ក្រុងប៉េកាំងៈ ប្រទេសចិននឹងសាកល្បងតភ្ជាប់ផ្សារហ៊ុនក្រុងហ្សិនចិន (Shenzhen) និងផ្សារហ៊ុនក្រុងហុងកុង ដោយចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់វិស័យហិរញ្ញវត្ថុរបស់ខ្លួន។ នេះបើយោងតាមរដ្ឋាភិបាលចិនកាលពីថ្ងៃព្រហស្បតិ៍។
វិធានការនេះអនុវត្តតាមគម្រោងស្រដៀងគ្នាមួយដែលត្រូវបានធ្វើឡើងរវាងផ្សារហ៊ុនក្រុងស៊ាងហៃ និងផ្សារហ៊ុនក្រុងហុងកុង ដែលបានដាក់ដំណើរការកាលពី ខែវិច្ឆិកា ដែលក្រុមមន្ត្រីបានអះអាងថា ជាការបើកចំហផ្សារហ៊ុនបិទជិតរបស់ចិនទៅកាន់ពិភពលោកខាងក្រៅ។
កម្មវិធីរបស់ផ្សារហ៊ុនក្រុងហ្សិនចិន នឹងដាក់ដំណើរការនៅក្នុងពេលវេលាសមស្របមួយ។ នេះបើយោងតាមរបាយការណ៍ការងាររបស់លោកនាយករដ្ឋមន្ត្រី លី កេឈាង ដែលត្រូវបញ្ជូននៅកាន់សម័យប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិន ដែលជាស្ថាប័ននីតិប្បញ្ញត្តិគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន។
ការបង្កើតកម្មវិធីជួញដូររវាងផ្សារហ៊ុនក្រុងហុងកុង និងផ្សារហ៊ុនក្រុងស៊ាងហៃ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយឆ្ពោះទៅរកការធ្វើសេរីភាវូបនីយកម្មកាន់តែខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោកមួយនេះ។
ប៉ុន្តែកម្មវិធីនេះ នឹងត្រូវកំណត់យ៉ាងតឹងរ៉ឹងដើម្បីរក្សាការគ្រប់គ្រងមូលធននៅប្រទេសចិន ដែលអាជ្ញាធរកុម្មុយនីស្តចិន កំពុងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើរូបិយប័ណ្ណប្រាក់យន់ ហើយបានបង្កើតចំណាប់អារម្មណ៍តិចតួចប៉ុណ្ណោះចំពោះអតិថិជនបរទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមកបានឲ្យដឹងថា ការរៀបចំនេះ នឹងផ្តល់លទ្ធភាពឲ្យក្រុមវិនិយោគិនបរទេសចូលក្នុងក្រុមហ៊ុនឯកជនសំខាន់ៗរបស់ចិនក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងសុខាភិបាល តាមរយៈការរៀបចំនេះ។
ប៉ុន្តែបើតាមគេហទំព័ររបស់ផ្សារហ៊ុននៅប្រទេសចិនវិញ រហូតមកទល់ពេលនេះ ការជួញដូរមានតិចតួចប៉ុណ្ណោះ ពោលគឺប្រមាណជាង ១ ភាគ ៣ នៃកូតា ដែលបានបែងចែកសម្រាប់ឲ្យជនបរទេសទិញនៅផ្សារហ៊ុនក្រុងស៊ាងហៃ ខណៈការទិញភាគហ៊ុនពីផ្សារហ៊ុនក្រុងហុងកុង ពីសំណាក់វិនិយោគិនចិន វិញមានប្រមាណ ១០ ភាគរយប៉ុណ្ណោះនៃបរិមាណដែលបានអនុញ្ញាតឲ្យពួកគេទិញ៕


