កំពង់ធំៈ ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ១៤ ក្នុងចំណោម ១៨ហិកតា ដែលរងការកាប់ទន្ទ្រាន នៅតំបន់អូរចម្លងតៃ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ត្រូវបានដកហូត និង ៤ហិកតាកំពុងស្ថិតក្នុងនិតីវិធីទៅតុលាការ ខណៈដែលអាជ្ញាធរកំពុងបន្តស្វែងរកជនល្មើស ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ដីព្រៃឈើបម្រុងទុករបស់រដ្ឋនៅក្នុងតំបន់អូរចម្លងតៃ ត្រូវបានរងការកាប់ទន្ទ្រានប្រមាណ ១៨ ហិកតា។ ក្នុងនោះផ្ទៃដីប្រមាណ ១៤ ហិកតា ត្រូវបានរងការលួចកាប់ទន្ទ្រាន និងដាំដើមស្វាយចន្ទីអស់រយៈពេលប្រមាណជាង ២ ឆ្នាំកន្លងមកហើយ ។ ផ្ទៃដីចំនួន ១៤ ហិកតានេះ បានប្ដឹងទៅតុលាការនិងបានចេញដីកាដកហូតរួចហើយ។ ដោយឡែកផ្ទៃដីដែលរងការកាប់ទន្ទ្រានព្រៃឈើថ្មីចំនួន ៤ ហិកតា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់បន្ថែមទៀត។ នេះបើយោងតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (Royal Cambodian Army) នាថ្ងៃអង្គារទី ២៣ ខែមិថុនានេះ។
ដោយទទួលបានបទបញ្ជាពីអភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយសមត្ថកច្ចជំនាញរដ្ឋបាលព្រៃឈើចុះទៅពិនិត្យស្ថានភាពកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋនេះ។
ឧត្តមសេនីយ៍ទោ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើដោយក្រុមជនល្មើសលួចកាប់ទន្ទ្រាន ដោយគ្មានការសោកស្ដាយ និងដោយមិនមានការខ្លាចរអែងចំពោះមុខច្បាប់ឡើយ ទោះបីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ រួមជាមួយកងកម្លាំងកម្រុះប្រចាំការនៅទីបញ្ជាការស្រាលនីមួយៗបានណែនាំ និងផ្សព្វផ្សាយរួចហើយក្តី។ ជាមួយនោះដែរមេខ្លោងកាប់ទន្ទ្រានព្រៃឈើនៅតំបន់អូរតាលោកដែលនៅជិតនោះ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសរួចហើយក៍ដោយ ក៏ក្រុមជនល្មើសនៅតែប្រព្រឹត្តិមិនរៀងចាល។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបន្តថា ការកាប់ទន្ទ្រានព្រៃឈើចំនួន ១៤ ហិកតា គឺបានកើតឡើងជាងពីរឆ្នាំកន្លងទៅហើយ គឺនៅមុនពេលដែលកងកម្លាំងចម្រុះរបស់ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិចេញធ្វើសកម្មភាព។ ដោយឡែកការកាប់ទន្ទ្រានចំនួន៤ ហិតាថ្មីនេះ ជារបៀបកាប់ពង្រីកក្បាលចំការ និងធ្វើជារៀងរាល់ឆ្នាំ។ ហេតុនេះ លោកបានសំណូមពរសមត្ថកិច្ចជំនាញត្រូវតែវែករកមុខសញ្ញា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ក៏បានបោះស្លាកសញ្ញាហាមឃាត់ ដើម្បីបង្ហាញថា ដីដែលបានកាប់ទន្ទ្រាននៅតំបន់អូរចម្លងតៃ ដែលជាដីបម្រុងទុករបស់រដ្ឋនោះ ត្រូវបានប្ដឹងទៅតុលាការរួចហើយ និងបានសំណូមពរដល់ប្រជាពលរដ្ឋផ្សេងទៀតមេត្តាកុំចូលកាប់ទន្ទ្រានព្រៃឈើបម្រុងទុករបស់រដ្ឋបន្តទៅទៀត ដែលនាំឲ្យមានទុក្ខទោសដល់ខ្លួន និងលំបាកដល់ក្រុមគ្រួសារ៕

