ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបបានស្នើផ្តល់មូលនិធិដល់ការសិក្សាអំពីផលប៉ះពាល់ទៅលើជលផលនៃទំនប់វារីអគ្គិសនីសេសានក្រោម II ក្នុងខេត្តស្ទឹងត្រែង។
លោក Jean-Francois Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងថា សហភាពអឺរ៉ុបបានប្រាប់រដ្ឋបាលជលផលថា ខ្លួនមានឆន្ទៈផ្តល់នូវមូលនិធិដល់ការសិក្សាអំពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទ ជាមួយនឹងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ លោកបន្តថា៖ «រដ្ឋមន្រ្តីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងរបស់គាត់ ចំពោះការសិក្សាដ៏ទូលំទូលាយពីទំនប់នេះ…ខ្ញុំបានបង្ហាញថា សហភាពអឺរ៉ុបបានសម្តែងប្រាប់រដ្ឋបាលជលផល ពីការត្រៀមលក្ខណៈផ្តល់មូលនិធិដល់ការសិក្សានេះរួចហើយ»។
ការសាងសង់ទំនប់វារីអគ្គិសនី ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Royal Group កម្ពុជា និងក្រុមហ៊ុនចិន Hydrolancang International បានចាប់ផ្តើមនៅដើមឆ្នាំ ២០១៤។ លោក Zhonghua Ren អ្នកនាំពាក្យក្រុមហ៊ុន Hydro Power Lower Sesan 2 Company មិនបានឆ្លើយតបចំពោះសំណើសុំអធិប្បាយទេ ប៉ុន្តែកន្លងមក បានថ្លែងថាមានផលប៉ះពាល់ «តិចតួច» ។
ប៉ុន្តែ លោក Ian Baird អ្នកស្រាវជ្រាវដែលជាសហអ្នកនិពន្ធលើការសិក្សាសំខាន់ក្នុងឆ្នាំ ២០០៩ អំពីផលប៉ះពាល់ដែលអាចមាន ពុំយល់ស្របឡើយ។ «គន្លឹះសំខាន់នៃ [ទំនប់] គឺផលប៉ះពាល់ ដែលនឹងកើតឡើងលើតំបន់ជលផលធំទូលាយជាកន្លែងបន្លាស់ទីរបស់ត្រីរវាងទន្លេសេសាន និងស្រែពក នឹងរាំងស្ទះមិនឲ្យធ្វើដំណើរទៅទន្លេសាប ដីសណ្តទន្លេមេគង្គ ព្រមទាំងតំបន់ខ្សែទឹកលើទន្លេមេគង្គនៅឡាវ និងថៃ»៕ TK

