ភ្នំពេញ:សមាគមឈូកសដែលបង្កើតឡើងក្នុងឆ្នាំ២០០៣និងបានចុះបញ្ជីជាអង្គការក្នុងស្រុកនៅឆ្នាំ២០០៦បាន និងកំពុងផ្ដល់សេវាថែទាំសុខភាព និងព្យាបាលអ្នកផ្ទុកជំងឺអេដស៍ជិត ៣ពាន់នាក់ ជាក្រុមប្រឈមខ្ពស់។
រយៈពេល២០ឆ្នាំនៃប្រតិបត្ដិការរបស់សមាគមឈូកសមានអ្នកជំងឺសរុបទាំងអស់ជាង១៧ ០០០នាក់ មកទទួលសេវាព្យាបាលពីគ្លីនិកឈូកសដោយក្នុងនោះមានអ្នកផ្ទុកជំងឺអេដស៍អ្នកជំងឺឆ្លងតាមការរួមភេទអ្នកមកទទួលសេវាពន្យារកំណើត អ្នកតេស្ដឈាម និងអ្នកប្រើឱសថបង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម(PrEP)(Pre-exposure prophylaxis)និងសេវាបង្ការអេដស៍ ក្រោយពេលប្រឈម (PEP)( post-exposure prophylaxis) ផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកមកទទួលសេវាកម្មទាំងអស់នោះអ្នកផ្ទុកមេរោគអេសដ៍ ដែលមកបើកថ្នាំពន្យារជីវិតរៀងរាល់ថ្ងៃនេះមានចំនួន២ ៧៨៧នាក់ ជាក្រុមមនុស្សប្រឈមខ្ពស់ ក្នុងឆ្នាំ២០២២។តួលេខបានបង្ហាញថា ៩៣ភាគរយបានមកទទួលសេវាថែទាំនិងព្យាបាលទៀងទាត់ពេលវេលា។
លោក យន់ ភារុន នាយកប្រតិបត្ដិសមាគមឈូកសបានថ្លែងថា៖ «បេសកកម្មរបស់យើងផ្ដោតលើគម្រោងថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ដូចជា ស្ដ្រីរកស៊ីផ្លូវភេទក្រុមបុរសរួមភេទជាមួយប្រុស(MSM)អ្នកក្លែងភេទ (PG) ក៏ដូចជាក្រុមជក់ និងប្រើប្រាស់គ្រឿងញៀនដោយឥតគិតថ្លៃទាំងអស់»។
លោក ភារុន បានបន្ដថាចំណោមតួលេខរកស៊ី អ្នកផ្ទុកជំងឺអេសដ៍ក្នុងឆ្នាំ២០២១ សមាគមឈូកសបានរកឃើញ ៦៥៤នាក់ ចំពោះក្រុមប្រឈមមុខខ្ពស់ ខណៈទិន្នន័យថ្នាក់ជាតិបានបង្ហាញថាអ្នកផ្ទុកជំងឺអេដស៍ថ្មីៗមានចំនួន ១ ១០០នាក់។
លោកបានពន្យល់ថា ប្រជាពលរដ្ឋទូទៅដែលមិនស្ថិតក្នុងវិស័យនេះមិនបានដឹងព័ត៌មានច្បាស់អំពីការកើនឡើងជំងឺឆ្លងក្នុងក្រុមមនុស្សទាំងនេះទេ ដោយគិតថាបច្ចុប្បន្នលែងមានជំងឺអេដស៍ទៀតហើយ។ ជាក់ស្ដែងជំងឺអេដស៍នៅតែមានការកើនឡើង តែមិនស្ថិតក្នុងចំណោមប្រជាជនទូទៅ។
នាយកប្រតិបត្ដិសមាគមឈូកសលោកភារុនបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«អត្រាឆ្លងមេរោគអេដស៍មិនមានការថមថយនោះទេដោយវាមានតែថែមទៀតប៉ុន្ដអត្រាកើនឡើងនេះមានតែនៅក្នុងចំណោមក្រុមប្រឈមមុខខ្ពស់។យើងរកឃើញច្រើនដោយក្នុង១ត្រីមាសយើងរកឃើញជាមធ្យមចន្លោះពី១៥០ ទៅ១៨០នាក់ ចំពោះអ្នកផ្ទុកជំងឺអេដស៍ថ្មីៗ»។
ពីដំបូងឡើយ អេដស៍បានឆ្លងរីករាលដាលកើនឡើងក្នុងចំណោមមនុស្សទូទៅកាលពីរយៈពេល២០ឆ្នាំមុន។ប៉ុន្ដែឥឡូវនេះបើមើលតាមតួលេខមានការកើនឡើងក្នុងចំណោមបុរសរួមភេទជាមួយបុរសវ័យក្មេង ក្រុមអ្នកក្លែងភេទ(ក្រុមខ្ទើយ)និងក្រុមប្រើប្រាស់គ្រឿងញៀន។
ក្រុមបុរសស្រឡាញ់បុរស (MSM) មានត្រឹម២០ភាគរយប៉ុណ្ណោះ តែឥឡូវ ពួកគេមានទំនោរផ្លូវភេទតាមគ្នាមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ពួកគេសម្បូរនៅតាមហាងម៉ាស្សា ស្ទីមនិងសោណា រួមទាំងបៀរហ្គាដិន។នេះបើយោងតាមការបង្ហើបពីលោក ភារុន។
លោកបានបង្ហាញតួលេខថា៖«គួរឱ្យកត់សម្គាល់ដែរបើយើងក្រឡេកមើលក្រុមស្ដ្រីរកស៊ីផ្លូវភេទវិញអត្រាឆ្លងក៏ធ្លាក់តិចជាងមុនដែរ។បើគិតថាអត្រាភាគរយក្នុងចំណោមស្ដ្រីរកស៊ីផ្លូវភេទ មានតែ៣,២ភាគរយ ក្រុមMSM មាន៤,៩ភាគរយហើយក្រុម PG មានចំនួនច្រើនដែរខណៈក្រុមអ្នកប្រើប្រាស់គ្រឿងញៀនមានរហូតដល់១៧ភាគរយ»។
ក្រុមទាំងនេះមានការរួមភេទជាក្រុម ដែលប្រើប្រាស់ថ្នាំសម្រើប ហៅថា poppers ធ្វើឱ្យចំណង់ផ្លូវភេទរោលរាលខ្លាំង រហូតដល់បណ្ដោយខ្លួនមិនប្រើស្រោមអនាម័យការពារជាមួយដៃគូច្រើនច្របូលច្របល់។ក្រុមខ្ទើយ(PG)ទាំងអ្នកកែភេទនិងមិនទាន់កែភេទបានប្រកបរបររកស៊ីផ្លូវភេទនៅតាមដងផ្លូវវ៉េងស្រេងចាប់ពីម៉ោង៩យប់ ខណៈក្រុមបុរសស្រឡាញ់បុរសនិងខ្ទើយមាននៅម្ដុំរង្វង់មូលនាងមច្ឆា។
តាមរយៈអង្គការដៃគូដែលចុះផ្ទាល់ទៅដល់តំបន់សម្បូរក្រុមប្រឈមខ្ពស់ទាំងនោះលោកភារុនបានបន្ថែមថា ពួកគេធ្វើតេស្ដឈាមភ្លាមៗនៅលើរថយន្ដវ៉ែន ហើយបើករណីរកឃើញមានប្រតិកម្មតេស្ដពួកគេនឹងបញ្ជូនអ្នកទាំងអស់នោះមកធ្វើតេស្ដម៉ាស៊ីនធំនៅឈូកស។ពេលបញ្ជាក់ច្បាស់អំពីលទ្ធផលវិជ្ជមាន បើជាប្រភេទក្រុមបុរសស្រឡាញ់បុរសក្រុមក្លែងភេទក្រុមនារីរកស៊ីផ្លូវភេទអ្នកចាក់និងអ្នកជក់គ្រឿងញៀន ពួកគេនឹងត្រូវបានផ្ដល់ថ្នាំពន្យារជីវិតឱ្យពួកគេនៅសមាគមតែម្ដង។
ប៉ុន្ដែបើអ្នកវិជ្ជមានជាប្រជាជនទូទៅពួកគេនឹងត្រូវបានបញ្ជូនចុះឈ្មោះទទួលសេវាពន្យារជីវិតនៅទីតាំងផ្សេងវិញ ប៉ុន្ដែពួកគេអាចទទួលសេវាកម្មទាំងអស់ដូចក្រុមងាយប្រឈមខ្ពស់ដែរ គ្រាន់តែខុសត្រង់ការផ្ដល់ថ្នាំពន្យារជីវិតនៅកន្លែងផ្សេងគ្នា។
អង្គការសមាគមឈូកសផ្ដល់សេវាកម្មជាកញ្ចប់ផ្សេងៗទៀតរួមមានការធ្វើតេស្ដរកមេរោគអេដស៍និងស្វាយពិនិត្យ ព្យាបាលកាមរោគទាំងបុរសនិងស្ដ្រីសេវាកម្មពន្យារកំណើតដោយមានសម្ភារពន្យារកំណើតគ្រប់ទាំងអស់ ដូចជាថ្នាំលេបថ្នាំចាក់កងដាក់ក្នុងស្បូនស្រោមអនាម័យជាដើម។
នៅមានសេវាកម្មបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រឈម (PrEP)និងសេវាបង្ការអេដស៍ ក្រោយពេលប្រឈម( PEP) និងបង្កើតជាសហគ្រាសសង្គមដែលទទួលមូលនិធិពីទីភ្នាក់ងារអាមេរិកUSAID សម្រាប់រយៈពេល១ឆ្នាំខណៈគម្រោងថែទាំនិងព្យាបាលអ្នកផ្ទុកមេរោគទទួលការឧបត្ថម្ភពីគម្រោងមូលនិធិសកលរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
លោកភារុនក៏បានបកស្រាយចម្ងល់មហាជនមួយចំនួនដែលអះអាងថាការទទួលទានថ្នាំពន្យារជីវិតយូរៗទៅ លែងមានកើតជំងឺអេដស៍ រហូតដល់អាចរៀបការ និងបង្កើតកូនថែមទៀត។
លោកបានបញ្ជាក់ថា៖«អត់ទេ! នៅពេលពួកគាត់ប្រើថ្នាំពន្យារជីវិត វាធ្វើឱ្យសុខភាពពួកគាត់ល្អជាងមុន។រហូតដល់ពេលនេះរយៈពេលជាង៤០ឆ្នាំហើយមិនទាន់មានឱសថណាព្យាបាលជំងឺអេដស៍ជាបានទេ។វាបានត្រឹមពន្យារជីវិតឱ្យមានសុខភាពដូចអ្នកអត់ឈឺ ដោយវាមិនជាដាច់ទេ»។
មេរោគនៅតែមានក្នុងខ្លួន តែពេលអ្នកជំងឺលេបថ្នាំបានទៀងទាត់និងជាប់លាប់រយៈពេលពី៦ខែទៅ១ឆ្នាំ ការធ្វើតេស្ដកំហាប់មេរោគក្នុងឈាមម៉ាស៊ីនចាប់មិនបាន។នៅពេលលទ្ធផលចេញមកវាមិនអាចមើលឃើញមេរោគ (undetectable) វាមានន័យថា អ្នកជំងឺមិនមានលទ្ធភាពចម្លងទៅកាន់អ្នកដទៃបានទេ។
លោកបានបន្ដថា៖ «តាមពាក្យបច្ចេកទេសU=U មានន័យថា undetectable ស្មើនឹងuntransmitted ឬនៅពេលម៉ាស៊ីនចាប់ចំនួនមេរោគនៅក្នុងឈាមអត់បានវាមិនអាចម្លងទៅអ្នកដទៃបានទេ»។
នាយកប្រតិបត្ដិអង្គការរូបនេះបានលើកឡើងថា តាមការសិក្សាកន្លងមកលើអ្នកស្រឡាញ់ភេទផ្ទុយគ្នា១ ៦០០គូដោយម្ខាងមានផ្ទុកមេរោគទទួលទានថ្នាំទៀងទាត់តាមការណែនាំរបស់អ្នកជំនាញនិងម្ខាងទៀតអត់មានលទ្ធផលចេញមកបង្ហាញថា undetectable ទាំងអស់។
ដូច្នេះករណីនេះប្រសិនបើពួកគាត់ចង់បានកូនមេរោគក៏មិនមានលទ្ធភាពចម្លងទៅកូនបានដែរ។ប៉ុន្ដែអ្នកជំងឺត្រូវបន្ដទទួលទានថ្នាំឱ្យបានទៀងទាត់បន្ដទៀតពេញ១ជីវិត។
នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២២ខាងមុខ អង្គការសមាគមឈូកសនឹងប្រារឰកម្មវិធីទិវាអេដស៍ពិភពលោកក្រោមប្រធានបទ «សមភាព» នៅ Futures Friends Factory ដែលបើកឱកាសឱ្យមហាជនទូទៅចូលរួមដោយសេរី។
លោកយន់ ភារុន នាយកប្រតិបត្ដិសមាគមឈូកសបានឱ្យដឹងថា៖ «គោលបំណងនៃការប្រារឰទិវានេះគឺចង់ចូលរួមចំណែកក្នុងកម្មវិធីទិវាអេដស៍ពិភពលោកដើម្បីរំឭកខួបនិងឆ្លៀតបង្កើតសកម្មភាពផ្ដល់សេវាតេស្ដឈាមដោយឥតគិតថ្លៃដល់ក្រុមប្រឈមខ្ពស់និងប្រជាជនទូទៅ»។
លោកនិយាយថា៖«យើងមានការផ្សព្វផ្សាយបន្ថែមអំពីសេវាកម្មឈូកសដែលមានក្រៅពីការធ្វើតេស្ដ។យើងបានបន្ថែមសេវាថ្មីៗដែលមានការគិតថ្លៃក្នុងតម្លៃសមរម្យដូចជាព្យាបាលដុតសិរមាន់ចាក់វ៉ាក់សាំងសេវាអ័រម៉ូនដល់ក្រុមអ្នកក្លែងភេទជាដើម»។
សមាគមឈូកសតែងតែចូលរួមប្រារឰទិវាជំងឺអេដស៍ពិភពលោករៀងរាល់ឆ្នាំជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(NAA) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ(NCHADS) ប៉ុន្ដែឆ្នាំនេះពិសេសជាងមុនដោយសមាគមបានចូលរួមចំណែកច្រើនជាងនិងបានបង្កើតកម្មវិធីខ្លួនឯងបន្ថែមទៀតផងដែរ។
លោកភារុនបញ្ជាក់ថា៖«យើងមានគោលបំណងវិវឌ្ឍខ្លួនពីអង្គការក្រៅរដ្ឋាភិបាលទៅជាអង្គភាពមួយដែលអាចទ្រទ្រង់ខ្លួនឯងដោយមាននិរន្តរភាពនាពេលអនាគត»។
ពិធីបុណ្យ Ribbons ក្នុងទិវាអេដស៍ពិភពលោកនឹងប្រព្រឹត្តទៅនៅម៉ោង៦ល្ងាច ថ្ងៃទី១៦ធ្នូ ដោយមានការប្រគំតន្ត្រីលេងហ្គេមញ៉ាំអាហារការធ្វើតេស្តដោយឥតគិតថ្លៃ និងការបរិច្ចាគមូលនិធិដល់ឈូកសដើម្បីយកទៅជួយក្រុមងាយរងគ្រោះ ឱ្យទទួលបានការព្យាបាលមេរោគអេដស៍ និងកាមរោគដោយឥតគិតថ្លៃ៕


