តើវិធីសង្គ្រោះអ្នកខ្យល់គរដោយខាំកែងជើង និងវិធីកន្លងនៅពេលមនុស្សធ្លាក់ពីលើដើមឈើមានប្រសិទ្ធភាពទេ?
ការសង្គ្រោះបឋមគឺជាទង្វើមនុស្សធម៌ដ៏ល្អថ្លៃថ្លាដែលអាចជួយសង្គ្រោះជីវិតមនុស្សពីសេចក្ដីស្លាប់បាន។ កន្លងមក ការសង្គ្រោះបឋមច្រើនតែជាភារកិច្ចរបស់ស្ថាប័នសប្បុរសធម៌ ដូចជាកាកបាទក្រហម និងអង្គការនានា។ ប៉ុន្ដែនៅរយៈពេលជាងមួយឆ្នាំនេះ លោក ឈួន ភក្ដិ បានបង្កើតក្រុមស្ម័គ្រចិត្ដសង្គ្រោះបឋមឯករាជ្យមួយដើម្បីចូលរួមចំណែកបម្រើសង្គម និងប្រជាពលរដ្ឋ។
លោក ឈួន ភក្ដិ អាយុ៣១ឆ្នាំ គឺជាប្រធានប្រតិបត្ដិនៃក្រុមស្ម័គ្រចិត្ដសង្គ្រោះបឋមឯករាជ្យ បានឲ្យដឹងថា៖ «ទស្សនវិស័យរបស់យើងគឺចង់ឃើញមនុស្សទាំងអស់គ្នារស់នៅប្រកបដោយសុខុមាលភាពដែលទទួលបានការសង្គ្រោះបឋមដោយសមធម៌នៅគ្រប់ស្ថានភាពដោយមិនមានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ភេទ ឬពណ៌សម្បុរអ្វីឡើយ»។
យុវជនរូបនេះបានប្រាប់ពីមូលហេតុដែលបង្កើតក្រុមសង្គ្រោះបឋម និងបង្រៀនពីជំនាញនេះថា៖ «ខ្ញុំមានជំនាញ និងមានចំណេះដឹងខាងគិលានុបដ្ឋាក ហើយបានបន្ដការសិក្សាថ្នាក់បណ្ឌិតផ្នែកសុខភាពសាធារណៈនៅប្រទេសអូស្ដ្រាលីជាមួយនឹងទឹកចិត្ដចង់ជួយសង្គ្រោះជីវិតមនុស្សនៅពេលជួបហេតុការណ៍កើតឡើង»។
លោកបានបន្ដថា ក្រុមការងាររបស់លោកផ្ដល់លើកត្ដា២ចំណុចធំៗ គឺការផ្ដល់សេវាកម្មផ្នែកសង្គ្រោះបឋម និងសេវាកម្មផ្នែកបណ្ដុះបណ្ដាលដែលមានបែងចែកក្រុមយុវជន និងក្រុមអង្គការ ឬស្ថាប័ននានា។
លោក ភក្ដិ បានឲ្យដឹងថា៖ «ការសង្គ្រោះបឋមគឺជាការចុះប្រតិបត្ដិដោយផ្ទាល់នៅកន្លែងកើតហេតុ ដូចជាពេលមានទឹកជំនន់ ឬពេលអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ចំណែកឯសេវាកម្មបណ្ដុះបណ្ដាលវិញ ក្រុមបានបង្រៀនដល់សាធារណជន ជាពិសេសយុវជនដោយឥតគិតថ្លៃ។ តែសម្រាប់បុគ្គលិកអង្គការ ឬស្ថាប័ន យើងគិតថ្លៃពីគាត់ដើម្បីយកមកដំណើរការគម្រោង»។
គួរបញ្ជាក់ដែរថា ការបង្ហាត់បង្រៀនជំនាញសង្គ្រោះបឋមដល់យុវជនឥតគិតថ្លៃគឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះដែលផ្ដោតលើសំខាន់លើរបៀបលើកដាក់អ្នកសន្លប់ និងជួយឲ្យដឹងខ្លួន របៀបឃាត់ឈាម របៀបរុំរបួស និងការធ្វើចលនាបេះដូងជាដើម។ រីឯការបង្រៀននៅតាមស្ថាប័ន ឬអង្គការ រួមមានអង្គការ Room To Read និង Health Campaign ជាដើមដែលមានរយៈពេល២ថ្ងៃ។ ការបង្រៀនទាំងនោះមានទ្រឹស្ដី និងការអនុវត្ដផ្ទាល់។
ប្រធានក្រុមសង្គ្រោះបឋមរូបនេះ បានលើកឡើងពីបញ្ហាជួបប្រទះថា៖ «ដោយសារតែការបង្រៀន និងការរៀននេះជាការស្ម័គ្រចិត្ដ។ វាមានការប្ដេជ្ញាក្នុងការចូលរួមយកចិត្ដទុកដាក់ដោយអ្នកខ្លះចូលរៀនឲ្យតែបានដឹងៗប៉ុណ្ណោះ»។

ជួនកាល ពេលវេលាក៏ជាឧបសគ្គមួយដែរ ពីព្រោះលោកមិនសូវមានពេលគ្រប់គ្រាន់ដើម្បីចែករំលែកបទពិសោធ និងជំនាញដល់សិក្ខាកាម ហើយដោយសារតែក្រុមការងារស្ម័គ្រចិត្ដមានលទ្ធភាពកំណត់ក្នុងការផ្គត់ផ្គង់សម្ភារបច្ចេកទេសនៅពេលបង្រៀន។
លោកបានពន្យល់ប្រាប់ពីភាពខុសគ្នារវាងការសង្គ្រោះបឋម និងការសង្គ្រោះបន្ទាន់ថា៖ «ចាស់ៗតែងតែច្រឡំរវាងចំណុចទាំងពីរ ពីព្រោះការសង្គ្រោះបន្ទាន់ជាការសង្គ្រោះផ្នែកវេជ្ជសាស្ដ្រ រីឯការសង្គ្រោះបឋមគឺជាការសង្គ្រោះដែលមនុស្សគ្រប់រូបអាចធ្វើបាន ដរាបណាគាត់មានកាយមាំមួន និងមានទឹកចិត្ដក្នុងការសង្គ្រោះ»។
យ៉ាងណាមិញ លោកបានណែនាំថា មុននឹងជួយសង្គ្រោះអ្នកដទៃឲ្យប្រកបដោយប្រសិទ្ធភាព អ្នកសង្គ្រោះត្រូវតែប្រាកដថា ខ្លួនចេះវិធីសង្គ្រោះបឋម ពីព្រោះការសង្គ្រោះនឹងអាចជាសកម្មភាពអសារបង់ ឬកាន់តែគ្រោះថ្នាក់ដល់អ្នកជំងឺ បើអ្នកសង្គ្រោះគ្មានជំនាញត្រឹមត្រូវ។
លោកបានអះអាងថា៖ «វាពិតជាមានគ្រោះថ្នាក់ដល់អ្នកជំងឺដោយវាអាស្រ័យលើប្រភេទ និងស្ថានភាពជំងឺនោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមនុស្សបាក់ជើង ការសង្គ្រោះមិនពិបាកទេដោយគ្រាន់តែជួយរុំជើង ឬអបជើងឲ្យអ្នកជំងឺជាការស្រេច។ ប៉ុន្ដែបើមានមនុស្សសន្លប់បាត់ស្មារតី ហើយអ្នកសង្គ្រោះមិនចេះជំនាញត្រឹមត្រូវ គាត់ចេះតែសង្កត់ទ្រូង វាអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺមិនខាន»។
គ្រូបង្រៀនសង្គ្រោះបឋម បានបញ្ជាក់ពីគោលការណ៍សង្គ្រោះថា៖ «ដំបូងយើងត្រូវពិនិត្យស្ថានភាពសុវត្ថិភាពនៅជុំវិញខ្លួន រួចពិនិត្យពីការឆ្លើយតបរបស់អ្នកជំងឺខណៈពេលសង្គ្រោះ និងពិនិត្យមើលថា ត្រូវសុំជំនួយពីខាងណាឬអត់។ ហេតុនេះហើយវាទាមទារឲ្យអ្នកសង្គ្រោះដឹងពីស្ថានភាពនៃអ្នកជំងឺឲ្យបានច្បាស់ ហើយដើម្បីដឹងបាន ទាល់តែគាត់ចេះជំនាញសង្គ្រោះបឋម»។
លោកបានបន្ដទៀតថា៖ «ករណីអ្នកជំងឺសន្លប់បាត់ដង្ហើម អត់មានជីពចរ យើងត្រូវតែចេះពីរបៀបពិនិត្យដង្ហើមជីពចរ ហើយបើឃើញថា គ្មានដង្ហើម និងជីពចរ ទើបឈានដល់ការសង្កត់ទ្រូង។ ការលើកដាក់អ្នកជំងឺលើរថយន្ដសង្គ្រោះ ពេលខ្លះវាអាចបង្កឲ្យអ្នកជំងឺបាក់ឆ្អឹងកងក ឬពិការជាដើមដោយសារតែធ្វេសប្រហែល។ ការលើកដាក់ត្រូវធ្វើឡើងតាមក្បួនខ្នាតទៅតាមការលើកម្នាក់ឯង ពីរនាក់ ឬបីនាក់ជាដើម»។
ជាទូទៅយើងតែងតែសង្កេតឃើញថា ចាស់ៗបុរាណបានប្រើវិធីសាស្រ្ដក្នុងការសង្គ្រោះបឋមមួយចំនួន ដូចជាការខាំកែងជើងនៅពេលខ្យល់គរ ការកន្លងនៅពេលមនុស្សធ្លាក់ពីដើមឈើ ការគក់ទ្រូងនៅពេលអួលបាយជាដើម។
ចំពោះករណីខាំកែងជើងសង្គ្រោះអ្នកសន្លប់ លោកបានបញ្ជាក់ថា៖ «នៅក្នុងវិជ្ជាពេទ្យ ការសន្លប់មានជាច្រើនប្រភេទដែលរួមទាំងខ្យល់គរផង។ ដូច្នេះការខាំកែងជើង ការក្ដិចក្រលៀន ក្ដិចក្លៀក ឬការគក់ច្របាច់គឺជាការរំញោចដែលអាចកន្ដ្រាក់ជួយឲ្យអុកស៊ីសែនបុកចូលក្នុងខួរក្បាលវិញដើម្បីអ្នកជំងឺដឹងខ្លួន។ ប៉ុន្ដែវាមិនមានចែងក្នុងវិធីសាស្ដ្រនៃការបង្រៀនសង្គ្រោះបឋមទេ តែយើងក៏មិនអាចថា វាខុសឡើយ ពីព្រោះបើតាមលក្ខណៈនៃការព្យាបាលចលនា ការខាំកែងគឺជាជួយរំញោចចលនាក្នុងរាងកាយមែន»។
ចំពោះករណីក្រឡងទៅមកពេលដែលមនុស្សធ្លាក់ពីលើដើមឈើហើយសន្លប់នោះ លោកបានបញ្ជាក់ថា វាមិនអាចជួយអី្វបានទេ ហើយការគក់ទ្រូងពេលអួលបាយ អាចជួយបានតិចតួចប៉ុណ្តោះ។ លោកថា ក្នុងករណីពេលត្អើកគេឲ្យផឹកទឹក គឺជាការត្រឹមត្រូវ តែលោកពោលថា គួរហូបទឹកដែលត្រជាក់។
លោកក៏បានបន្តដោយលើកជាឧទាហរណ៍ពីវិធីសាស្រ្តបុរាណដែលមិនត្រឹមត្រូវតាមក្បួនខ្នាតមួយចំនួនទៀតដែលប្រជាពលរដ្ឋបានដឹងតៗគ្នានោះមានដូចជា ការស្តោះ ផ្លុំពេលមានថ្លោះគ្រេច ការលាងរបួសដោយសាររលាកជាមួយទឹកត្រី ឬទឹកអំបិល ការអាំងភ្លើងពេលខ្យល់គរជាដើម។
ជាចុងក្រោយ លោកថា នៅបរទេស ដូចជាអូស្ដ្រាលី មានការបង្រៀនសង្គ្រោះបឋមនៅគ្រប់ឃុំ សង្កាត់ និងគ្រប់ស្ថាប័នទាំងអស់ ជាពិសេសនៅសាលារៀន និងនៅរោងចក្រ។ លោករំពឹងថា កម្ពុជានឹងមាននៅថ្ងៃខាងមុខ៕


