ភ្នំពេញៈ ទារកទើបកើតដែលស្រ្តីវៀតណាមម្នាក់បន្លំយកពីក្នុងមន្ទីរពេទ្យបង្អែក មានជ័យ ក្រុង ភ្នំពេញ មិនទាន់មានដំណឹងទេ ទោះបីប៉ូលិសអន្តរាគមន៍និងបានប្រកាសរកតាមវិទ្យុក៏ដោយ។
លោក អុំ សុខា ប្រធានមន្ទីរពេទ្យបង្អែក មានជ័យប្រាប់ថា ទារកដែលបាត់នោះទើបតែកើតមិនទាន់បាន ១ ថ្ងៃផង មានទម្ងន់ ២,៣ គីឡូក្រាម។
លោកថាពេទ្យមិនឲ្យយកក្មេងចាក់ថ្នាំឬងូតទឹកទេ ព្រោះគេមិនទាន់គ្រប់គីឡូតែមិនដឹងយ៉ាងម៉េច បានជាម្តាយឲ្យគេយកកូនទៅបាត់បែបនេះ។ លោកថា លោកបានជូនដំណឹងទៅប៉ូលិស និងប្រកាសតាមវិទ្យុដែរ តែពុំមានព័ត៌មានអំពីក្មេងនេះទេ។
នាង គូវ ស្រីលក្ខណ៍ អាយុ ១៨ ឆ្នាំ មានប្តីឈ្មោះ ឈិត ពៅ អាយុ ២១ ឆ្នាំ របររើសអេតចាយនៅភូមិ ដើមស្លែង សង្កាត់ ច្បារអំពៅ ទី២ ខណ្ឌ មានជ័យ មកសម្រាលកូនដំបូងនៅមន្ទីរពេទ្យបង្អែក មានជ័យ កើតបានកូនប្រុស នៅថ្ងៃ ទី២១ តុលា ប៉ុន្តែមិនទាន់រឹងដៃជើងចេញទៅផ្ទះផង ក៏ត្រូវស្ត្រីជាតិវៀតណាមអាយុក្រោម ៤០ឆ្នាំ មកធ្វើជារាក់ទាក់និងសុំយកកូនទៅងូតទឹករួចបន្លំយកទៅបាត់ទម្រាំតែឆោឡោគឺបាត់ទៅហើយ៕

