លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ។
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង នៅទីស្នាក់ការក្រសួងការងារ កាលពីថ្ងៃទី ២០ ខែមេសា ហើយផែនការបណ្តុះបណ្តាលកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការការងារទាំងនៅកម្ពុជា និងនៅកូរ៉េនេះ គឺត្រូវធ្វើឡើងតាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។
គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជានេះ ចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ដែលគ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។
គម្រោងនេះ ក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដូចជាការបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ ការធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។
ជាមួយគ្នានេះ លោក ហេង សួរ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សនិងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េ ដែលត្រូវការកម្លាំងពលកម្ម មានជំនាញនិងសមត្ថភាពផងដែរ។
ចំណែកលោកស្រី CHOI Moon Jung បានសម្តែងការរីករាយចំពោះសមិទ្ធផលនៃការចុះហត្ថលេខាសម្រាប់ចូលរួមអភិវឌ្ឍន៍ជំនាញដល់សិស្សនៅកម្ពុជានេះ ដែលមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសការងារនៅក្រៅប្រទេសផងដែរ។
លោកស្រី បញ្ជាក់ថា នេះជាបេសកកម្មចុងក្រោយដ៏សំខាន់ និងកក់ក្តៅបំផុតមួយរបស់លោកស្រី ព្រោះលោកស្រី នឹងត្រូវបញ្ចប់ការងារនៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះហើយ។ យ៉ាងណាក៏ដោយ លោកស្រី CHOI Moon Jung ជឿជាក់ថា ប្រទេសកម្ពុជានឹងនៅតែបន្តការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នឹងកាន់តែជិតស្និទ្ធថែមទៀត។
ជាមួយគ្នានេះ លោក ហេង សួរ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី CHOI Moon Jung ដែលបានបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា នាពេលកន្លងមក រួមទាំងសមិទ្ធផលចុងក្រោយនេះ ជាពិសេសជួយធ្វើឱ្យ KOICA បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងផ្សេងៗ មិនត្រឹមតែជាមួយក្រសួងការងារប៉ុណ្ណោះទេ ហើយនេះជាការរួមចំណែកដ៏មានន័យចំពោះការអភិវឌ្ឍរបស់កម្ពុជា។
ចំពោះការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា”នេះ លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ នឹងបន្តអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងរង់ចាំស្វាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង KOICA នាពេលអនាគតបន្តទៀត៕


