ភ្នំពេញៈ យោងតាមឯកសារសាលាក្តីខ្មែរក្រហមសាលាក្តីនេះត្រូវបង្ខំចិត្តស៊ើបអង្កេតលើសំណុំរឿង០០៣ និង០០៤ ដែលជំទាស់ដោយរដ្ឋាភិបាលដោយគ្មាន.ជំនួយពីសមភាគីជាតិ ហើយសហចៅក្រមស៊ើបអង្កេតអន្តរជាតិក៏កំពុងស្វែងរកជួលក្រុមមេធាវីកម្ពុជាផ្ទាល់ខ្លួន។
របាយការណ៍ ប្រចាំខែឧសភារបស់សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា លោកចៅក្រម Mark Harmon «បានផ្សព្វផ្សាយដល់តំណាងសហគមន៍អន្តរជាតិរកមូលនិធិដើម្បីជ្រើសរើសក្រុមមេធាវីវ័យក្មេងមួយក្រុមដើម្បីធ្វើការពិនិត្យលើពាក្យសុំធ្វើជាដើមបណ្តឹងរដ្ឋប្បវេណី ដែលបានស្នើឡើងដល់១២០០នាក់សម្រាប់សំណុំរឿងទាំងពីរ»។
សេចក្តីប្រកាសបានសន្និដ្ឋានថា៖ «រហូតមកដល់សព្វថ្ងៃនេះ កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះពុំទទួលបានជោគជ័យទេ»។
សំណុំរឿងប្រឆាំងនឹងកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ត្រូវបានជំទាស់យ៉ាងខ្លាំង និងម្តងហើយម្តងទៀតដោយសមាជិកជាន់ខ្ពស់បំផុតក្នុងជួរមន្ត្រីរបស់រដ្ឋាភិបាល។ នៅឯតុលាការវិញបុគ្គលិកដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលបានខិតខំបិទបាំងសំណុំរឿងនេះ និងធ្វើឲ្យយឺតយ៉ាវចំពោះការស៊ើបអង្កេតដែលបានដាក់អនុវត្តដោយភាគីអន្តរជាតិ។
សូម្បីស្ថានភាពនៃសំណុំរឿងក៏ស្ថិតក្នុងវិវាទផងដែរ។ ខណៈលោក Harmon បានប្រកាសកាលពីខែកុម្ភៈថា លោកចាត់ទុកការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ កំពុងចាប់ផ្តើម លោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតជាតិ បានថ្លែងថា តាមពិតការស៊ើបអង្កេតក្នុងសំណុំរឿងនេះបានបិទបញ្ចប់ហើយ។
តែទោះជាយ៉ាងណារយៈពេលជាច្រើនខែនេះ លោក Harmon និងក្រុមបុគ្គលិកនៃភាគីអន្តរជាតិនៃការិយាល័យសហចៅក្រមស៊ើបអង្កេត បានធ្វើការស៊ើបអង្កេតដោយស្ងប់ស្ងាត់ក្នុងសំណុំរឿង០០៣ និង០០៤។ ចាប់តាំងពីខែមករា ក្រុមនេះបានចុះទៅពិនិត្យដល់កន្លែងយ៉ាងហោចចំនួន ១៥ លើក និងបានសម្ភាសសាក្សី១២រូបក្នុងសំណុំរឿងទាំងពីរ។ ប៉ុន្តែ តួលេខដែលប្រមូលពីទិន្នន័យចុះផ្សាយក្នុងរបាយការណ៍តុលាការចាប់តាំងពីលោកត្រូវបានតែងតាំងកាលពីខែតុលា បានបិទបាំងការពិតដែលការិយាល័យនេះអាចកំពុងប្រតិបតិ្តការក្នុងភាពពាក់កណ្តាលផ្លូវការ។
ក្នុងរយៈពេល ៧ ខែកន្លងមកនេះ ភាគីជាតិត្រូវបានលើកឡើងតែម្តងប៉ុណ្ណោះ។ នៅពេលចាប់ផ្តើមបេសកកម្មចុះដល់មូលដ្ឋានក្នុងសំណុំរឿង ០០៣ និង ០០៤ កាលពីខែមករា របាយការណ៍កត់សម្គាល់ថា ពួកគេទទួលការសន្យាថា នឹងមានការជំទាស់ពីសហចៅក្រមស៊ើបអង្កេតជាតិ។
ពីរថ្ងៃមកនោះមន្រ្តីតុលាការពុំបានឆ្លើយតបនឹងសំណួរតាមអ៊ីមែលទាក់ទងនឹងកម្រិតភាគីជាតិដែលខកខានមិនបានជួយសមភាគីអន្តរជាតិឡើយ ប៉ុន្តែតាមកត់សម្គាល់ជាញឹកញាប់ បុគ្គលិកកម្ពុជាត្រូវជួលឲ្យធ្វើការដោយភាគីអង្គការសហប្រជាជាតិនៃតុលាការនេះ។
ក្នុងខែកុម្ភៈ លោក Harmon បានប្រកាសថា ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ កំពុងបន្ត យ៉ាងសកម្មដែលបំភ្លឺអំពីឋានៈនៃសំណុំរឿងដែលគេមិនបានដឹងនិងអនុញ្ញាតឲ្យជន រងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីដាក់ពាក្យជាថ្មី។ ដើមបណ្តឹងរដ្ឋប្បវេណី៨៥០នាក់បានដាក់ពាក្យជាង១២០០ ច្បាប់ទៅក្នុងសំណុំរឿងទាំងពីរជាច្រើនឆ្នាំមកនេះ។ ការវិភាគពាក្យសុំជាធម្មតាស្ថិតក្រោមការិយាល័យនិងមានមូលនិធិគ្រប់គ្រាន់សម្រាប់បង់លើការងារចាំបាច់នានា។
លោកស្រី Heather Ryan អ្នកឃ្លាំមើលសាលាក្តីនៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គម បើកចំហឲ្យដឹងថា នៅមានការសង្ស័យតិចតួចថា សេចក្តីជូនដំណឹងអំពីរបាយការណ៍តុលាការចង្អុលបង្ហាញអ្វីផ្សេង ក្រៅពីកង្វះនៃកិច្ចសហការពីសមភាគីជាតិ។លោកស្រីបានបន្ថែមថា៖ «នេះស៊ីគ្នាទៅនឹងការចង្អុលបង្ហាញដទៃទៀតដែលយើងមាននៅការិយាល័យដែលថា ការស៊ើបអង្កេតសំណុំរឿង០០៣ និង ០០៤ កំពុងតែអនុវត្តដោយភាគីអន្តរជាតិតែឯងដែលនេះវាមិនស្របនឹងគោលបំណងនៃកិច្ចព្រមព្រៀងដែលចែងអំពីការស៊ើបអង្កេតរួមគ្នាឡើយ»។
លោកស្រីបានកត់សម្គាល់ថា សំខាន់ជាងនេះទៅទៀតគឺដរាបណាភាគីជាតិប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួននោះសំណុំរឿងនេះមិនដើរទៅមុខទេ។ វានឹងពិបាកមើលឃើញថា សំណុំរឿងនេះអាចឈានដល់ការសន្និដ្ឋានផ្លូវច្បាប់ដ៏ត្រឹមត្រូវ៕ TK

