
លោកកៀនតាក់ជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យានិងជាប្រធានដេប៉ាតឺម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មានបានប្រាប់ថាអ្វីដែលកញ្ញាលក្ខិណាបានជួបប្រទះគឺជាវិធីសាស្រ្តមួយនៅក្នុងចំណោមវិធីសាស្រ្តជាច្រើនទៀតដែលត្រូវបានប្រើដើម្បីបោកប្រាស់និងទាញយកផលប្រយោជន៍ផ្សេងៗ។
លោកផ្តល់យោបល់ថា នៅពេលអ្នកប្រើប្រាស់ទទួលបានអ៊ីមែលមានន័យស្រដៀងសារខាងលើពួកគេគួរតែព្យាយាមទាក់ទងទៅកាន់បុគ្គលនោះតាមរយៈបណ្ដាញទំនាក់ទំនងផ្សេងទៀតដូចជាFacebook, Line,និងSkypeដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីស្ថានភាពរបស់អ្នកដែលផ្ញើមក។
លោកបញ្ជាក់ថា សារមួយប្រភេទទៀតបានសរសេរថា អ្នកទទួលបានសារនោះនឹងមានទទួលប្រាក់ប្រមាណ២ទៅ៣លានដុល្លារអាមេរិកតាមរយៈមេធាវីរបស់គេ។ប៉ុន្តែ អ្វីៗសុទ្ធជាការបោកប្រាស់។
លោកបានផ្តល់យោបល់បន្ថែមថានៅពេលទទួលបានអ៊ីមែលប្រភេទនេះអ្នកទទួលត្រូវធ្វើការត្រិះរិះឲ្យបានត្រឹមត្រូវនិងមិនត្រូវមានចិត្តលោភលន់ជាដាច់ខាតជាមួយទឹកលុយដែលលេចឡើងក្នុងអ៊ីមែល។
លោកបានពន្យល់ថា នៅពេលចង់ ចុះឈ្មោះ និងបំពេញបែបបទលើ គេហទំព័រនានា អ្នកប្រើប្រាស់ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ជាមុនសិនថា តើគេហទំព័រទាំងនោះពិតឬក្លែងក្លាយ។
លោកបានបន្ដថា អ្នកប្រើប្រាស់ត្រូវពិនិត្យឲ្យច្បាស់នូវព័ត៌មានផ្សេងៗលើរបារអាសយដ្ឋាន។ ឧទាហរណ៍នៅមុនពេលយើងចុះឈ្មោះនៅក្នុងហ្វេសប៊ុកយើងត្រូវមើលខាងលើត្រូវរបារអាសយដ្ឋាន(address bar) ថាតើវាគឺជាអាសយដ្ឋានពិតរបស់គេហទំព័រហ្វេសប៊ុកនោះមែនឬអត់។
លោកលើកឡើងថា ជួនកាល អ្នកលួចទិន្នន័យបានបង្កើតទំព័រស្រដៀងនឹងទំព័រចុះឈ្មោះរបស់ទំព័រហ្វេសប៊ុកហើយនៅពេលយើងបញ្ចូលទិន្នន័យគណនីនិងលេខកូដរបស់យើងទិន្នន័យទាំងនោះត្រូវបានគេដឹង។
លោកសាស្ដ្រាចារ្យបានបន្ថែមថា នៅពេលទិញទំនិញតាមអនឡាញនិងបំពេញព័ត៌មានផ្សេងៗដែលទាក់ទងនឹងលុយកាក់អ្នកប្រើប្រាស់អ៊ីនធឺណិតគួរពិនិត្យមើល “https” ពីព្រោះវាមាន“s” គឺមានប្រព័ន្ធការពារសុវត្ថិភាព និងទិន្នន័យខ្ពស់។
លោកឲ្យដឹងថា៖ «គេហទំព័រប្រភេទ “https” អាចការពារទិន្នន័យនិងព័ត៌មានរបស់អ្នកដែលចុះឈ្មោះពីការលួចចំពោះអ្នកមានបំណងទុច្ចរិត»។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ថាកន្លងមកធ្លាប់មានមនុស្សដែលធ្លាប់ចាញ់បោកប្រភេទអ៊ីមែលខាងលើដែលធ្វើឲ្យពួកគេមានការឈឺចាប់សោកស្តាយបាត់បង់ពេលវេលាព្រមទាំងទ្រព្យសម្បត្តិ។
លោកសង្ឃឹមថានៅពេលដែលទទួលបានអ៊ីមែលប្រភេទនេះអ្នកប្រើប្រាស់នឹងធ្វើការពិចារណាប្រកបដោយវិចារណញ្ញាណនិងមិនត្រូវមានចិត្ដលោភលន់នោះឡើយ៕


