អាចនិយាយបានថា លោក រស់ សុវាចា គឺជាជនជាតិខ្មែរទីមួយដែលបានបម្រើការងារនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលជាមែកធាងមួយរបស់អង្គការសហប្រជាជាតិ ធ្វើការលើកស្ទួយសុវត្ថិភាព សន្តិសុខ និងសន្តិភាពនៃការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរនៅលើភពផែនដីនេះ។
ថ្វីដ្បិតតែលោកអាចឈរនៅក្នុងតួនាទីមួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអូទ្រីសក៏ដោយ ក៏លោកមិនដែលធ្លាប់លួចគិតម្តងណាថា នឹងចោលឆ្អឹងនៅលើទឹកដីនេះដែរ។ លោក សុវាចា តែងតែទន្ទឹងចាំមើលឱកាសល្អនៅពេលណាមួយលោកនឹងវិលមកមាតុភូមិកំណើតវិញ។ក្រោយពីបានដឹងដំណឹងតាមមិត្តភក្តិថា គម្រោងអភិវឌ្ឍន៍សមត្ថភាពអប់រំសម្រាប់ទាំងអស់គ្នា (CapEFA) របស់អង្គការយូណេស្កូ បានធ្វើដំណើរមកដល់កម្ពុជាហើយនោះ លោកក៏បានពិភាក្សាជាមួយភរិយាលៃលកពេលមកបម្រើការនៅស្រុកខ្មែរវិញ ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំឲ្យប្រសើរឡើងនៅកម្ពុជា។
ចក្ខុវិស័យរបស់ CapEFA នៅក្នុងពិភពលោក គឺធ្វើយ៉ាងណាកាត់បន្ថយអត្រាភាពមិនចេះអក្សរ ឬអនក្ខរកម្មឲ្យបាន៨៥ភាគរយត្រឹមឆ្នាំ២០១៥។
វិស័យអប់រំ គឺចំណង់ចំណូលរបស់លោកតាំងពីតូច ហើយវាក៏ជាកត្តាមួយដែលជំរុញឲ្យលោក បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិកផ្នែកវិទ្យាសាស្ត្រអប់រំផងដែរ។
ដោយលោក មានចំណេះដឹង និងបទពិសោធលើជំនាញនេះទើបអង្គការយូណេស្កូប្រចាំក្រុងភ្នំពេញ តែងតាំងលោកជាមន្រ្តីសម្របសម្រួលកម្មវិធីនេះនៅប្រទេសកម្ពុជា។
កិច្ចការដែលលោកត្រូវបំពេញក្នុងនាមជាមន្ត្រីគម្រោងCapEFA គឺផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងក្រសួងអប់រំ ដើម្បីពង្រឹងវិស័យអប់រំក្រៅប្រព័ន្ធនៅកម្ពុជា។
លោក មានតួនាទីធ្វើការដោយផ្ទាល់ជាមួយថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិដើម្បីលើកស្ទួយអត្រាភាពចេះអក្សរ ឬអក្ខរកម្មឲ្យបានប្រសើរថែមទៀត។ ការងារនេះទាមទារឲ្យលោកធ្វើការសម្របសម្រួលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ទៅលើនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា។
ដោយសារតែលោកមានជំនាញនិងចំណេះដឹងផ្នែកអប់រំ ឧត្តមសិក្សា និងបទពិសោធការងារផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ នៅអង្គការថាមពលបរមាណូអន្តរជាតិនោះ លោកក៏ត្រូវបានអង្គការយូណេស្កូ ចាត់តាំងឲ្យធ្វើការសិក្សាបច្ចេកទេសបរមាណូនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងធ្វើការផ្នែកគោលនយោបាយវិទ្យាសាស្ត្រជាមួយនឹងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីដាក់ឲ្យគណៈរដ្ឋមន្ត្រីធ្វើការអនុម័ត។
លោក សុវាចា បានបញ្ជាក់ថា ធ្វើការនៅទីណាមួយក៏តែងមានរឿងល្អ និងរឿងអាក្រក់។ ចំពោះការសម្រេចចិត្ដរបស់លោកមកធ្វើការនៅស្រុកខ្មែរ ដោយសហការជាមួយរដ្ឋាភិបាលកម្ពុជា លោកដឹងច្បាស់ថាលោកនឹងជួបប្រទះនូវបញ្ហាប្រឈមអ្វីខ្លះ។
លោករំឭកថា នៅពេលដែលលោកមកធ្វើការដំបូង ខាងមន្រ្តីក្រសួងអប់រំមិនសូវយកចិត្ដទុកដាក់លើលោកប៉ុន្មានទេ ដោយសារតែពួកគាត់មិនដឹងច្បាស់អំពីគោលបំណងរបស់លោក។
លោក ពន្យល់ថា៖ «ការលំបាកក្នុងកិច្ចប្រតិបត្ដិការជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនេះ គឺសមត្ថភាពរបស់ពួកគាត់។ សមត្ថភាពបច្ចេកទេសរបស់ពួកគេនៅមានកម្រិត ហើយពួកគាត់តែងតែយកបញ្ហានយោបាយចូលមកពាក់ព័ន្ធ»។
ដើម្បីដោះស្រាយបញ្ហានេះ លោកបានប្រាប់ថា លោកបានទាញផលប្រយោជន៍ពីបញ្ហានេះមកវិញ តាមរយៈយុទ្ធសាស្រ្ដការងារផ្នែកបច្ចេកទេសទៅសង្គ្រោះមន្ត្រីទាំងនោះ។
លោក បានលើកឡើងថា៖ «ខ្ញុំបានជជែកជាមួយពួកគាត់ឲ្យយល់ពីគ្នាទៅវិញទៅមក។ ខ្ញុំចូលចិត្តនិយាយត្រង់ទៅត្រង់មកឃើញខុសខ្ញុំរិះគន់ តែបើត្រូវ ខ្ញុំលើកសរសើរត្រង់ចំមុខ។ នៅពេលពួកគាត់យល់ច្បាស់ពីយើងហើយ ទើបយើងមានភាពងាយស្រួលក្នុងការសហការគ្នា»។
គិតមកដល់ពេលនេះ ភាពជោគជ័យនៃការបំពេញការងាររបស់លោក សុវាចា អាចនិយាយថា ឈានដល់ចំណុចមួយដែលមានការយល់ច្បាស់ពីគ្នាទៅវិញទៅមក។
ទាក់ទងនឹងអនាគតនៃវិស័យអប់រំនៅកម្ពុជា ក្នុងរយៈពេល ១០ ឬ១៥ឆ្នាំខាងមុខទៀត លោក សុវាចា ព្យាករថា វានឹងរីកចម្រើនច្រើនប្រសិនបើរដ្ឋាភិបាលសម្រេចដាក់វិនិយោគមកលើវិស័យនេះច្រើនជាងនេះពីព្រោះសព្វថ្ងៃ ការចំណាយលើវិស័យអប់រំ មានតែ២,៩ភាគរយនៃចំណូលជាតិសរុបប្រចាំឆ្នាំ (GDP) ប៉ុណ្ណោះ។
លោកអះអាងថា៖ «ប្រសិនបើគ្មានឆន្ទៈនយោបាយទេ កុំថាឡើយការអប់រំក្រៅប្រព័ន្ធ ការអប់រំទូទៅ នឹងមិនរីកចម្រើនខ្លាំងទេ។ បើចង់អភិវឌ្ឍប្រទេសមួយ ត្រូវអភិវឌ្ឍន៍បច្ចេកវិទ្យា វិទ្យាសាស្ត្របច្ចេកទេសឲ្យដើរទៅមុខដែរ»។
លោកបន្តថា ប្រសិនបើកម្ពុជារង់ចាំតែជំនួយរបស់ដៃគូអភិវឌ្ឍនោះកម្ពុជានឹងមិនទៅលឿនទេ។ ឥឡូវសូម្បីតែយូណេស្កូផ្ទាល់ក៏ជួបវិបត្តិហិរញ្ញវត្ថុដែរ ដោយសារចំហាយនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។
បើសិនជាលក្ខខណ្ឌអំណោយផល ទៅថ្ងៃអនាគត លោក រស់ សុវាចា មានគម្រោងបង្កើតសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវផ្នែកអប់រំមួយនៅក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយលោកមានពាក្យពេចន៍មួយចំនួនផ្តាំផ្ញើទៅយុវជនថា៖ «ភាសាអង់គ្លេស ជាស្ពានទៅរកអ្វីគ្រប់យ៉ាង ដែលពួកគាត់ចង់បាន។ ប្រឹងរៀនភាសាអង់គ្លេសឲ្យខ្លាំង ចេះអង់គ្លេសធ្វើអ្វីក៏បានដែរ។ ត្រូវប្រឹងដោយខ្លួនឯងកុំចាំសាលាបង្រៀន ដោយបង្កើតជាក្រុមសិក្សាផ្ទាល់ខ្លួនចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក។ បើចាំតែសាលាកុំរំពឹងថា ភាពជោគជ័យរកឃើញបានដោយលឿននោះ»៕

