ក្រុងតូក្យូៈ កាលពីថ្ងៃព្រហស្បតិ៍ ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃដល់តម្លៃទាបបំផុតថ្មីមួយក្នុងរយៈពេល ១១ឆ្នាំ ធៀបនឹងប្រាក់ដុល្លារ ខណៈក្រុមវិនិយោគិនរង់ចាំមើលធនាគារកណ្តាលអឺរ៉ុប (ECB) ប្រកាសព័ត៌មានលម្អិតស្តីពីកម្មវិធីទិញមូលបត្របំណុលរបស់ខ្លួន។
រូបិយប័ណ្ណរួមមួយនេះត្រូវបានជួញដូរក្នុងតម្លៃ ១,១០៥៥ ដុល្លារនៅទីក្រុងតូក្យូ និងមានតម្លៃ ១,១០៨០ ដុល្លារកាលពីល្ងាចថ្ងៃពុធនៅ ទីក្រុងញូវយ៉ក ដែលជាតម្លៃទាបបំផុតគិតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០០៣ មក។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធ្វើសេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ លោក Mario Draghi ទេសាភិបាលធនាគារកណ្តាលអឺរ៉ុបបានប្រកាសពីព័ត៌មានលម្អិតស្តីពីផែនការគោលនយោបាយផ្គត់ផ្គង់ថវិកាបន្ថែមចំនួន ១,១ ពាន់ពាន់លានអឺរ៉ូ ដែលនឹងត្រូវដំណើរការនៅក្នុងខែនេះដើម្បីលុបបំបាត់បរិត្តផរណា។
ជំហររបស់ធនាគារកណ្តាលអឺរ៉ុប ផ្ទុយគ្នាទៅនឹងផែនការរបស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកដែលបានចាកចេញពីកម្មវិធីជំនួយសម្រាប់គ្រាមានវិបត្តិនេះ ដោយបានបញ្ចប់ផែនការទិញទ្រព្យសកម្មរបស់ខ្លួនកាលពីខែតុលា។ បច្ចុប្បន្នធនាគារកណ្តាលរបស់អាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ។
ប្រាក់ដុល្លារមានតម្លៃស្មើនឹង ១១៩,៨៥ យ៉េន និងមានតម្លៃ ១១៩,៧០ យ៉េនកាលពីល្ងាចថ្ងៃពុធនៅ ទីក្រុងញូវយ៉ក។
ប្រាក់យន់របស់ប្រទេសចិនបានកើនឡើងដល់ ៦,២៦៨១ យន់ បើធៀបនឹងប្រាក់ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ និងមានតម្លៃ ៦,២៧១៩ យន់កាលពីថ្ងៃពុធ៕


