ភ្នំពេញៈ វគ្គសិក្សាពិសេស ដែលមានគោលដៅការពារ និងហាមឃាត់ការប្រើប្រាស់សារធាតុញៀន ឬប្រើប្រាស់សារធាតុប៉ូវកម្លាំង ក្នុងការប្រកួតកីឡា ត្រូវបានបើកវគ្គនៅខេត្តកំពង់ឆ្នាំង ដល់មន្ត្រីកីឡា ចំណុះឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងចំនួន ៧២ នាក់ កាលពីព្រឹកថ្ងៃអង្គារ ក្រោមអធិបតីភាពលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក សំ សុខយី នាយករងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នឹងគ្រោងបិទនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦។
លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា៖ «វគ្គសិក្សាមួយនេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡាដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាអង្គភាពអនុវត្តគម្រោង ហើយវគ្គបែបនេះ យើងបានបើកវគ្គចំនួន ១៤ លើកតាមបណ្តាខេត្តរួចហើយ ហើយសម្រាប់ឆ្នាំ ២០១៦ នេះ គឺនៅសល់គម្រោងចំនួនពីរទៀត ដែលគ្រោងនឹងផ្តល់ជូនមន្ត្រីកីឡាខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់»។
លោក សំ សុខយី បានឲ្យដឹងថា៖ «វាគ្មិនចំនួន ៤ រូប ដែលត្រូវធ្វើបទឧទ្ទេសនាមក្នុងវគ្គនេះរួមមាន លោក កែវ សារ៉េត នាយកសាលាបាល់ទាត់ជាតិបាទី លោក វេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ិត ឡេង មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងរូបខ្ញុំផ្ទាល់»។
លោកបន្តថា វគ្គសិក្សានេះជាវិធីទប់ស្កាត់ការពារប្រឆាំងសារធាតុដូប៉ា ក្នុងកីឡា គឺមានន័យថា ប្រឆាំងនឹងការប្រើប្រាស់សារធាតុលើកកម្លាំងក្នុងកីឡា ដែលច្បាប់បានហាមឃាត់ ព្រោះនៅលើពិភពលោក គ្រប់ការប្រកួតត្រូវបានពិនិត្យរកពីសារធាតុញៀនជាមុន ហើយបើក្រោយការប្រកួតត្រូវបានរកឃើញនោះ នឹងដកយកមេដាយវិញ។
លោកថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៧២ នាក់ (ស្រី ២ នាក់) ដែលពួកគេជាប្រធាន អនុប្រធានការិយាល័យអប់រំកាយ និងកីឡានិងមន្ត្រីការិយាល័យអប់រំកាយ និង កីឡាក្រុង-ស្រុក នាយក នាយករងសាលា និងគ្រូអប់រំកាយ និងកីឡា នៅទូទាំងខេត្តកំពង់ឆ្នាំង។
លោក ស្តើង ជា បានពន្យល់ថា៖ «អនុសញ្ញាអន្តរជាតិប្រឆាំងការប្រើ ប្រាស់ ដូប៉ា និងអនុសញ្ញាអន្តរជាតិស្ដីពីការអប់រំកាយ និងកីឡា នៅលើពិភពលោក គឺមានភាពរឹងមាំ និងយកចិត្តទុកដាក់ខ្លាំង ដោយសារតែធនធានប្រទេសគេជឿនលឿនជាងយើង ហើយសូម្បីរបបចំណីអាហារ ក៏ត្រូវបានថ្លឹង និងកំណត់ឲ្យអត្តពលិកម្នាក់ៗបានត្រឹមត្រូវដែរ»។
ជាមួយគ្នានេះ លោកស្តើង ជា បានផ្តោតអប់រំទៅលើវិធីបង្ការបួសក្នុងកីឡា ការគ្រប់គ្រង លទ្ធផល និងការសង្គ្រោះបឋមផងដែរដល់សិក្ខាកាម៕


