របាយការណ៍ស៊ើបអង្កេតថ្មីមួយពីអង្គការសាក្សីអាហ្វហ្គានីស្ថាន (AW) បានចោទប្រកាន់មេដឹកនាំតាលីបង់ថា បានប្រហារជីវិតអ្នកប្រឆាំង ២៧ នាក់ នៅក្នុងមន្ទីរឃុំឃាំង ក្នុងអំឡុងពេលប្រតិបត្តិការយោធា កាលពីខែមុន ក្នុងខេត្ត Panjshir ភាគខាងជើង ដែលពោរពេញដោយភាពវឹកវរ។
ការរកឃើញរបស់អង្គការ AW ដែលចេញផ្សាយកាលពីថ្ងៃអង្គារនេះ ផ្ទុយទៅនឹងការអះអាងរបស់ពួកតាលីបង់ កាលពីលើកមុនដែលថា ការប៉ះទង្គិចគ្នាក្នុងសមរភូមិ បានសម្លាប់បុរសទាំងនោះ។ AW អះអាងថា ជនរងគ្រោះដែលត្រូវបានពួកតាលីបង់ប្រហារជីវិត មានទំនាក់ទំនងជាមួយរណសិរ្សតស៊ូជាតិ (NRF) ដែលបានតស៊ូប្រឆាំងប្រដាប់អាវុធនឹងពួកតាលីបង់ ចាប់តាំងពីក្រុមនេះ ឡើងកាន់កាប់អាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន។
អ្នកស្រាវជ្រាវ AW បានវិភាគលើវីដេអូ និងរូបថត ដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមរាប់សិប និងភ័ស្តុតាងជាក់លាក់ផ្សេងទៀត ដើម្បីភ្ជាប់ទំនាក់ទំនងក្រុមអ្នកប្រយុទ្ធតាលីបង់ទៅនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការលើមនុស្សទាំងអស់ និងការប្រហារជីវិតឆៅលើបុរសទាំង ២៧ នាក់។ ទន្ទឹមនឹងនេះ របាយការណ៍របស់ AW បង្ហាញថា មនុស្ស ៣០ នាក់ផ្សេងទៀត ស្លាប់ក្នុងការវាយលុករបស់ពួកតាលីបង់ នៅខេត្ត Panjshir ដែលធ្វើឱ្យជនរងគ្រោះសរុបកើនដល់ ៥៧ នាក់។
របាយការណ៍សង្ខេបរបស់ AW អះអាងថា ការចោទប្រកាន់លើការប្រហារជីវិតមានតាំងពីពាក់កណ្តាលខែកញ្ញា នៅពេលពួកតាលីបង់បានប្រកាស ក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ពួកឧទ្ទាមប្រដាប់អាវុធចំនួន ៤០ នាក់ និងចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ១០០ នាក់ផ្សេងទៀត ក្នុង «ប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំ» នៅក្នុងតំបន់ភ្នំនៃខេត្ត Panjshir។ ប៉ុន្តែមន្ត្រី NRF នាពេលនោះ បានបញ្ជាក់ថា យុទ្ធជនរបស់ខ្លួនតែ ៨ នាក់ទេ ដែលត្រូវបានសម្លាប់ ហើយការអះអាងរបស់ពួកតាលីបង់ គឺថាជាការបំប៉ោង។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងកម្លាំង NRF ដែលដឹកនាំដោយលោក Ahmad Massoud មេដឹកនាំជនជាតិ Tajik បានអះអាងជារឿយៗអំពីការវាយប្រហារដោយទ័ពព្រៃ ប្រឆាំងនឹងកងកម្លាំងតាលីបង់ ដែលភាគច្រើននៅក្នុង និងជុំវិញនៃខេត្ត Panjshir ភាគខាងជើងនៃរដ្ឋធានីកាប៊ុល។ ខណៈគេមើលឃើញថា ក្រុមជ្រុលនិយម ISIS-K គឺជាការគំរាមកំហែងសន្តិសុខដ៏ធំ សម្រាប់តាលីបង់ មានការលើកឡើងថា NRF អាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ថ្មីរបស់តាលីបង់។
ប្រធានអង្គការ AW លោក David Osborn បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ការរកឃើញរបស់ខ្លួននេះផ្តល់នូវឧទាហរណ៍ច្បាស់លាស់បំផុតថា ពួកតាលីបង់កំពុងអនុវត្តប្រតិបត្តិការបោសសម្អាតនៃក្រុមអ្នកប្រយុទ្ធ NRF។
ជុំវិញរបាយការណ៍ថ្មីនេះ តាលីបង់មិនទាន់ចេញមុខប្រតិកម្មយ៉ាងណានោះទេ។ ប៉ុន្តែក្រុមជ្រុលនិយម ១ នេះ កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិ ជុំវិញការមិនបានគ្រប់គ្រងអាហ្វហ្គានីស្ថានតាមរយៈប្រព័ន្ធនយោបាយចម្រុះ និងជុំវិញការរឹតត្បិតសិទ្ធិស្ត្រី ក្នុងការធ្វើការ និងការទទួលបានការអប់រំ។ មកទល់ពេលនេះ មិនទាន់មានរដ្ឋាភិបាលបរទេសណាមួយ ទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលតាលីបង់នៅឡើយទេ៕
វីដេអូ៖


