ការចាប់ផ្តើមរីកចម្រើនសេដ្ឋកិច្ចកម្ពុជាពិតជាគួរឲ្យស្ងើចសរសើរ។ ដោយមានសន្តិភាព និងស្ថិរភាព និងការផ្តោតរបស់រដ្ឋាភិបាលលើការអភិវឌ្ឍដឹកនាំដោយការនាំចេញ កំណើនមានចំនួនជាមធ្យមប្រហែល៨ភាគរយក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ ដោយបង្កើនចំណូលក្នុងមនុស្សម្នាក់ទ្វេដង និងកាត់បន្ថយអត្រាភាពក្រីក្របានពាក់កណ្តាល។
ឥឡូវនេះ កម្ពុជាស្ថិតក្នុងជំហរឈានចូលដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ ហើយដោយមានសេចក្តីប្រាថ្នាចូលរួមក្នុងក្រុមទីផ្សារទើបងើបឡើងក្នុងពេលដ៏ខ្លី ចំណុចផ្តោតឥឡូវនេះគឺលើការបន្តនូវការរីកចម្រើននោះ។ នោះជំរុញឲ្យមានសំណួរស៊ីជម្រៅមួយចំនួនថា៖ តើមានក្បួនអ្វីខ្លះដើម្បីបញ្ឆេះ និងរក្សាការរីកចម្រើនក្នុងប្រទេសកំពុងអភិវឌ្ឍន៍?តើកម្ពុជាអាចរៀន សូត្រអ្វីខ្លះបានពីប្រទេសមុនៗអំពីរបៀបធ្វើដំណើរឆ្ពោះទៅដំណើរការអភិវឌ្ឍន៍បន្ទាប់?
ដោយប្រជាជនជាង១ ភាគ៣ នៅកម្ពុជាមានអាយុក្រោម ១៥ ឆ្នាំ ហើយមានតម្រូវការដ៏ធំដើម្បីបង្កើតការងារ សំណួរទាំងនេះ និងចម្លើយមានអត្ថន័យជ្រាលជ្រៅក្នុងជីវិតពិតសម្រាប់មនុស្សជាច្រើននាក់។ អ្នកស្រាវជ្រាវនៅមូលនិធិរូបិយវត្ថុអន្តរជាតិបានវិភាគសំណួរទាំងនេះក្នុងសៀវភៅមានចំណងជើងថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកខែមេសាឆ្នាំ២០១៣ដែលបានផ្សព្វផ្សាយ ទូទាំងពិភពលោក ហើយបានបង្ហាញជូនអ្នកធ្វើសេចក្តីសម្រេចក្នុងទីក្រុងភ្នំពេញកាលពីប៉ុន្មានថ្ងៃមុន។
គម្រោងស្រាវជ្រាវនេះបានពិនិត្យមើលបទពិសោធប្រទេសមានប្រាក់ចំណូលទាបឬកំពុងអភិវឌ្ឍន៍ជាង៦០ប្រទេសក្នុងរយៈពេល៦០ឆ្នាំចុងក្រោយនេះ។ ម្យ៉ាងទៀតគម្រោងនេះបានលើកយកប្រទេសកម្ពុជាធ្វើជាគំរូនៃការចាប់ផ្តើមរីកចម្រើនគួរឲ្យស្ងើចសរសើរមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក។
មុនពេលយើងគូសបញ្ជាក់នូវការរកឃើញសំខាន់ៗ សូមយើងពិនិត្យមកបរិបទនៃកំណើនសេដ្ឋកិច្ចពិភពលោកជាមុនសិន។
ក្នុងប្រវតិ្តសាស្រ្តសេដ្ឋកិច្ចនាពេលថ្មីៗនេះមានរលកនៃការចាប់ផ្តើមរីកចម្រើនពីរ នៅក្នុងចំណោមបណ្តាប្រទេសមានប្រាក់ចំណូលទាបរយៈពេល ៦០ ឆ្នាំកន្លងមកនេះ។ រលកទី១ បានចាប់ផ្តើមឡើងនៅប្រហែលទស្សវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ ១៩៧០ ហើយរលកទី ២ គឺនៅទសវត្សរ៍ឆ្នាំ១៩៩០។ ប្រទេសកម្ពុជាស្ថិតក្នុងរលកទី ២។ នេះជាដំណឹងល្អខ្លះៗ គឺការចាប់ផ្តើមរីកចម្រើនឥឡូវកាន់តែអាច និងមានរយៈពេលយូរ។តើអ្វីខ្លះពន្យល់អំពីលទ្ធភាពចាប់ផ្តើមរីកចម្រើន? វាគឺដោយសារលក្ខខណ្ឌរចនាសម្ព័ន្ធ និងម៉ាក្រូសេដ្ឋកិច្ចកាន់តែល្អប្រសើរជាការរកឃើញដែលអ្នកធ្វើសេចក្តីសម្រេចនៅកម្ពុជាជាប់ពាក់ព័ន្ធ។
ជាអកុសលការសន្យានៃរលកទី១ ពុំគ្រប់គ្រាន់ទេព្រោះការចាប់ផ្តើមរីកចម្រើននៅប្រទេសជាច្រើនបានទទួលបរាជ័យ នៅពេលសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងស្ថានភាពអាក្រក់នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ ១៩៨០។ តាមពិត ១ភាគ៣ នៃការចាប់ផ្តើមរីកចម្រើននៅមុនទសវត្សរ៍ឆ្នាំ១៩៩០ បានបញ្ចប់ដោយសារវិបតិ្តរូបិយវត្ថុ បំណុលឬ ហិរញ្ញវត្ថុហើយប្រទេសមួយចំនួនជួបប្រទះនូវការដកថយក្រោយនៃកម្រិតប្រាក់ចំណូលមនុស្សម្នាក់ៗក្នុងរយៈពេល ១៥ ទៅ២០ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមរីកចម្រើន។បើទោះបីជាផ្លូវជាច្រើនបាននាំទៅរកការចាប់ផ្តើមរីកចម្រើនក្តីពួកគេជាធម្មតាពាក់ព័ន្ធនឹងការវិនិយោគ និងកំណើននាំចេញដ៏រឹងមាំដែលគូសបញ្ជាក់នូវសារៈសំខាន់នៃគោលនយោបាយដើម្បីកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ និងជំរុញសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះ ការចាប់ផ្តើមរីកចម្រើននាពេលថ្មីៗនេះបានគាំទ្រដោយការវិនិយោគពីបរទេសដល់កម្រិតអប់រំច្បាស់លាស់ បន្ទុកបទប្បញ្ញតិ្តទាបសម្រាប់ពាណិជ្ជកម្មវិសមភាពទាបនៃប្រាក់ចំណូលនិងស្ថានភាពនយោបាយកាន់តែមានស្ថិរភាព។ សំណាងល្អ លក្ខខណ្ឌទាំងនេះភាគច្រើនជាលទ្ធផលនៃគោលនយោបាយមិនមែនដោយចៃដន្យនោះទេ។
តើមានមេរៀនអ្វីខ្លះសម្រាប់កម្ពុជា?ប្រព័ន្ធច្បាប់វិនិយោគនិងពាណិជ្ជកម្មបើកចំហរបស់កម្ពុជា និងទីតាំងនៅជាប់សេដ្ឋកិច្ចសកម្មបំផុតមួយចំនួននៅលើពិភពលោកបានជួយកម្ពុជានិងផ្តល់ឱកាសក្នុងការបន្តទាក់ទាញការវិនិយោគដោយផ្ទាល់ និងពង្រឹងចំណងពាណិជ្ជកម្មក្នុងទីផ្សារតំបន់និងទីផ្សារសកលលោក។ នេះនឹងលើកកម្ពស់ផលិតផល និងគាំទ្រសកម្មភាពបន្ថែមទៀត។ ប៉ុន្តែ ដើម្បីទៅដល់ទីនោះ កម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន។
ទី១ គឺជម្នះលើឧបសគ្គហេដ្ឋារចនាសម្ព័ន្ធ ជាបន្ទាន់បំផុតទាក់ទងនឹងការផ្គត់ផ្គង់ថាមពល និងផ្លូវថ្នល់ និងលើកកម្ពស់បរិយាកាសពាណិជ្ជកម្មនៅតែសំខាន់ដើម្បីបន្តទាក់ទាញវិនិយោគឯកជន និងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែចម្រុះថែមទៀត។
ទី២ ទាក់ទិននឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធធនាគារ កម្ពុជា និងការដាក់ឲ្យអនុវត្តនូវលិខិតូបករណ៍ និងទីផ្សារហិរញ្ញវត្ថុដូចជាទីផ្សារភាគហ៊ុនក្នុងឆ្នាំ ២០១២ វាសំខាន់ត្រូវចងចាំថា ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុត្រូវតែបន្តដោយមិនឲ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុឡើយ ដែលជាមេរៀនសំខាន់មួយពីរលកទី ១ នៃការចាប់ផ្តើមរីកចម្រើន។
នោះនឹងត្រូវការការគ្រប់គ្រងលើ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុដោយផ្តល់លទ្ធភាព ដល់អ្នកចូលរួមក្នុងទីផ្សារគ្រប់គ្រង ហានិភ័យបានកាន់តែល្អប្រសើរ និងបន្តលើកកម្ពស់ការត្រួតពិនិត្យ និងបទប្បញ្ញតិ្ត។ នេះមានសារៈសំខាន់ជាពិសេសក្នុងប្រព័ន្ធដូចនៅកម្ពុជា ដែលប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ និងគណនីមូលធនបើកចំហ។
ទី ៣ គឺ ការប្រើប្រាក់ចំណូលហិរញ្ញវត្ថុនឹងជួយកសាងប្រព័ន្ធការពារ និងបង្កើតធនធានដែលចាំបាច់ដើម្បីការពារសេដ្ឋកិច្ចប្រឆាំងនឹងផលអាក្រក់ និងបំពេញតម្រូវការអភិវឌ្ឍរបស់ប្រទេស។ បញ្ហាក្រោយមកក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើឲ្យប្រព័ន្ធសុខាភិបាល និងការអប់រំកាន់តែល្អប្រសើរគឺជាគោលដៅមួយដែលរដ្ឋាភិបាលកម្ពុជាក៏បានប្រកាន់ខ្ជាប់ផងដែរ។
គួរកត់សម្គាល់ផងដែរថាកិច្ចសន្ទនាគោលនយោបាយជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិជាមួយនឹងកម្ពុជាបាននាំទៅរកការឯកភាពគ្នាលើទស្សនៈស្តីពីមេរៀនទាំងនេះ ហើយក៏បានដឹកនាំជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅកម្ពុជាគិតចាប់ពីការគ្រប់គ្រងហិរញ្ញវត្ថុ រហូតដល់ស្ថិតិសេដ្ឋកិច្ចនិងដល់ការគ្រប់គ្រងសារពើពន្ធ។
សុភាសិតខ្មែរបានណែនាំយើងឲ្យចរចា ចូលស្ទឹងតាមបត់។ កម្ពុជាកំពុងតែឆ្ពោះទៅរកការអភិវឌ្ឍដូចសុភាសិតខ្មែរនេះតែផ្លាស់ប្តូរពីប្រទេសកំពុងអភិវឌ្ឍទៅជាប្រទេសសេដ្ឋកិច្ចទីផ្សារទើបងើបឡើង។ វិធីសាស្រ្តមានប្រសិទ្ធភាពដើម្បីចូលស្ទឹងតាមបត់គឺយកមេរៀនពីប្រទេសរីកចម្រើនជាបន្ត និងគោលនយោបាយទាំងនោះមកចងចាំនិងអនុវត្តតាម។
មូលនិធិរូបិយវត្ថុអន្តរជាតិរីករាយដែលបានធ្វើជាផ្នែកនៃដំណើរនោះ ហើយគិតរួមគ្នាជាមួយនឹងអ្នកធ្វើគោលនយោបាយកម្ពុជាអំពីថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីត្រៀមសម្រាប់ដំណាក់កាលបន្ទាប់៕ TK
ដោយ Faisal Ahmed, Rupa Duttagupta and Olaf Unteroberdoerster

