មន្ត្រីស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជាបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលកំពុងរងការរិះគន់ជុំវិញពិភពលោក ពាក់ព័ន្ធនឹងសង្គ្រាម នៅប្រទេសអ៊ុយក្រែន ដែលកំពុងតែធ្លាក់ចូលទៅក្នុងសភាពកាន់តែធ្ងន់ធ្ងរនោះ មិនទាន់សម្រេចចិត្ត ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូករុស្ស៊ី ក្នុងប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលនេះ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ទោះបីជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអញ្ជើញប្រមុខរដ្ឋសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំ ក្នុងខែវិច្ឆិកាខាងមុខនេះក៏ដោយ។
ក្នុងការសង្ខេបព្រឹត្តិការណ៍ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធនានា ដែលរៀបចំឡើងដោយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៨ តាមរយៈប្រព័ន្ធ ZOOM ដែលមានអ្នកសារព័ត៌មានជាង ១០ស្ថាប័ន ចូលរួម នៅថ្ងៃទី ១៩ ខែតុលា លោក Rafael Iangareev មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ស្ថានទូតរុស្ស៊ី ប្រចាំនៅរាជធានីភ្នំពេញ បាននិយាយថា វិមានក្រឹមឡាំង នឹងជូនដំណឹងដល់ភាគីកម្ពុជាអំពីការសម្រេចចិត្តចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូករុស្ស៊ីរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្នុងពេលអនាគតដ៏ខ្លី។
នៅក្នុងសំណេរឆ្លើយតប ចំពោះសំណួររបស់តំណាងកាសែត ភ្នំពេញ ប៉ុស្តិ៍ លោក Rafael Iangareev បានសរសេរថា៖ «យើងនឹងជូនដំណឹងដៃគូកម្ពុជារបស់យើងអំពីការសម្រេចចិត្ត ដែលធ្វើឡើង នៅទីក្រុងម៉ូស្គូលើបញ្ហានេះ ក្នុងអនាគតដ៏ខ្លីនេះ»។
នៅក្នុងការសង្ខេបព្រឹត្តិការណ៍អំពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃទី ១៥ ខែកញ្ញា ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានអះអាងពីការទទួលបានលិខិតអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអញ្ជើញប្រមុខរដ្ឋសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ានបូករុស្ស៊ី ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១២ ឬ ១៣ ខែវិច្ឆិកា ខាងមុខនេះ។
យោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិនានា លោក ពូទីន មិនទាន់សម្រេចចិត្តនៅឡើយទេថា តើលោកនឹងត្រូវចូលរួមដោយផ្ទាល់សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា G20 ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា នាប្រទេសឥណ្ឌូនេស៊ីដែរ ឬអត់? បន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានអញ្ជើញលោក ពូទីន ដោយផ្ទាល់នៅទីក្រុងម៉ូស្គូ កាលពីខែមិថុនាកន្លងទៅ។
បើទោះបីមិនទាន់មានការបញ្ជាក់អំពីវត្តមានចូលរួមរបស់ប្រមុខរដ្ឋរុស្ស៊ី ប៉ុន្តែកម្ពុជាបានត្រៀមខ្លួន សម្រាប់ដំណើរការកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយមានប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូជាង ៤០ប្រទេស មកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ ជាទីដែលរដ្ឋាភិបាលសម្រេចផ្អាកកម្មវិធីបុណ្យអុំទូកប្រចាំឆ្នាំដ៏ធំ ដោយសារពេលវេលាត្រួតស៊ីគ្នា សម្រាប់កិច្ចប្រជុំកំពូលនេះ។ នេះបើយោងតាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ។
ក្នុងអំឡុងពេលសង្គ្រាមនៅអ៊ុយក្រែន មិនទាន់ធ្ងន់ធ្ងរខ្លាំង ទាំងប្រទេសឥណ្ឌូនេស៊ី ដែលរៀបចំកិច្ចប្រជុំកំពូល G20 និងប្រទេសថៃ ដែលរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា «APEC» សុទ្ធតែបានអះអាងពីវត្តមានចូលរួមរបស់លោក ពូទីន ប៉ុន្តែពេលសង្គ្រាមកាន់តែធ្លាក់ចូលទៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង វត្តមានចូលរួមរបស់លោក ពូទីន ក្លាយជាមិនច្បាស់លាស់វិញ៕
វីដេអូ៖


