
ភ្នំពេញៈ ដំណើរការប្រកួតស្វែងរកក្រុមជើងឯកបាល់ទះ នៅតាមខេត្តក្រុងទាំង៨នៃព្រឹត្តិការណ៍ប្រកួតបាល់ទះសិស្សវិទ្យាល័យ ពានរង្វាន់ស្ពនស័រ លើកទី១ ប្រចាំឆ្នាំ២០១៤ ជិតនឹងបញ្ចប់ហើយ ព្រោះបើគិតមកដល់ពេលនេះព្រឹត្តិការណ៍ដ៏ធំមួយនេះបានរកឃើញ បេក្ខភាពត្រូវឡើងមកប្រកួតនៅភ្នំពេញ ក្នុងវគ្គ៨ក្រុមដំណាក់កាលផ្តាច់ព្រ័ត្រ ចំនួន៦ក្រុមហើយ។
នៅក្នុងការប្រកួត ដែលកំណត់យកក្រុមឈ្នះចំនួន១ ក្នុងខេត្តក្រុងនីមួយៗ ឡើងប្រកួតវគ្គ៨ក្រុម នៅភ្នំពេញ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ក្រុមវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី បានក្លាយជាម្ចាស់ជើងឯកប្រចាំនៅរាជធានីភ្នំពេញ បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមវិទ្យាល័យឥន្ទ្រទេវី ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីលាន Beeline Arena កាលពីថ្ងៃទី២២ ខែមេសានោះ រីឯការប្រកួតជម្រុះប្រចាំនៅខេត្តកំពង់ចាម ដែលបានបញ្ចប់កាលពីថ្ងៃទី២៥ ខែមេសា ក្រុមវិទ្យាល័យព្រះសីហនុ បានយកឈ្នះក្រុមវិទ្យាល័យស្ទឹងត្រង់ ជាមួយគ្រាប់បាល់ ២៥-២១ ២៥-១១ និង ២៥-១៧ ដើម្បីក្លាយជាជើងឯកប្រចាំខេត្តនេះ។
ចំណែកក្រុមវិ. សម្ដេចតេជោហ៊ុនសែនសួង បានប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមវិទ្យាល័យហ៊ុនសែនអូររាំងឪ ៣-០ ជាមួយគ្រាប់បាល់ ២៥-១០ ២៥-១៦ និង ២៥-២០ នៅលើទីលានសាលារៀនរបស់ខ្លួន ដើម្បីឈ្នះកៅអីឡើងទៅប្រកួតបន្ត តំណាងឲ្យខេត្តត្បូងឃ្មុំ ខណៈក្រុមម្ចាស់ផ្ទះវិ.អង្គរ បានយកឈ្នះលើក្រុមវិទ្យាល័យសម្តេចឪ ជាមួយគ្រាប់បាល់ ២៥-១៨ ២៥-១៧ និង ២៥-២០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៣០ ខែមេសា ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំនៅខេត្តសៀមរាប។
យ៉ាងណា មិញ ក្រុមវិទ្យាល័យហ៊ុនសែនមង្គលបូរី បានក្លាយជាម្ចាស់ជើងឯកប្រចាំខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមវិ.អូរអំបិល ៣-១ ជាមួយគ្រាប់បាល់ ២៥-១៣ ២៥-១៨ ១៦-២៥ និង ២៦-២៤ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅលើទីលានវិ.សម្តេចឪ កាលពីថ្ងៃទី៣ ខែឧសភា នោះ។
ចំពោះការប្រកួត ជម្រុះប្រចាំខេត្តបាត់ដំបង ដែលបានបញ្ចប់កាលពីថ្ងៃពុធ និងមាន៨វិទ្យាល័យចូលរួមនោះ ក្រុមម្ចាស់ទីលាន គឺវិទ្យាល័យនេតយ៉ង់ បានឡើងទៅជួបគ្នាក្រុមវិទ្យាល័យព្រះមុនីវង្ស នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្នុងការប្រកួតដណ្តើមកៅអីឡើងទៅវគ្គបន្ត ដែលមានមហាជន ជាពិសេសសិស្សានុសិស្សចូលរួមរាប់ទស្សនាស្ទើរតែរកកន្លែងឈរមិន បាននោះ ក្រុមវិទ្យាល័យព្រះមុនីវង្ស បានលត់ក្រុមវិទ្យាល័យនេតយ៉ង់ ៣សិតដាច់តែម្តង ជាមួយគ្រាប់បាល់ ២៥-១៧ ២៥-៩ និង ២៥-១៤ ដើម្បីក្លាយជាបេក្ខភាពទី៦ ដែលត្រូវទៅប្រកួតបន្តនៅវគ្គ៨ក្រុម។
ដោយឡែកចំពោះការប្រកួត ជម្រុះមណ្ឌលខេត្តស្វាយរៀង នឹងបើកការប្រកួតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងបញ្ចប់ការប្រកួតនៅថ្ងៃសុកខានស្អែក ហើយការប្រកួតដែលធ្វើនៅលើទីលានវិ.ស្វាយរៀងនេះ មានក្រុមតំណាងឲ្យវិទ្យាល័យចំនួន៨បានចូលរួម ក្នុងនោះមានក្រុមវិទ្យាល័យស្វាយជ្រំ វិ.ស្វាយរៀង វិ.ប្រសូត្រ វិ.ដូនស វិ.ស្វាយរំពារ វិ.កំពង់រោរ៍ វិ.ជីភូ និងវិទ្យាល័យចេក៕


