ព្រៃវែងៈ សមត្ថកិច្ចស្រុកព្រះស្តេច បានធ្វើការឃាត់ខ្លួនក្មេងប្រុសសង្ស័យម្នាក់ កាលពីម្សិលមិញ ដើម្បីធ្វើការសាកសួរករណីរំលោភសម្លាប់ ក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ រួចយកទៅទម្លាក់ចូលក្នុងអាងទឹកមួយ នៅក្នុងវត្តគោកសំពៅ កាលពីល្ងាចថ្ងៃចន្ទ។
ប្រភពពី មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកព្រះសេ្តច បានឲ្យដឹងថា ក្មេងប្រុសសង្ស័យ ឈ្មោះឆែម ធា ហៅខ្លឹង អាយុ១៧ ឆ្នាំ ជាកូនសិស្សព្រះសង្ឃ រស់នៅភូមិគោកសំពៅ ឃុំច្រាំងស្វាយ ស្រុកព្រះស្តេច ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១០ និង ៣០ នាទី ព្រឹកម្សិលមិញនៅក្នុងវត្តគោកសំពៅ។ មន្ត្រីដែលបដិសេធមិនបញ្ចេញឈ្មោះរូបនេះ បន្តថា មុននឹងឈានដល់ការសម្រេចឃាត់ខ្លួនក្មេងប្រុសសង្ស័យខាងលើ ភ្នាក់ងារផ្នែកស៊ើបអង្កេត បានធ្វើការស្រាវជ្រាវ អស់រយៈពេលជាច្រើនម៉ោង ទើបអាចកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួន។ លោកនិយាយថា៖«យើងនៅមិនទាន់បានព័ត៌មានបន្ថែមពីជនសង្ស័យនៅ ឡើយទេ ដោយសារតែករណីនេះ កំពុងស្ថិតនៅក្នុងការសាកសួរ»។
យ៉ាង ណាក្តីសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនក្មេងប្រុសរូបនេះ ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់។
បើ តាមមន្ត្រីនគរបាលខាងលើ កាលពីវេលាម៉ោង ៦ និង ២០ នាទីល្ងាច ថ្ងៃចន្ទ ក្មេងប្រុសសង្ស័យ ឆែម ធា បានលបធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីឈ្មោះ វ ស ល អាយុ១០ ឆ្នាំ រស់នៅជាមួយជី ដូន ដោយស្នាក់អាស្រ័យធម៌ នៅក្នុងវត្តគោកសំពៅ។ មន្ត្រីដដែលបានបន្តថាខណៈពេលដែលមិនមានមនុស្សណាម្នាក់ នៅក្បែរបន្ទប់ទឹក ដែលស្ថិតនៅខាងក្រោមកុដិ ក្មេងប្រុសសង្ស័យ បានចាប់ក្មេងស្រីរងគ្រោះអូសចូលក្នុងបន្ទប់ទឹក រួចក៏ធ្វើសកម្មភាពច្របាច់ករំលោភរហូតដល់ក្មេងស្រីដាច់ខ្យល់ ស្លាប់។ ក្រោយពេលរំលោភរួច ក្មេងប្រុសសង្ស័យបានយកសាកសពក្មេងស្រី ទៅទម្លាក់ចូលក្នុងអាងទឹកដែលស្ថិតនៅក្នុងបន្ទប់ទឹក វត្តគោកសំពៅ។
លោកស្រីឡៃ អ៊ីន មន្ត្រីស៊ើបអង្កេត ទទួលបន្ទុកផ្នែកស្រ្តី និងកុមារ នៃអង្គការការពារសិទ្ធិមានុស្សអាដហុក បានឲ្យដឹងថា នៅថ្ងៃពុធនេះ លោកស្រី នឹងចុះទៅកន្លែងកើតហេតុ ដើម្បីចូលរួមអន្តរាគមន៍ ជួយផ្នែកផ្លូវច្បាប់ ដល់គ្រួសារក្មេងស្រីរងគ្រោះ។ លោកស្រីបានបញ្ជាក់ថា៖«យើងនឹងផ្តល់មេធាវី ជួយដល់សាច់ញាតិក្មេងស្រីរងគ្រោះ និងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណា ដើម្បីជំរុញឲ្យជនសង្ស័យត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់»៕

