាច់រាំដែលមានអត្ថន័យ និងមានមូលហេតុត្រឹមត្រូវ ចំពោះក្បាច់នីមួយៗដែលយើងរាំ ទាមទារឲ្យខ្ញុំគិតផង ស្រាវជ្រាវផងនិងសួរខ្លួនឯងរហូត។ យើងត្រូវយល់ថា របាំសហសម័យនេះក្បាច់រាំនីមួយៗតែងតម្រូវឲ្យអ្នករាំសួរខ្លួនឯងថា តើហេតុអ្វីបានជាយើងរាំបែបនេះ ហើយតើអ្នករាំចង់ឲ្យអ្នកមើលយល់អ្វីខ្លះ?
តើត្រង់ណាដែលអាចបញ្ជាក់ថា របាំសហសម័យបានទទួលការគាំទ្រច្រើនពីសំណាក់អ្នកក្នុងស្រុក?
ដំបូងឡើយនៅពេលខ្ញុំនិងក្រុមខ្ញុំចាប់ផ្តើមឡើងឆាកក្នុងស្រុកយើងមិនបានលក់សំបុត្រអ្វីទេ តែអ្នកចូលរួមមិនមានច្រើនទេ ហើយសម្បូរតែជនជាតិគេ។ ប៉ុន្តែម្តងតិចៗ មានអ្នកចូលទស្សនាកើនច្រើនឡើងៗ ទោះបីជាយើងលក់សំបុត្រក៏ដោយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺជនជាតិខ្មែរចាប់ផ្តើមយល់ពីអ្វីដែលខ្ញុំសម្តែង។ អ្នកខ្លះបានសរសើរ ហើយចំពោះពាក្យរិះគន់ស្ថាបនា ខ្ញុំបានទទួលច្រើនណាស់ នេះជាអ្វីដែលបានជួយខ្ញុំឲ្យអាចអភិវឌ្ឍខ្លួនឯងបាន។
តើគួរតែធ្វើអ្វីខ្លះដើម្បីអាចហាត់រៀនរបាំសហសម័យនេះបាន?
ខ្ញុំគិតថា បើខ្ញុំមិនចេះរបាំបុរាណទេ ខ្ញុំមិនអាចរាំរបាំសហសម័យឡើយ។ ខ្ញុំយល់ថា ដើម្បីអាចហាត់របាំសហសម័យបានអ្នកសិក្សាត្រូវចាប់ផ្តើមពីរបាំបុរាណ ពីព្រោះនេះជាគ្រឹះដែលនឹងធ្វើឲ្យអ្នករាំអាចច្នៃ និងបង្កើតក្បាច់នៅពេលរៀនរបាំសហសម័យ។
តើរបាំសហសម័យអាចប៉ះពាល់ដល់របាំបុរាណដែរឬទេ?
ខ្ញុំ គិតថា របាំសហសម័យនឹងមិនធ្វើឲ្យប៉ះពាល់ដល់របាំបុរាណទេ ប៉ុន្តែវាអាចជួយឲ្យរបាំបុរាណកាន់តែមានប្រជាប្រិយភាព ពីព្រោះដូចដែលខ្ញុំបាននិយាយ របាំសហសម័យរបស់ខ្ញុំមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំពីរបាំ បុរាណខ្មែរ។ ដូចនេះនៅពេលគេទស្សនារបាំសហសម័យគេនឹងដឹងយ៉ាងច្បាស់ថា នេះពិតជាការរាំសហសម័យរបស់ជនជាតិមួយ ហើយរបាំខ្មែរបុរាណមិនមានជនជាតិណាងាយរាំដូចទេ គឺមានតែខ្មែរប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វានឹងធ្វើឲ្យពិភពលោកមើលឃើញថា នៅស្រុកខ្មែរ របាំក៏មានការវិវត្តជឿនលឿនផងដែរ៕


