
ជាទូទៅ ស្ដ្រីខ្មែរកម្រសាក់រូបលើរាងកាយណាស់ ប៉ុន្ដែស្ដ្រីវ័យ ១៩ ឆ្នាំដ៏ក្មេងខ្ចីរូបនេះចង់បង្ហាញស្ទីលស្នាមសាក់របស់ខ្លួន។
កញ្ញា Catherine Harry បានសាក់ពាក្យថា «Vegan» រូបពពក និងណោតភ្លេងនៅលើខ្នងដែលស្ថិតនៅចំផ្នែកខាងក្រោយនៃស្មាឆ្វេង តាំងពីកញ្ញាអាយុ ១៧ ឆ្នាំ។
កញ្ញា Catherine បានប្រាប់ថា អ្នកចាក់សាក់ជនជាតិអង់គ្លេសនៅក្រុង ព្រះសីហនុ ជាអ្នកចាក់សាក់នេះឲ្យ ដោយកញ្ញា បានបន្ដថា៖ «ស្នាមសាក់សម្រាប់ខ្ញុំមិនត្រឹមតែចង់បង្ហាញដល់មនុស្សដទៃទៀតទេ ប៉ុន្តែវាជាសិល្បៈដែលឆ្លុះបញ្ចាំងពីខ្ញុំ»។
តើសាក់នេះបង្ហាញពីយុវនារីម្នាក់នេះបែបណាដែរ?
កញ្ញា Catherine បានពន្យល់ថា៖ «អ្វីដែលសំខាន់គឺខ្ញុំជាអ្នកដែលតមសាច់ (Vegan) ហេតុនេះហើយទើបខ្ញុំជ្រើសរើសយកពាក្យថា Vegan»។
ក្រៅពីនេះ តន្ត្រីជាអ្វីដែលធ្វើឲ្យកញ្ញាក្លាយទៅជា Vegan។ ដូច្នេះកញ្ញាសម្រេចចិត្តចាក់សាក់ជារូបណោតភ្លេងនៅជុំវិញពាក្យថា Vegan នោះ។ ចំពោះពពកដែលមានក្នុងរូបនោះដែរ យុវតីតមសាច់រូបនេះ បានប្រាប់ថា៖ «វាតំណាងឲ្យពេលវេលាអាក្រក់ដែលខ្ញុំបានឆ្លងកាត់»។
ដោយចំណាយពេលច្រើនទៅលើការស្រាវជ្រាវជាងរយៈពេលសាក់ដែលមានត្រឹមតែ ៣ ម៉ោង កញ្ញាបានឲ្យដឹងថា៖ «ខ្ញុំបានរៀបចំគម្រោងរយៈពេល ៤ ខែទៅលើការស្រាវជ្រាវពីសិល្បៈ និងការចាក់ ក៏ដូចជាម៉ូដដែលខ្ញុំចង់បាន»។
កញ្ញា Catherine ហាក់មិនសូវជាខ្វល់ពីពាក្យសម្ដីរបស់ប្រជាជនខ្មែរមួយចំនួនរិះគន់ ទៅលើស្ត្រីដែលមានចាក់សាក់ទេ ដោយកញ្ញាបានហៅសាក់នេះថា ជាសិល្បៈ។
កញ្ញានិយាយថា៖ «សាក់មិនមែនបង្ហាញថាអ្នកនោះជាអ្នកទោសទេ។ វាគ្រាន់តែជាសិល្បៈ ហើយខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់ នៅពេលដែលដើរទៅណាជាមួយនឹងសិល្បៈជាប់ខ្លួន»។
នៅពេលដែលសួរពីផ្នែកផ្សេងទៀតនៃខ្លួនរបស់កញ្ញា Catherine ដែលចង់ចាក់សាក់បន្ថែម យុវតីរូបនេះបានប្រាប់ថា៖ «កដៃរបស់ខ្ញុំ»។ តែកញ្ញាមិនទាន់បានសម្រេចចិត្តថា សាក់រូបអ្វីនៅឡើយទេ។
ជានិស្សិតឆ្នាំមូលដ្ឋានផ្នែក Communication and Media Arts នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កញ្ញា Catherine Harry ចង់ឲ្យមនុស្សរាល់គ្នារៀនទទួលយកអ្វីដែលថ្មី ជាពិសេសទទួលយកស្ត្រីដែលមានសាក់ដោយវិជ្ជមាន។
កញ្ញានិយាយថា៖ «យើងកំពុងតែស្ថិតក្នុងសតវត្សរ៍ទី២១។ យើងគួរតែចាប់ផ្ដើមទទួលយកភាពខុសគ្នា ពីព្រោះវាអាចជាល្អ។ សាក់គ្រាន់តែជាសិល្បៈ ហេតុអ្វីមិនទទួល យកវាទៅ»?


