ក្រុងប៉ារីស: កីឡាករ Chris Froome ដែលកំពុងតែមានពិន្ទុនាំមុខក្នុងការប្រណាំងកង់ Tour de France និងមិត្តរួមក្រុម Sky របស់គេ កំពុងតែសម្លឹងមើលទៅលើជ័យជម្នះក្នុងការប្រណាំងលើថិរវេលានៅថ្ងៃពុធនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការនាំមុខរបស់គេលើកីឡាករសំខាន់ៗដែលដាក់ក្តីសង្ឃឹមតែទៅលើផែនការជ័យជម្នះពិន្ទុរួមរបស់ពួកគេ។
Froome បានធ្លាក់ចូលក្រោមការគំរាមមួយនៅក្នុងការប្រណាំងលើដំណាក់កាលទី៩ដ៏រន្ធត់មួយកាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករ Alejandro Valverde និង Alberto Contador បានរួមកម្លាំងគ្នាក្នុងកិច្ចខិតខំព្យាយាមដើម្បីកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Team Sky។
ការខិតខំនេះ បានធ្វើឲ្យ Valverde ដែលបានចាប់ផ្តើមការប្រណាំងក្នុងព្រឹត្តិការណ៍លើកទី១០០មួយនេះដោយមានសង្ឃឹមច្រើនទៅលើការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥នោះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២លើតារាងពិន្ទុរួមដោយដេញតាមពីក្រោយ Froome ១នាទី និង២៥វិនាទី ហើយពិសេសជាងនេះទៅទៀតគេបានប្រកាសពីចំណុចខ្សោយមួយនៅក្នុងក្រុម Sky។
Richie Porte ដែលជាកីឡាករដ៏សំខាន់ក្នុងការជួយ Froome លើដំណាក់ប្រណាំងឡើងភ្នំនោះ បានក្លាយជាជនរងគ្រោះម្នាក់ក្នុងគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ ហើយបច្ចុប្បន្ន ស្ទើរតែធ្លាក់ចេញពីការប្រជែងសម្រាប់កៅអី១ក្នុងចំណាត់ថ្នាក់កំពូលទាំងបីទៅហើយ។
Porte កំពុងតែមានក្តីសង្ឃឹមថា Froome អាចជួយរក្សាចំណាត់ថ្នាក់ដ៏ខ្ពស់របស់គេក៏ដូចជាជួយឲ្យក្រុម Sky កាន់តែមានពិន្ទុនាំមុខ តាមរយៈការប្រើថិរវេលាឲ្យល្អប្រសើរជាងគូប្រជែងរបស់គេក្នុងការប្រណាំងលើថិរវេលាក្នុងរយៈចម្ងាយ៣៣គីឡូម៉ែត្រនៅថ្ងៃពុធនេះ ដោយចេញដំណើរពីតំបន់ Avranches ទៅកាន់ភ្នំ Mont Saint Michel។
កីឡាករប្រណាំងកង់សញ្ជាតិអូស្ត្រាលីរូបបាននិយាយប្រាប់ឲ្យដឹងថា៖«ក្តីសង្ឃឹមរបស់ខ្ញុំគឺថា ការប្រណាំងមួយនេះនឹងជួយឲ្យមានការគ្រប់គ្រងបន្ថែមទៀត ហើយវានឹងកាន់តែងាយស្រួល ក្រោយពីការប្រណាំងលើថិរវេលាមួយនេះ»៕ IS

